ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន៖ លោក​ ​សម រង្ស៊ី​នឹង​ត្រូវ​ចាប់​ខ្លួន​ពេល​ត្រឡប់​មក​កម្ពុជា​វិញ


រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

លោក​ ​ហ៊ុន សែន​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អ្នកវិភាគ​មួយ​ចំនួន​ដែល​ថា​ ​ការ​ដក​បម្រាម​នេះ​​ជា​អន្ទាក់​​​ចង់​ចាប់​លោក​ ​សម រង្ស៊ី។ ​លោក​ក៏​បាន​រំឭក​ពី​ការ​សន្យា​របស់​លោក​ដែល​ថា ​នឹង​កាត់​ដៃ​ស្តាំ​របស់​លោក​ចោល​ ​ប្រសិន​បើ​លោក​​ចុះ​ហត្ថលេខា​ស្នើ​ឲ្យ​មាន​ការ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ថ្លែង​ចំអក​ដល់​លោក​ ​សម រង្ស៊ី​ ​ថា​ ​នឹង​ត្រូវប្រឈម​ការ​ចាប់​ដាក់​ពន្ធនាគារ​ ​ប្រសិន​បើ​អតីត​មេ​ដឹក​នាំ​គណបក្ស​ជំទាស់​នេះ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​វិញ។​

លោក​ ​ហ៊ុន សែន​ ​ប្រកាស​ថា​ បម្រាម​ដែល​រដ្ឋា​ភិបាលហាមឃាត់​លោក​ ​សម រង្ស៊ី​ ​មិន​ឲ្យ​ចូល​កម្ពុជា​ ​គឺ​ដើម្បី​បញ្ចៀសហិង្សា ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​ជីវិត។​ ​ហើយការ​ដក​បម្រាម​នេះ​ចេញ​កាល​ពី​ថ្ងៃ​ពុធ​ ​គឺ​មិន​មែនជា​ការផ្តល់​សិទ្ធិ​ឲ្យ​លោក​ ​សម រង្ស៊ីចូល​កម្ពុជា​ដោ​យ​គ្មាន​ទោស​នោះ​ទេ។​

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​ហ៊ុន សែន​ ​ថ្លែង​ថា​ ​លោក​បាន​ឮ​លោក​ ​សម​ រង្ស៊ី​ ​និយាយ​ក្នុង​វិទ្យុ​អាស៊ី​សេរី​ ពី​បម្រាម​ហាម​ចូល​កម្ពុជា​នេះ​ ​ថា​ជា​ឧបសគ្គ​ មិនអាច​ឲ្យ​លោក​ចូល​ស្រុក​វិញ​បាន​ ​ដូច្នេះ​លោក​ ​ហ៊ុន សែន​ ​ថា​ ​លោក​សម្រេច​ដក​បម្រាម​នោះ​ចេញ​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​ ​សម រង្ស៊ី​ ​អាច​ចូល​មក​កម្ពុជា​វិញ។​ ​ក៏​ប៉ុន្តែ​ការណ៍​នេះ​ ​មិនមែន​មាន​ន័យ​ថា ​ជា​ការលើកលែង​ទោស​លោក​ ​សម រង្ស៊ី​ ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អា​នេះ​គ្រាន់​តែ​ជា​ការ​លើក​បម្រាម​ដើម្បី​ ​បម្រាម​មុន​គឺ​ ក្នុង​គោល​ដៅ​បញ្ចៀសគ្រោះថ្នាក់​ ​មិនមែន​បិទ​សិទ្ធិ​ ​ប៉ុន្តែ​គាត់​យក​ទៅ​ជា​បញ្ហា​ថា​ យើងបិទ​សិទ្ធិ​ទៅវិញ។​ តែ​សម្រាប់​អ្នក​គ្រប់គ្រង​ប្រទេស​ ​យើង​មិន​ចង់​ឲ្យ​មាន​ហិង្សា​កើត​ឡើង​ទេ​ ​ព្រោះ​តែ​ចុះ​ដល់​ដី​ ​ច្បាស់​ណាស់​ថា​ ​ការ​ចាប់​ខ្លួន​មួយ​នឹង​ត្រូវ​ធ្វើ​ហើយ​ ​ព្រោះ​អានេះ​អំណាច​តុលាការ​គេ​បញ្ជា​ដោយ​ព្រះរាជ​អាជ្ញា​ ​និង​នគរ​បាល​យុត្តិធម៌​ គេ​ទៅ​ចាប់​ហើយ ជាប់​គុក​ប៉ុន្មាន​អី​ប៉ុន្មាន​អា​ហ្នឹង ព្រោះវា​ជាប់​នៅ​ក្នុង​សាល​ក្រម»។​

លោក​ ​ហ៊ុន សែន​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អ្នកវិភាគ​មួយ​ចំនួន​ដែល​ថា​ ​ការ​ដក​បម្រាម​នេះជា​អន្ទាក់​ចង់​ចាប់​លោក​ ​សម រង្ស៊ី។ ​លោក​ក៏​បាន​រំឭក​ពី​ការ​សន្យា​របស់​លោក​ដែល​ថា ​នឹង​កាត់​ដៃ​ស្តាំ​របស់​លោក​ចោល​ ​ប្រសិន​បើ​លោកចុះ​ហត្ថលេខា​ស្នើ​ឲ្យ​មាន​ការ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី។​

លោក​បាន​ថ្លែង​ថា៖​

«ការ​ពិត​ ​អា​សេចក្តី​ជូន​ដំណឹង​ ​(ស.ជ.ណ)​ ​មុនមាន​គោលដៅ​ការពារ​សុវត្ថិភាព​ជីវិត​គាត់​តែ​ប៉ុណ្ណោះ។​ ​សុខចិត្ត​ឲ្យ​គេ​ដៀលត្មះ​ ​ព្រោះ​ច្បាស់​ណាស់​ថា​ បើ​ខ្ញុំ​បាន​ប្រកាស​ហើយ​ថា​ ​ខ្ញុំ​សុខ​ចិត្ត​កាត់​ដៃ​ស្តាំ​ខ្ញុំ​ក្រវាត់​ចោល គឺ​ខ្ញុំ​មិន​លើក​លែង​ទោស​ឲ្យ​ទេ​ ​ព្រោះ​ពីរ​ដង​រួច​ហើយ​ ​វា​គ្មាន​លើក​ទី​បី​កើត​ឡើង​ទៀត​ទេ»។​

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​លោក​ ​ហ៊ុន សែន​ ​បញ្ជា​ឱ្យ​លុប​ចោល​សេចក្តី​សម្រេច​មួយ​ ​កាល​ពី​ខែ​តុលា​ ​ឆ្នាំ២០១៦​ ​ដែល​ហាមឃាត់​លោក​ ​សម រង្ស៊ី​ ​មិន​ឲ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។​ ​ក្នុង​បម្រាម​នោះ​ ​រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ ​ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា​ ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក​ ​សម រង្ស៊ី​ ​ឡើង​យន្តហោះ​មក​កម្ពុជា​ទេ​ ​ហើយ​ត្រូវ​ផ្តល់​របាយ​ការណ៍​ទៀងទាត់​ ​ក្នុង​ករណី​លោក​ ​សម រង្ស៊ី​ ​ទិញ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​មក​កម្ពុជា។​ ​ក្នុង​ករណី​ដែល​លោក​ ​សម រង្ស៊ី ធ្វើ​ដំណើរ​មក​កម្ពុជា​តាម​រយៈ​យន្តហោះ​ណាមួយ ឬ​យន្តហោះ​នោះ​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​ណា​មួយ​នៅ​កម្ពុជា​ ​យន្តហោះ​នោះ​នឹង​ត្រូវ​បង្វែរ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​អាកាស​យានដ្ឋាន​ដើម​វិញ។​

ការ​លុបចោល​បម្រាម​មិន​ឲ្យ​លោក​ ​សម រង្ស៊ី​ចូល​ប្រទេស​វិញ​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពី​បទសម្ភាសន៍​របស់​លោក​សម រង្ស៊ី​ ​ ជាមួយ​ ​VOA ​និង​វិទ្យុ​អាស៊ីសេរី​ ​ចំអក​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ថា​បាន​រា​រាំង​រូប​លោក​ ​ក្នុង​ការ​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​ ដោយសារ​ភ័យខ្លាច​លោក ធ្វើ​នយោបាយ​ប្រជែង​គណបក្ស​កាន់​អំណាច។​

ក្នុង​បទ​សម្ភាសន៍ជាមួយ​ VOA​ ​ផ្សាយ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ ​លោក​ ​សម រង្ស៊ី​ ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ ​បានចោទ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ថា​ បាន​ប្រើ​មធ្យោបាយ​អាក្រក់​បង្អាក់​ដំណើរ​របស់​លោក​មក​កាន់​កម្ពុជា។​

លោកបញ្ជាក់​ថា៖​

«គេ​បាន​ចេញ​បញ្ជា​ឲ្យក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ​ក្នុង​ពិភពលោក ​មិន​ឲ្យដឹក​ខ្ញុំ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។​ ​បើ​គ្មាន​បញ្ជា​បែប​ហ្នឹង​ ការ​រារាំង​បែប​ហ្នឹង​ខ្ញុំ​មក​ដល់​ស្រុកខ្មែរ​បាត់​ហើយ​តាំង​ពី​យូរយារ​ម្ល៉េះ»។​

លោក​ សម រង្ស៊ី ​បាន​បន្តថា ​ការ​ដែលរដ្ឋាភិបាល​ហាម​លោក​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា ​ទង្វើ​ខុសច្បាប់៖​

«មិន​ឲ្យខ្ញុំ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ ​ជា​ទង្វើ​ខុស​ច្បាប់​ ​ខុស​រដ្ឋធម្មនុញ្ញ​ ​គ្មាន​រដ្ឋ​អំណាច​ណា​អាច​រារាំង​មិន​ឲ្យពលរដ្ឋ​ម្នាក់​ចូល​មក​រស់នៅ​លើ​ប្រទេស​ខ្លួន​ឯង​វិញ​ ​រារាំង​មិន​ឲ្យ​យន្ត​ហោះ​ដឹក​មក​វិញ​ គំរាម​កំហែង​គេ​ដូច​កាលពី​មុនៗ​ គឺ​គំរាម​កំហែង​រហូត​ដល់​បាញ់​ទម្លាក់​យន្តហោះថា យន្ត​ហោះ​ណា​ដែល​ហ៊ាន​ដឹក​អ្នក​ដែល​គេ​មិន​ពេញ​ចិត្ត​ឲ្យ​វិលត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ ​គេ​គំរាម​បាញ់​ទម្លាក់​យន្ត​ហោះ»។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ពិភាក្សា​អំពី​ឯកភាព​ជាតិ និង​យន្តការ​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន និង​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ និង​ការ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស។ (ទែន សុខស្រីនិត/VOA)
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ពិភាក្សា​អំពី​ឯកភាព​ជាតិ និង​យន្តការ​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន និង​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ និង​ការ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស។ (ទែន សុខស្រីនិត/VOA)

លោក​ ​សម រង្ស៊ី ​បាន​អះអាង​ថា​ ​គណ​បក្ស​សង្គ្រោះជាតិ​នឹង​ទទួល​បាន​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ ​ឆ្នាំ​២០១៧​នេះ​ ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​ ​ប្រសិន​បើ​លោក​បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់។​

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ ​ធ្លាប់​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​មិន​មាន​ចេតនា​អនុញ្ញាត​ឲ្យ​លោក​ ​សម រង្ស៊ី​ ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ​ព្រោះ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ដឹក​នាំ​រដ្ឋាភិបាល​កំពុង​ភ័យ​ខ្លាច​ពី​ការ​កើន​ឡើង​ខ្លាំង​នៃ​ប្រជាប្រិយភាព​របស់​លោក​ ​សម រង្ស៊ី ហើយ​ថារដ្ឋាភិបាល​ក៏​មិន​អាច​ចាប់​លោក​ ​សម រង្ស៊ី​ បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ផង​ដែរ​ ​ព្រោះ​បារម្ភ​ក្រែង​មាន​ចលនា​តស៊ូ​ណាមួយ​កើត​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។​

លោក​ ​ឈាង វណ្ណារិទ្ធ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្ត្រ ប្រាប់​ ​VOA ថា​ ​ការ​ប្រកាស​ដក​បម្រាម​ដែល​បាន​ហាម​មិនឲ្យ​លោក​ ​សម រង្ស៊ី​ ​ចូល​កម្ពុជា​ អាច​ជាសញ្ញា​វិជ្ជមាន​ក្នុង​នយោបាយ​ ​និង​អាច​ជា​ការ​សាក​ល្បង​ភាព​ក្លាហាន​របស់​លោក​ ​សម រង្ស៊ី​ ​ដើម្បី​បង្ហាញ​ថា​ លោក​ ​សម រង្ស៊ី​ ​បាន​ត្រឹម​តែ​និយាយ​ ​តែ​មិន​ហ៊ាន​ធ្វើ។​ លោក​បន្ថែម​ថា​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​ផល​ចំណេញ​ ​ប្រសិន​បើ​លោក​ ​សម រង្ស៊ី​ ​ត្រឡប់​មក​កាន់​កម្ពុជា​វិញមុន​ការ​បោះឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​មុខ។​

លោក​ ​ឈាង វណ្ណារិទ្ធ​ ​មាន​ប្រសាសន៍​ថា៖​

«បើ​ករណី​ដែល​គាត់​ត្រឡប់​ទៅ​ខ្មែរ​វិញ​មុន​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​ក្រោយ​ ​ហើយ​ត្រូវ​បានអាជ្ញាធរ​ចាប់ ​ខ្ញុំ​គិត​ថា​អាច​ធ្វើ​ឲ្យសន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​អាច​ឡើង​ដែរ​ ​ព្រោះ​ថា ​វា​ជា​ចន្លោះ​ពេល​មួយ​ដែលកៀក​នឹង​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​ក្រោយ​ហ្នឹង​ ​វា​អាច​ធ្វើ​ឲ្យ​កំសួល​របស់​មហាជន​ហ្នឹង​មាន​ទៅ​រក​គណ​បក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រឆាំង​ហ្នឹង​ អាច​កើន​ឡើង​ដែរ»។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ សម រង្ស៊ី​ ​តាម​រយៈ​សារ​អេឡិចត្រូនិច​អ៊ីមែល​ ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​មិនទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅ​ឡើយ​នោះ​ទេ។​

លោក​ ​សម រង្ស៊ី​ ​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង​តាំង​ពីចុង​ឆ្នាំ​២០១៥​ ​បន្ទាប់​ពី​តុលាការ ចេញ​ដីកា​ចាប់ខ្លួន​លោក​ពាក់ព័ន្ធ​នឹង​ការបរិហាកេរ្តិ៍​លោក​ ​ហោ ណាំហុង​ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា។​ ​លោក​ ​សម រង្ស៊ី​ ​ក៏កំពុង​រង​នូវ​ការ​ចោទ​ប្រកាន់​ ​និង​កាត់​ទោសចំនួន៦​ករណី​ រួម​មាន​បទ​សម​គំនិត​ក្លែង​ឯកសារ​សាធារណៈ​ ​ការ​បរិហារ​កេរ្តិ៍​មេដឹកនាំ​គណ​បក្សកាន់​អំណាច​ ដែល​មាន​ដូចជា​ការ​បរិហារ​កេរ្តិ៍​លោក​ ​ហ៊ុន សែន​ ​និង​លោក​ហេង សំរិនជា​ដើម៕

XS
SM
MD
LG