ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ បដិវត្តន៍​ពណ៌​អាច​នឹង​ផ្ទុះ​ឡើង​នៅ​កម្ពុជា​ បើ​គ្មាន​វិធានការ​កាត់​បន្ថយ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម


រូបឯកសារ៖ អ្នកគាំទ្រ​អង្គការ​សិទ្ធិមនុស្ស​ត្រូវបាន​បង្ខំឲ្យ​ដើរ​ទៅ​មុខ ដោយ​ក្រុម​ប៉ូលិស​សន្តិសុខ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​ដើរ​ហែរ​ក្បួនប្រឆាំង​នឹង​ការ​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​ នៅ​ក្បែរ​គុកព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦។

នៅ​កម្ពុជា​ ក្រុម​មេដឹកនាំ​កម្ពុជា​ មាន​ទាំង​យោធា​ និង​តំណាង​រាស្ត្រ​ផង តែង​តែ​​លើក​ឡើង​ពី​ការ​ត្រៀម​ទប់​ស្កាត់​សកម្ម​ភាព​​នានា​ដែល​អាច​ឈាន​ទៅ​ដល់​បដិវត្តន៍​ពណ៌​នេះ ទោះបីជា​ក្រុម​អ្នក​វិភាគ​ផ្ដល់​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​ចលនា​បដិវត្តន៍​មួយ​នេះ​ក៏​ដោយ។

អ្នក​វិភាគ​មួយ​ចំនួន ​មិនទាន់​មាន​ចម្លើយ​ច្បាស់​លាស់​ទៅ​នឹង​សំណួរ​ថា​តើ​នឹង​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ដែរ​ឬទេ​ នៅ​ក្នុង​ស្ថានភាព​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

ក៏ប៉ុន្តែ​ ក្រុម​មន្ត្រី​កម្ពុជា​ មាន​ទាំង​មន្ត្រី​ថ្នាក់​ខេត្ត​ នៅ​បន្ត​បង្ហាញ​ការ​តាំងចិត្ត​វាយកម្ទេច​បណ្ដាញ​របស់​ចលនា​បដិវត្តន៍​ពណ៌។

ថ្មីៗ​នេះ​ នៅ​ឯ​ក្រុង​កំពង់ឆ្នាំង​ នៃ​ខេត្ត​កំពង់ឆ្នាំង​ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​ជាប់​បឹង​ទន្លេសាប​មួយ​នេះ​ នឹង​មិន​អាច​មើល​រំលង​បាន​ទេ​ នូវ​បដា​ធំៗ​ ដែល​មាន​សរសេរ​អក្សរ​ធំៗ​ផង​ដែរ​ថា៖

«ប្រជាជន​ខេត្ត​កំពង់​ឆ្នាំង​ប្រឆាំង​ដាច់​ខាត​ជន​ក្បត់​ជាតិ​ និង​បក្ស​ពួក​ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា»។

នេះ​គឺ​ជា​បដា​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ សម្រាប់​អបអរ​ពិធីបុណ្យទន្លេ កាលពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ។

​បដាមួយដែលនិន្នាការនយោបាយ ត្រូវបានដាក់តាំងនៅលើផ្លូវជាតិកាត់ក្រុងកំពង់ឆ្នាំង ជាប់បឹងទន្លេសាប។ (ស៊ុន ណារិន/VOA)
​បដាមួយដែលនិន្នាការនយោបាយ ត្រូវបានដាក់តាំងនៅលើផ្លូវជាតិកាត់ក្រុងកំពង់ឆ្នាំង ជាប់បឹងទន្លេសាប។ (ស៊ុន ណារិន/VOA)

ខេត្ត​កំពង់​ឆ្នាំង មិន​បាន​និយាយ​ចំ​ឈ្មោះ​បុគ្គល​ដែល​ដឹកនាំ​ចលនា​បដិវត្តន៍​ពណ៌​ដែល​បាន​បោកបក់​លើ​តំបន់​មជ្ឈិមបូព៌ា​ ផ្នែក​ខ្លះ​នៃ​អឺរ៉ុប​ខាង​កើត​ និង​តំបន់​អាហ្វ្រិក​នោះ​ទេ​ តែ​ក្រុម​មន្ត្រី​គ្រាក់ៗ នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​ដាក់​ការ​សង្ស័យ​លើ​លោក​ សម​ រង្ស៊ី​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា ​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧។

​លោក​បណ្ឌិត មាស​ នី​ អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ប្រាប់​ VOA កាលពី​ខែ​មករា​ថា​ មិន​ទាន់​មាន​ឃើញ​សញ្ញាណ​ណាមួយ​ ដែល​បង្ហាញ​ពី​ការ​ផ្ទុះ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​នោះ​ទេ។

អ្នកវិភាគ​រូប​នេះ​ មានប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​សិក្សា​ពី​រោគ​សញ្ញា​ដែល​អាច​បញ្ឆេះ​ចលនា​បដិវត្តន៍​ ដែល​លោក​យល់​ថា​ មិន​អាចចេះ​តែ​កើត​ឡើង​ដោយ​ឯកឯង​នោះ​ទេ។

«បដិវត្តន៍​ពណ៌​នេះ​ វា​មិនមែន​នៅ​ស្ងៀមៗ​ វា​កើត​ខ្លួន​ឯង​ទេ។ វា​កើត​ដោយសារ​តែ​រដ្ឋាភិបាល​ហ្នឹង​មិន​បាន​ទទួល​ខុស​ត្រូវ​ទៅលើ​យុត្តិធម៌​សង្គម​ ការ​គោរព​សិទ្ធិមនុស្ស​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ បាទ អ៊ីចឹង​ បើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា​ មាន​ការ​ព្រួយ​បារម្ភ​រឿង​ហ្នឹង​មែន​ គួរ​តែ​នាំ​គ្នា​សម្លឹងមើល​មក​វិញ​មក​ថា​ នៅ​ពេល​ដែល​យើង​តែង​តែ​និយាយ​អំពី​ការ​ព្រួយបារម្ភ​នូវ​រឿង​បដិវត្តន៍​ពណ៌​នេះ​ ក៏​ត្រូវ​តែ​មាន​ដំណោះស្រាយ​ណា​ខ្លះ​ ដែល​ត្រូវធ្វើ​ជា​បន្ត​បន្ទាប់​ ដើម្បី​ការ​ពារ​កុំ​ឲ្យ​បដិវត្តន៍​ហ្នឹង​កើត​ឡើង​ ហើយ​ការ​ការ​ពារ​បដិវត្តន៍​ពណ៌​នេះ​ គឺ​មិន​មែន​ដំណោះស្រាយ​របស់​វា​ មិនមែន​ជា​ការ​គំរាម​ មិនមែន​ជា​ការ​តាម​ដាន​ទេ»។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់​ មានប្រសាសន៍​ថា​ បដិវត្តន៍​ពណ៌​ គឺជា​ចលនា​សកល​មួយ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​តាក់​តែង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ​កើត​ការ​ព្រួយបារម្ភ។

​«អ្នកវិភាគ​ ក៏​ដូច​ជា​អ្នក​តាក់​តែង​គោលនយោបាយ​ គាត់​មាន​ការ​បារម្ភ។ អ៊ីចឹង​ ការ​បារម្ភ​ហ្នឹង​ គឺ​វា​មាន​ហេតុ​ផល ទាក់​ទង​ទៅ​នឹង​អា​ចលនា​សកល​ហ្នឹង។ ហើយ​យើង​មើល​ពី​ទិដ្ឋភាព​ជាក់​ស្ដែង​នៅ​កម្ពុជា​ ក៏​វា​គួរ​ឲ្យ​មានការ​បារម្ភ​ខ្លះ​ដែរ​ ពីព្រោះ​ថា​ អាច​នឹង​មាន​ គេ​ហៅថា​ ចលនា​មហា​ជន​ណា​មួយ​ ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ហ្នឹង​រដ្ឋាភិបាល​ហ្នឹង​ ហើយ​វា​អាច​ឈាន​ទៅ​រក​ ចលនា​មហាជន​ធំ​ កាន់តែ​ធំ​ទៅ​ៗ​ អ៊ីចឹង​អា​ហ្នឹង​ ក៏​ជា​ការ​បារម្ភ​មួយ។ ខ្ញុំ​ថា​ វា​មាន​ហេតុផល​ វា​សម​ស្រប​ទៅ​នឹង​កាលៈទេសៈ​ ដែល​ពិភពលោក​កំពុង​តែ​ជួបប្រទះ​ ក្នុងរយៈពេល​ទសវត្សរ៍​ចុង​ក្រោយ​នេះ​បាទ»។

អ្នកវិភាគ​កិច្ច​ការ​តំបន់​រូប​នេះ​ ក៏​មិន​ទាន់​ប្រាកដ​ថា​តើ​នឹង​មាន​រោគសញ្ញា​ជាក់​លាក់​ណាមួយ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្ទុះឡើង​នូវ​បដិវត្តន៍​នៅ​កម្ពុជា​ជាថ្មី​ តែលោក​បាន​ប្រមើល​ថា​ ចលនា​មហាជន​មួយ​អាច​នឹង​កើត​មាន​ឡើង​ នៅ​ពេល​មាន​វត្តមាន​អតីត​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

​លោក ​ឈាង វណ្ណារិទ្ធ ថ្លែង​បន្ថែម​ថា៖​

«ទាក់​ទង​រោគសញ្ញា​ វា​អាស្រ័យ​ទៅលើ​អ្នក​គេ​ហៅ​ថា​ វិភាគ​ ក៏​ដូច​ជា​អ្នក​វាយ​តម្លៃ​ទៅលើ​ស្ថាន​ការណ៍​ជាក់​ស្ដែង​ ហើយ​បើ​យើង​មើល​ទៅ​ឃើញ​ថា​ ចលនា​ហ្នឹង​ មហាជន​ហ្នឹង​អាច​កើត​ឡើង​ខ្លាំង​ ប្រសិន​បើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​គាត់​សម្រេច​ចូល​មក​ស្រុក​ខ្មែរ​វិញ​ ខ្ញុំ​ឧទាហរណ៍​ វា​អាច​បង្កើត​ជា​ចលនា​មហាជន​មួយ​បាទ​។ អ៊ីចឹង​ អា​ហ្នឹង​ក៏​ជា​ ការ​ព្រួយ​បារម្ភ​ ហើយ​វា​អាច​ជា​ការ​គំរាម​ទៅ​ដល់​ស្ថានការណ៍សន្តិសុខ​ នយោបាយ​នៅ​កម្ពុជា​ហ្នឹង​ដែរ។ វា​អាស្រ័យ​ទៅលើ​ អ្នក​ដឹកនាំ​នយោបាយ​ដែរ»។

រូបឯកសារ៖ កសិករខេត្តកោះកុងត្រូវបានរារាំងដោយកងសន្តិសុខ នៅពេលដែលពួកគេតវ៉ានៅក្បែរផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ កសិករខេត្តកោះកុងត្រូវបានរារាំងដោយកងសន្តិសុខ នៅពេលដែលពួកគេតវ៉ានៅក្បែរផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

រដូវ​ផ្ការីកអារ៉ាប់​ បាន​ធ្វើឲ្យ​រង្គោះ​រង្គើ​ប្រព័ន្ធ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ស្ថិត​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ និង​តំបន់​អាហ្វ្រិក ​ហើយ​រាល​ដាល​មក​ដល់​តំបន់​អឺរ៉ុប​ ដោយសារ​តំបន់​ទាំង​នោះប្រឈម​នឹងរោគសញ្ញា​នៃ​វិបត្តិ​សង្គម​និង​នយោបាយ​ធំៗ រួម​នឹង​ជម្លោះ​សាសនា​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

វិបត្តិ​ទាំងនោះ​រួមមាន​ ការ​រីក​រាល​ដាល​នៃ​ភាព​ក្រី​ក្រ​ អំពើ​ពុក​រលួយ​ គម្លាត​ទ្រព្យ​សម្បត្តិ ការ​ប្រមូល​ផ្ដុំ​អំណាច​នៅ​លើ​តែ​ថ្នាក់​កណ្ដាល​របស់​រដ្ឋាភិបាល ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​សេដ្ឋកិច្ច​ ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ ហើយ​នឹង​ការ​ស្ថិត​នៅ​ក្នុង​អំណាច​យូរ​ហួស​ហេតុ​របស់​មេដឹកនាំ។

លោក​បណ្ឌិត ​អ៊ា សុផល​ សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ​ Occidental​ រដ្ឋ​កាលីហ្វ័រញ៉ា​ និង​ជា​អ្នកវិភាគ​គោល​នយោបាយបាន​បញ្ជាក់​ VOA ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ ឬ​ Email ​កាលពី​ថ្ងៃអង្គារ​នៅ​សប្ដាហ៍​នេះ​ថា​ មិនទាន់​មាន​តម្រុយ​ណា​បង្ហាញ​ថា​ បដិវត្តន៍​នឹង​មក​ដល់​កម្ពុជា​ទេ​ តែ​ការផ្លាស់ប្ដូរ​ទៅ​វិញ​ទេ​ ដែល​កំពុង​មក​កាន់​កម្ពុជា។

លោក​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​ន័យ​ដើម​ថា៖​

«​ខ្ញុំ​គិត​ថា​ ការ​ផ្លាស់ប្ដូរ​កំពុង​មក​កាន់​កម្ពុជា។ បដិវត្តន៍​ពណ៌​គឺ​ការ​ច្នៃប្រឌិត​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ហើយខ្សែ​បណ្ដាញ​របស់​ពួកគេ​នៅ​តាម​ខេត្ត​ គឺ​គ្រាន់​តែ​ចាំ​បញ្ជា​ពី​មេ​ធំ​ប៉ុណ្ណោះ។ ពួក​គេ​គ្រាន់​តែ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ពួកគេ​បាន​ប្រាប់ ហើយ​វាត្រូវ​បាន​កែច្នៃ​ឲ្យ​ត្រូវ​ទៅ​តាម​អ្វី​ដែលមេ​កើយ​របស់​ពួក​គេ​ចង់​បាន»។

ក៏ប៉ុន្តែ​ អ្នកជំនាញការ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​ បាន​ព្រមាន​ថា​ ចលាចល​ស៊ីវិល​នឹង​កើត​ឡើង​ ប្រសិនបើ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ក្រោម​កម្មវិធី Everything But Arm ​ឬ​ «គ្រប់​មុខទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ» ​EBA ​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​របស់​សហ​រដ្ឋ​អាមេរិក​ Generalized System of Preferences​ ឬ​ GSP​ ត្រូវ​បាន​ព្យួរ​ នៅ​ចំពោះ​មុខការ​លាង​លុយ​កខ្វក់​របស់​ចិន​នៅ​កម្ពុជា។

លោក​បាន​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«ប្រសិនបើ EBA ត្រូវ​បាន​គេ​ព្យួរ​ទុក​នោះ​ GSP ​ក៏​នឹង​ត្រូវ​បាន​គេ​ព្យួរ​ទុក​ផង​ដែរ។ ហើយ​ជាមួយ​ការ​លាង​លុយ​កខ្វក់​ និង​ការ​បំពារបំពាន​របស់​ចិន​នោះ​ ចលាចល​ស៊ីវិល​អាច​នឹង​កើត​មាន​ឡើង»។

លោក​ អ៊ា សុផល​ មិន​ផ្ដល់​ការ​បញ្ជាក់​លម្អិត​អំពី​ដំណើរ​ការ​លាង​លុយ​កខ្វក់​របស់​ចិន​យ៉ាង​ណា​នោះ​ទេ​ តែ​លោក​បាន​ចង្អុល​ដល់​ការ​យក​ពន្ធ​មិន​ត្រឹម​ត្រូវ​របស់​រដ្ឋ​ទៅ​លើ​អាជីវកម្ម​កាស៊ីណូ ​របស់​ជនជាតិ​ចិន​នៅ​ក្នុង​ក្រុង​ព្រះសីហនុនៃ​ខេត្ត​ព្រះសីហនុ​ ដែល​ស្ថិត​នៅ​ទិស​និរតី​របស់​ប្រទេស​កម្ពុជា។

យ៉ាងណា​ក៏ដោយ​ចុះ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​គឺ​លោក​ ផៃ ស៊ីផាន​ មាន​ប្រសាសន៍​ថា​ ការ​រក​ស៊ី​របស់​ចិន​ គឺ​ត្រឹមត្រូវ។

«បាទ​ គាត់​មក​តាម​ស្រប​ច្បាប់​របស់​យើង។ ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ យើង​ចាប់​បញ្ជូន​ទៅ​វិញ​ ហើយ​អ្នក​វិភាគ​ហ្នឹង គ្រាន់​តែ​បញ្ចូល​បន្ថែម​នៅ​ក្នុង​បញ្ហា​នៅ​កម្ពុជា​នោះ​ទេ។ ក៏ប៉ុន្តែ​ ចំពោះ​រាជ​រដ្ឋាភិបាល​ យើង​មើល​យ៉ាង​ជិត​ស្និទ្ធ​បំផុត​ មិន​ឲ្យ​មាន​បុគ្គល​ទាំង​ឡាយ​ណា​ ទោះ​ជាតិ​ និង​បរទេស​ ដែល​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សង្គម ធ្វើ​ឲ្យ​មាន​វិបត្តិ​ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បះបោរ​ យើង​ទប់​ស្កាត់»។​

រូបឯកសារ៖ កង​កម្លាំង​សន្តិសុខ​ត្រៀម​ខ្លួនបង្រាប​បាតុកម្មមួយ នៅក្បែរ​រដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។
រូបឯកសារ៖ កង​កម្លាំង​សន្តិសុខ​ត្រៀម​ខ្លួនបង្រាប​បាតុកម្មមួយ នៅក្បែរ​រដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។

គ្រា​ដែល​អ្នកវិភាគ​ មិន​អាច​បញ្ជាក់​ចំៗ​ថា​ តើ​តម្រុយ​ណាមួយ​ ដែល​អាច​ទាញ​កម្ពុជា​ឲ្យ​ងាក​ទៅ​រក​ការ​ធ្វើ​បដិវត្តន៍​ជាថ្មី​ទៀត​នោះ​ លោក ​ផៃ ស៊ីផាន​ បាន​បញ្ចេញ​ឈ្មោះ​លោក​ សម​ រង្ស៊ី​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ជា​អ្នក​អាច​នៅ​ពី​ក្រោយ​ចលនា​បដិវត្តន៍​ពណ៌​ ដោយ​ហេតុ​ថា​ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​អំពាវនាវ​ឲ្យ​កង​ទ័ព​ បែរ​កាណុង​កាំភ្លើង​មក​រក​មេដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល​ខ្មែរ​នា​ពេល​បច្ចុប្បន្ន។

«តម្រុយ​ដែល​កើត​ឡើង​ គឺ​សម រង្ស៊ី​ អ្នក​អំពាវនាវ​ឲ្យ​កងទ័ព​ បែរ​កាណុង​ ឬ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​សម្ដេច​ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​កើត​ចេញ​ពី​ការ​បោះឆ្នោត។ ហើយ​តម្រុយ​ដែល​យើង​មើល​ឃើញ ​គាត់​អំពាវនាវ​ឲ្យ​អ្នក​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ គឺ​ថា​បះបោរ​ឡើង​ទៅ​ចាប់​នាយករដ្ឋមន្ត្រី។ អានេះ​ គឺ​ចំណុច​សំខាន់ៗ​ ដែល​យើង​មើល​ឃើញ​ ហើយ​ចំណុច​ដទៃ​ទៀត​នោះ​ យើង​មិន​អាច​និយាយជា​សាធារណៈបាន​ទេ​បាទ»។

លោក​ សម រង្ស៊ី​ ដែល​ពេល​នេះ​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួនឯង​នៅ​ឯ​ប្រទេស​បារាំង ​មិន​ឆ្លើយ​តប​សំណួរ​របស់​ VOA ​ដែល​ផ្ញើ​ជូន​លោក​តាម​សារ​អេឡិចត្រូនិក​ ឬ Email តាំង​ពី​ថ្ងៃ​អង្គារ​ ទី​២៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ រហូតមកដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

នៅ​ឯ​ខេត្ត​កំពង់​ឆ្នាំង​ឯណោះ​វិញ​ អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​មួយ​នេះ​ មិន​ត្រឹមតែ​លើក​បដា​វាយប្រហារ​ក្រុម​ក្បត់​ជាតិ​ ដែល​មិន​មាន​ឈ្មោះ​ក្នុង​ការ​ធ្វើ​បដិវត្តន៍​នោះ​ទេ​ តែ​អាជ្ញាធរ​ថែម​ទាំង​បាន​លើក​សរសើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​«រដ្ឋបុរស​ និង​មគ្គទេសក៍​ដ៏​ឆ្នើម​របស់​ប្រជាជន​កម្ពុជា»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG