សមាជិកសភាសហរដ្ឋអាមេរិកបានសម្តែងនូវប្រតិកម្មចម្រុះចំពោះសន្ទរកថាស្តីពីស្ថានភាពសហព័ន្ធរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយមានការផ្តោតការយកចិត្តទុកដាក់ពិសេសលើគោលនយោបាយសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី និងការចរចាអន្តរជាតិដែលកំពុងបន្តមានឡើងស្តីពីកម្មវិធីនុយក្លែអ៊ែររបស់អ៊ីរ៉ង់។
បន្ទាប់ពីសន្ទរកថាកាលពីយប់ថ្ងៃអង្គារនៅវិមានរដ្ឋសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកស្រី Nancy Pelosi មេដឹកនាំសំឡេងភាគតិចរបស់សភាតំណាងរាស្រ្ត បានហៅសន្ទរកថារបស់លោកប្រធានាធិបតីអូបាម៉ាថា «ជាទស្សនៈនៃឱកាសនិងវិបុលភាពដ៏ឥទ្ធិពលមួយ» សម្រាប់ក្រុមគ្រួសារអាមេរិកាំងហើយផ្តោតលើផែនការរបស់លោកដើម្បីជួយពលរដ្ឋវណ្ណៈកណ្តាល។
ក៏ប៉ុន្តែក្រុមគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភា ដែលទទួលបានសំឡេងភាគច្រើននៅឆ្នាំនេះ បានចោទសួរថា តើលោកប្រធានាធិបតីនឹងផ្តល់ថវិការដល់កិច្ចផ្តួចផ្តើមទាំងនោះយ៉ាងដូចម្តេច។
លោក Cory Gardner សមាជិកព្រឹទ្ធសភាបានសម្តែងនូវការជំទាស់ប្រឆាំងពីការបង្កើនប្រាក់តាមរយៈការយកពន្ធដារថ្មី។
សមាជិកព្រឹទ្ធសភា Cory Gardner មានប្រសាសន៍ថា៖ »លោកប្រធានាធិបតីបានកាន់អំនាចអស់រយៈពេល៦ឆ្នាំ ហើយស្ថានភាពកាន់តែអាក្រក់ឡើងៗ នៅពេលដែលពលរដ្ឋធ្វើការកាន់តែលំបាកទៅៗជារៀងរាល់ថ្ងៃដើម្បីព្យាយាមរស់ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងត្រូវតែប្រាកដថា យើងនឹងមិនបង្កើនពន្ធដារលើក្រុមគ្រួសារអាមេរិកាំងដែលខិតខំធ្វើការងារលំបាក លើអ្នកបង្កើតការងារនោះទេ ហើយជាអកុសលវាហាក់ដូចជាស្ថិតនៅក្នុងផែនការតែមួយគត់របស់លោកប្រធានាធិបតី។»
ស្តីពីប្រទេសអ៊ីរ៉ង់ លោកអូបាម៉ាបាននិយាយថាការដាក់ទណ្ឌកម្មថ្មីនឹងធ្វើឲ្យការចរចានឹងបរាជ័យ ក៏ប៉ុន្តែសមាជិកសភាខ្លះកំពុងជំរុញឲ្យមានការដាក់សំពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។
សមាជិកព្រឹទ្ធសភា Gardner បាននិយាយបន្តទៀតថា កិច្ចខំប្រឹងប្រែងនៅពេលបច្ចុប្បន្ននេះបានផ្តល់សម្បទានច្រើនហួសដល់ប្រទេសអ៊ីរ៉ង់ ខណៈដែលមិនបានទទួលមកវិញមិនលុ្មមគ្រប់គ្រាន់។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ Eliot Engel ក៏ចង់ឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
សមាជិកព្រឹទ្ធសភា Eliot Engel មានប្រសាសន៍ថា៖ «ខ្ញុំបានគិត ហើយនៅតែគិតទៀតថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបាននាំអ៊ីរ៉ង់ឲ្យមកកាន់តុចរចា ហើយការដាក់ទណ្ឌកម្មបន្ថែមទៀត អាចបង្ខំឲ្យអ៊ីរ៉ង់ធ្វើការចរចាដោយមានភាពស្មោះត្រង់កាន់តែប្រសើរឡើង៕