ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ៖ បក្ស​កាន់​អំណាច​នឹង​ធ្វើ​«អ្វីៗ​គ្រប់យ៉ាង​ដែល​ចាំបាច់»​ដើម្បី​បន្ត​អំណាច


លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)
លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)

អ្នក​និពន្ធ​សៀវភៅ ​និង​អតីត​អ្នក​សារព័ត៌មាន​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា ទោះ​បី​ជា​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ហិង្សា​ធំដុំ​ណាមួយ​ក៏​ដោយ ក៏​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​តទៅទៀត នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ។

លោក Sebastian Strangio អ្នក​និពន្ធ​សៀវភៅ និង​ជា​អ្នក​សារព័ត៌មាន​ដែល​ធ្លាប់​ធ្វើ​ការ​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​និយាយ​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ប្រសិន​បើ​ចាំ​បាច់ ដើម្បី​ធានា​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅ​តែ​បន្ត​កាន់​អំណាច​តទៅទៀត នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ។

អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន សែន» ​រូប​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ VOA នៅ​ក្រោយ​កម្មវិធី​ជជែក​ពិភាក្សា​គ្នា​មួយ​ស្ដីពី​ការ​វិភាគ​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​កម្ពុជា​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សប្ដាហ៍​មុន។

«ពិត​ណាស់ ពួកគេ​បាន​ត្រៀម​ខ្លួន​ ដើម្បី​យក​ឈ្នះ​ដោយ​យុត្តិធម៌ ពីព្រោះ​ថា​ការណ៍​នេះ ធ្វើ​ឲ្យ​មុខមាត់​របស់​ពួកគេ​មើល​ទៅ​ល្អ​ប្រសើរ​ក្នុង​ឆាក​អន្តរជាតិ ប៉ុន្តែ​ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា ត្រៀម​ខ្លួន​ធ្វើ​អ្វីៗ​គ្រប់បែប​យ៉ាង​ដែល​ចាំបាច់ ដើម្បី​រក្សា​អំណាច​តទៅទៀត»។

លោក អ៊ា សុផល សាស្ត្រាចារ្យ​រង​នៃ​មហាវិទ្យាល័យ Occidental College ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​តាម​រយៈ​ប្រព័ន្ធ ​Skype​ ពី​ទីក្រុង​ Los Angeles កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)
លោក អ៊ា សុផល សាស្ត្រាចារ្យ​រង​នៃ​មហាវិទ្យាល័យ Occidental College ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​តាម​រយៈ​ប្រព័ន្ធ ​Skype​ ពី​ទីក្រុង​ Los Angeles កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)

ការ​លើកឡើង​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​របស់​ខ្លួន ដោយ​លទ្ធផល​បឋម​ក្រៅ​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បាត់បង់​តំណែង​មេឃុំ​ និង​ចៅ​សង្កាត់​ ចំនួន​ជាង​៤០០​ ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ឈ្នះ​ការ​បោះឆ្នោត​ និង​គ្រប់គ្រង​ឃុំ​សង្កាត់​ភាគច្រើន​ដដែល​ក៏ដោយ។

លោក Sebastian Strangioដែល​ជា​អតីត​អ្នក​កាសែត ​Phnom Penh Postហើយ​ដែលបាន​និង​នៅ​តែ​តាម​ដាន​ការ​វិវត្ត​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ដិតដល់​ដែរ​នោះ បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​កើន​ឡើង​នូវ​ការ​គាំទ្រ​គណបក្ស​ប្រឆាំង ថា​ជា​ការ​គំរាមកំហែង​មួយ។

លោក​បន្ត ដោយ​មើល​ឃើញ​ការ​គំរាមកំហែង​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចាត់វិធានការ​គ្រប់យ៉ាង​ ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​តទៅទៀត។

«ពួកគេ មាន​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​ធានា​ថា ពួកគេ​នឹង​នៅ​តែ​កាន់អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ។ ពួកគេ​គ្រប់គ្រង​កងកម្លាំង​ប្រដាប់​អាវុធ ហើយ​ពួកគេ​ក៏​បាន​បង្កើត​យន្តការ​នយោបាយ​និង​ច្បាប់ ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ដាក់​សម្ពាធ​លើ​បក្ស​ប្រឆាំង ឬ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ស្ថិត​នៅ​ក្រៅ​ច្បាប់ ​ឬ​រំលាយ​បក្ស​នោះ​តែ​ម្ដង»។

ប្រជាជន​កម្ពុជាចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤ នៅខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
ប្រជាជន​កម្ពុជាចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤ នៅខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

ក្រុម​អ្នក​តាន​ដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​ប្រើប្រាស់​តិចនិក​នៃ​ការ​សម្លុត គំរាមកំហែង និង​បំភិតបំភ័យ​គូបដិបក្ខ​និង​អ្នក​រិះគន់​ខ្លួន​ នៅ​មុន​ការបោះឆ្នោត​ម្តងៗ ដើម្បី​ធានា​ថា ខ្លួន​នឹង​នៅ​តែ​បន្ត​កាន់​អំណាច​ដដែល។

លោក អ៊ា សុផល សាស្ត្រាចារ្យ​រង​នៃ​មហាវិទ្យាល័យ Occidental College ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​តាម​រយៈ​ប្រព័ន្ធ​Skype​ ពី​ទីក្រុង​ឡូអានជឺឡេស បាន​ថ្លែង​ដែរ​ថា ទោះបី​ជា​មាន​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម​គឺ​លោក​ កែម ឡី និង​ការ​ចាប់​អ្នក​វិភាគ ​និង​សមាជិក​គណបក្ស​ប្រឆាំង​ជាច្រើន​រូប​ដាក់​ពន្ធនាគារ​ ហើយ​និង​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​មាន​ចេតនា​គំរាម​រំលាយ​គណបក្ស​ប្រឆាំង​ក៏​ដោយ ក៏​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​ការ​គាំទ្រ​បក្ស​ប្រឆាំង​ ដល់​ទៅ​ជាង​១០​ដង។

«វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​គួរសម​ដែរ​ ដែល​ឃើញ​ថា​គណបក្ស​ប្រឆាំង​អាច​ទទួល​បាន​ការ​រីកចម្រើន​ខ្លាំង ទោះបីជា​មាន​បញ្ហា​ធំៗ​ជាច្រើន​ក៏ដោយ»។

អ្នក​ស្រី Elizabeth Becker អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «នៅ​ពេល​ដែល​សង្គ្រាម​បញ្ចប់​ទៅ» ​និង​ជា​អ្នក​សារព័ត៌មាន​ម្នាក់​ដែរ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ក្នុង​បទសម្ភាសន៍​ ក្រោយ​ពី​កម្មវិធី​ពិភាក្សា​គ្នា​នោះ​ថា ថ្វីត្បិត​តែ​លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ នឹង​មិន​អាច​ផ្លាស់ប្ដូរ​អ្វី​ជាដុំ​កំភួន​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ​ក្ដី ក៏​វា​បង្ហាញ​សញ្ញាណ​ល្អ​មួយ​ដែរ។

«វា​បាន​រៀប​ឆាក​ប្រកួត​ដែល​មាន​លក្ខណៈ​ខ្លាំង​ស្មើគ្នា សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ ហេតុដូច្នេះ​ហើយ បាន​ជា​មនុស្ស​គ្រប់គ្នា​ បាន​និង​កំពុង​តាន​ដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​នោះ»។

ដោយ​សារ​សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​ធំៗ​ទាំង​ពីរ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ប្រឆាំង​ មាន​លក្ខណៈ​ប្រកៀកប្រកិត​គ្នា​នេះ​ អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មើល​ឃើញ​ថា គណបក្ស​កាន់​អំណាច​នឹង​មាន​លក្ខណៈ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ហានិភ័យ​ដែល​នឹង​អាច​កើត​ឡើង​នៅ​ក្នុង​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ។

អ្នកនាង Courtney Weatherby អ្នក​វិភាគ​ខាង​ការ​ស្រាវជ្រាវ​ក្នុង​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​ដែរ​ថា ដោយ​មើល​ឃើញ​ចំណុច​ខ្វះខាត​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​នៅ​ពេល​នោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​អាសនៈ​សភា​អស់​២២​ ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​កាន់​អំណាច ក៏​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​មន្ត្រី​របស់​ខ្លួន ឲ្យ​កាន់​តំណែង​នៅ​តាម​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ ជាពិសេស​ផ្នែក​បរិស្ថាន​និង​ថាមពល​ ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ដែល​មិន​ពេញចិត្ត​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​មក​វិញ។

«ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ​ដែរ យើង​ក៏​ឃើញ​ការ​ផ្លាស់ប្ដូរ​ខ្លះ​ទៀត​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា តាម​របៀប​ដែល​ពួកគេ​មើល​ឃើញ​បញ្ហា​នោះ​ក្នុង​ជួរ​បក្ស​របស់​ខ្លួន។ ក្រោយ​ការ​បោះឆ្នោត​ ឆ្នាំ​២០១៣ ដោយ​មាន​ការ​បាត់បង់​អាសនៈ​ទាំង​នោះ លោក ហ៊ុន សែន ក៏​បាន​តែងតាំង​លោក សាយ សំអាល់ ដោយ​ផ្ទាល់ ឲ្យ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី ក្រសួង​បរិស្ថាន»។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)

ដោយ​មើល​ឃើញ​ពី​ការ​បាត់បង់​អាសនៈ​សភា​របស់​គណបក្ស​កាន់អំណាច​កាល​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គួប​ផ្សំ​នឹង​ការ​បាត់បង់​ចំនួន​តំណែង​មេឃុំ​និង​ចៅ​សង្កាត់​ក្នុង​ការ​បោះឆ្នោត​មូលដ្ឋាន​ឆ្នាំ​២០១៧​នេះ​ផង លោក មាស នី អ្នក​ស្រាវជ្រាវ​សង្គម​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែងប្រាប់​ VOA ក្នុង​បទសម្ភាសន៍​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ស្ថានការណ៍​នយោបាយ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ អាច​នឹង​មាន​ស្ថានភាព​អាក្រក់​ឡើង។

«មុន​២០១៧​នេះ ខ្ញុំ​នៅ​តែ​គិត​ថា នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កើន​ការ​គាំទ្រ​កាន់តែ​ខ្លាំង ពេល​នោះ​សម្ពាធ​នយោបាយ​ផ្សេងៗ​ពី​គូរ​បដិបក្ខ​ម្ខាងទៀត​ នឹង​មាន​កាន់តែ​ធ្ងន់ៗ​ជាង​មុន​ទៀត។ អានេះ​បើ​ពុំ​មាន​សុឆន្ទៈ​ក្នុង​ការ​រក​ផ្លូវ​ចេញ​ឲ្យ​ឃើញ​ទេ ខ្ញុំ​រំពឹង​ថា នឹង​មាន​ព្យុះ ហើយ​មិន​ត្រឹមតែ​ព្យុះ​ទេ អាច​មាន​ផ្គរ និង​អាច​នឹង​មាន​រន្ទះ​ធំៗ​ទៀត មុន​នឹង​ឈាន​ចូល​ទៅ​ដល់​ដល់​ការបោះឆ្នោត​២០១៨»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា គណបក្ស​កាន់​អំណាច​នេះ មិន​បាន​គាបសង្កត់​គណបក្ស​ប្រកួតប្រជែង ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​នោះ​ទេ។

លោក​បន្ត​ថា នៅ​ក្នុង​ការ​ប្រកួត​នយោបាយ គណបក្ស​នីមួយៗ​មាន​សិទ្ធិ​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​រៀងៗ​ខ្លួន ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។

«គណបក្ស​ណា​ក៏​ដោយ ឲ្យ​តែ​ចូល​ប្រកួតប្រជែង សុទ្ធ​តែ​ខំ​រៀងខ្លួន​ហើយ ខំ​តាម​គ្រប់​មធ្យោបាយ។ គណបក្ស​ប្រជាជន​ក៏​ខំ គ្រប់​មធ្យោបាយ​ដែរ ប៉ុន្តែ មធ្យោបាយ​ទាំងឡាយ​ណា ដែល​មិន​ល្មើស​ច្បាប់ មិន​ប្រឆាំង​នឹង​ច្បាប់។ អា​ហ្នឹង រឿង​តែ​ប៉ុណ្ណឹង​ទេ»។

លោក​ សុខ ឥសាន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​លើកឡើង​អំពី​សង្គ្រាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក ក៏​មិនមែន​ជា​ការ​គំរាមកំហែង​គូបដិបក្ខ​នយោបាយ​របស់​លោក​ដែរ តែ​លោក​ថា វា​គ្រាន់តែ​ជា​ការ«ពន្យល់»​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ។

«នាយករដ្ឋមន្ត្រី លោក​មាន​សិទ្ធិ​ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច ​លោក​មាន​សិទ្ធិ​ពន្យល់​ប្រជាជន​ឲ្យ​យល់​ថា​ អ្វី​ទៅ​ជា​សន្តិភាព អ្វី​ទៅ​ជា​នយោបាយ​ដើម្បី​បាន​សន្តិភាព អ្វី​ទៅ​ជា​នយោបាយ​ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​កើតឡើង។​ អញ្ចឹង​ ការ​ពន្យល់​នេះ មិនមែន​មាន​ន័យ​ថា គំរាមកំហែង​គណបក្ស​ប្រឆាំង​ទេ»។

យ៉ាង​ណា​ក៏ដោយ លោក Sebastian Strangio អ្នក​និពន្ធ​សៀវភៅ និង​ជា​អ្នក​សារព័ត៌មាន​ មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ គួរ​តែ​បន្ត​ឃ្លាំមើល​ស្ថានការណ៍​វិវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ជាប់​លាប់​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដូច​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG