អនុប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yongកំពុងរៀបចំតវ៉ានឹងដីកាចាប់ខ្លួននៅក្នុងតុលាការ ប៉ុន្តែក្រុមអ្នកវិភាគក្នុងទីក្រុងសេអ៊ូលបាននិយាយថា ប្រាក់ចំណេញនៅក្រុមហ៊ុនពហុធុរកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះទំនងជាមិនក្ស័យធននោះទេ ប្រសិនបើអ្នកស្នងមរតករបស់ក្រុមហ៊ុននេះត្រូវបានកំណត់។
លោក Kim Yong-Goo អ្នកវិភាគនៅក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុ ហាណា (Hana Financial Investment) បានប្រាប់ VOA ថា៖ «ក្រុមហ៊ុន Samsung Electronics ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗក្នុងពិភពលោក។ ការសម្រេចចិត្តផ្សេងៗមិនត្រូវបានធ្វើឡើង ដោយមនុស្សតែម្នាក់នោះទេ»។
លោក Kim បានឱ្យដឹងថា ការសម្រេចចិត្តមួយចំនួនអាចនឹងត្រូវបានពន្យារពេល ហើយគម្រោងមួយចំនួនត្រូវបានផ្អាកក្នុងរយៈពេលខ្លី ប៉ុន្តែក្រុមហ៊ុន Samsung នីមួយៗសុទ្ធតែមាននាយកប្រតិបត្តិរបស់ខ្លួន ដើម្បីគ្រប់គ្រងប្រតិបត្តិការរៀងរាល់ថ្ងៃ។ បន្ថែមពីនេះទៀត លោកបាននិយាយថា លោកមិនទាន់ច្បាស់នៅឡើយទេ ដែលថាលោក Lee នឹងត្រូវចាប់ខ្លួន។
ការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច
ព្រះរាជអាជ្ញាបានចេញដីកាចាប់ខ្លួនលោក Lee ដែលជាប្រធានក្រុមហ៊ុន Samsung Groupកាលពីពាក់កណ្ដាលខែមករា ដោយចោទប្រកាន់ថា លោកបានសូកប៉ាន់មិត្តភក្តិរបស់ប្រធានាធិបតី Park Geun -hye សម្រាប់ការឡើងកាន់តំណែង ជាអ្នកស្នងមត៌កក្រុមហ៊ុនពាណិជ្ជកម្មនេះដោយរលូន។ លោកស្រី Park ក៏កំពុងរង់ចាំជោគវាសនារបស់គាត់នៅក្នុងតុលាការផងដែរ បន្ទាប់ពីមានការចោទប្រកាន់។
មានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងរួចទៅហើយ ដោយនេះជាឆ្នាំអាក្រក់មួយសម្រាប់ការនាំចេញ និងមានភាពចលាចលផ្នែកនយោបាយនាពេលបច្ចុប្បន្ន។ ប៉ុន្តែការចលាចលរបស់ក្រុមហ៊ុនធំជាងគេ និងពហុធុរកិច្ចល្បីបំផុតរបស់ប្រទេសនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការភិតភ័យកាន់តែខ្លាំង។
យោងតាមការរាយការណ៍របស់ សារព័ត៌មាន Reuters ក្រុមអ្នកបញ្ចុះបញ្ចូលអាជីវកម្ម បានចូលជួយក្រុមហ៊ុន Samsung និង លោកLee ដោយព្រមានថា សេដ្ឋកិច្ចក្នុងប្រទេសអាចនឹងធ្លាក់ចុះ ប្រសិនបើគាត់ត្រូវបានចាប់ខ្លួន។ ក្រុមហ៊ុន Samsung ប្រកាសថា ពាណិជ្ជកម្មចម្បងរបស់ខ្លួននឹងមានការប៉ះពាល់។
មានករណីគំរូនៅកូរ៉េខាងត្បូងសម្រាប់អ្នកដឹកនាំពាណិជ្ជកម្មធំៗ ក្នុងការចាកចេញតាមសម្រួល ដោយសារតួនាទីធំរបស់សាជីវកម្មរបស់ពួកគេ នៅក្នុងផ្នែកសេដ្ឋកិច្ច។ ឪពុករបស់លោក Lee ដែលជាប្រធានក្រុមហ៊ុន Samsung Electronics គឺ លោក Lee Kun-hee ត្រូវបានលើកលែងទោស បន្ទាប់ពីមានរឿងអាស្រូវផ្នែកមូលនិធិនៅឆ្នាំ២០០៨៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង