ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ី​សុំ​ឱ្យ​ខ្មែរ-​អាមេរិកាំង​បង្កើន​ការ​បញ្ចុះបញ្ចូល​ព្រឹទ្ធសភា


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែលត្រូវបានរំលាយ ថ្លែងនៅក្នុងការ​ហែក្បួនបក្សនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែលត្រូវបានរំលាយ ថ្លែងនៅក្នុងការ​ហែក្បួនបក្សនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។

សកម្មជន​សហគមន៍​ខ្មែរ-អាមេរិកាំង ​កំពុងតែ​ធ្វើ​សកម្មភាព​ជំរុញ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​លេខ​ HR 5754 ដែល​ហៅ​ថា​ «ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»​​ ដើម្បី​ដាក់​ទណ្ឌកម្ម​ជន​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​សម រង្ស៊ី​ សហស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង ​បង្កើន​ការ​ជួប​ទាក់ទង​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​របស់​ខ្លួន​ ដើម្បី​ស្នើ​សុំ​ឱ្យ​អនុម័ត​ច្បាប់​ចំនួន​ពីរ​សម្រាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ និង​បក្ស​ពួក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

នៅក្នុង​ពេល​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​ខ្មែរ​-អាមេរិកាំង ​នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃពុធ​លោក​សម រង្ស៊ី​ បាន​បញ្ជាក់​ថា៖

«ឥឡូវនេះ​យើង​ត្រូវ​ធ្វើ​ចលនា​ហើយ។ គេ​កំពុង​ធ្វើ​ច្បាប់​ថ្មី។ គេ​សុំ​ឱ្យ​យើង​ទាក់ទង​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​របស់​យើង​ តាម​រដ្ឋ​នីមួយៗ​ សូម​ឱ្យ​ទៅ​ជួប​ សូម​ជំរុញ​ឱ្យ​បោះឆ្នោត​ច្បាប់​ហ្នឹង​ចេញ​ឱ្យ​ឆាប់​ ដើម្បី​ដាក់​ទណ្ឌកម្ម​ហ៊ុន សែន​ បក្ស​ពួក​ហ៊ុន សែន​ ឱ្យ​ពួក​ហ្នឹង​ប្រយ័ត្ន ​កុំ​នៅ​ជាមួយ​ហ៊ុន សែន​ទៀត។ បើ​ចង់​ឱ្យ​រួចខ្លួន​ ខ្លួនឯង​ហើយ​ចង់​ឱ្យ​ប្រទេស​យើង​នៅ​គង់វង្ស គឺ​ចេញ​ពី​របប​ហ៊ុន សែន​មក។ អីចឹង​ច្បាប់​ហ្នឹង​ត្រូវ​ចេញ​ឱ្យ​ឆាប់‍»។​

សកម្មជន​សហគមន៍​ខ្មែរ-អាមេរិកាំង ​កំពុងតែ​ធ្វើ​សកម្មភាព​ជំរុញ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​លេខ​ HR 5754 ដែល​ហៅ​ថា​ «ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍» ដើម្បី​ដាក់​ទណ្ឌកម្ម​ជន​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​នៃ​សហរដ្ឋ​អាមេរិក​ អនុម័ត​កាលពី​ខែកក្កដា ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​អនុម័ត ​មុន​នឹង​បញ្ជូន​ទៅ​ការិយាល័យ​លោក​ប្រធានាធិបតី​ចុះហត្ថលេខា​ឱ្យ​ទៅ​ជា​ច្បាប់។

លោក​ហ៊ុន សែន​ និង​បក្ស​ពួក​ជិតស្និទ្ធ​ជាង​១០​នាក់ ​និង​កូន​មួយ​ចំនួន ​ក្នុង​នោះ​មាន​លោក​ហ៊ុន ម៉ាណែត​ ក៏​ត្រូវ​សភាជាតិ​បញ្ជូល​ឈ្មោះ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ផង​ដែរ។

សហគមន៍​ខ្មែរ​ក៏​ជំរុញ​ឱ្យ​ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ទៀត​គឺ​ S-2412ដែល​តម្រូវ​ឱ្យ​កម្ពុជា​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុងការ​ប្រតិបត្តិ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ខេន គីវ ​សកម្មជន​ខ្មែរ​អាមេរិកាំង​ នៅ​រដ្ឋម៉ារីឡែន​ និង​ជាអ្នក​ដឹកនាំ​ចលនា​ឱ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើ​ញត្តិ​ស្នើសុំ​ទៅ​ព្រឹទ្ធសភា ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​បាន​ធ្វើ​កិច្ចការ​យ៉ាង​សកម្ម​ក្នុង​កិច្ចការ ធ្វើញត្តិ​នេះ​ ជំរុញ​ឱ្យ​ច្បាប់​ HR-5754និង S-2412​ ដែល​យើង​ជំរុញ​ឱ្យ​ចេញ​ ហើយ​ពួកយើង​មាន​ជំនឿ​ថា​ក្នុង​អំឡុង​ពីរខែ​ទៀត​នឹង​មាន​ពន្លឺ​ច្បាស់​លាស់‍»។

លោក​ ខេន គីវ ​បាន​បន្ថែម​ថា ​សមាជិក​សហគមន៍​បាន​ដាក់​ញត្តិ​ទៅ​សមាជិក​ព្រឹទ្ធសភា​នៅ​រដ្ឋ​ចំនួន​២០ ​ហើយ​រហូត​មក​ដល់​ពេល​នេះ។

លោក​បាន​បន្ថែម​ថា៖

«កាលពី​អាទិត្យ​មុន​ យើង​បាន​បញ្ជូន​២០រដ្ឋ​ហើយ។ គេ​ផ្តល់​សេចក្តី​សង្ឃឹម​មក​យើង​ខ្លាំង​មែន​ទែន។ ដូច្នេះ​ជឿជាក់​ថា​២០រដ្ឋ​នេះ​ មាន​៤០​សមាជិកព្រឹទ្ធសភា ​ហើយ​បើសិន​ជា​មិន​បាន​ទៀត​ យើង​នឹង​ជំរុញ​កិច្ចការ​នេះ​នៅ​២០​រដ្ឋ​ថែមទៀត‍»។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​កាលពី​ចុង​ខែកក្កដា​ ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យក​អាសនៈ​សភា​ទាំង​ចំនួន​១២៥​ និង​បង្កើត​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ក៏​បាន​ស្នើ​ឱ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ និង​សកម្មជន​ដីធ្លី​សរុប​ទាំងអស់​ចំនួន​២០​នាក់​ បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​សហគមន៍​អន្តរជាតិ​ និង​ការ​ដាក់​សម្ពាធ​ជាច្រើន​ទាំង​លើ​ផ្នែក​ជំនួយ​អភិវឌ្ឍន៍​ និង​ការទូត​ ក្នុង​នោះមាន​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​លោកហ៊ីង ប៊ុនហៀង មេបញ្ជាការ​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​ផង​ដែរ។

លោក យ័ប ​គឹមទុង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ ​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​បញ្ជាក់​ថា​ ការ​ដោះលែង​នេះ​ក៏​នឹង​មិន​ទាន់​ឱ្យ​សហគមន៍​អន្តរជាតិ​ និង​សហគមន៍​ខ្មែរ-អាមេរិកាំង​ទទួល​យក​បាន​ដែរ។

«ខ្ញុំ​ជឿជាក់​ខ្មែរ​សហគមន៍​អន្តរជាតិ​ និង​ខ្មែរយើង​នៅ​ខាងក្រៅ​នេះ​ពិបាក​ទទួល​ស្គាល់ ពិបាក​អត់​ឱន​ទោស​បាន ​ទោះបី​លែង​អ្នក​ទោស​១៤ ឬ១៦នាក់​ហ្នឹង​មក​ ក៏​យើង​ថា​ទោសនេះ​ធ្ងន់​ណាស់​លើកលែង​ តែធ្វើ​អី​ធំជាង​ហ្នឹង​ ដូច​ជា​លោក​ហ៊ុន សែន​ ធ្វើ​ការ​សម្រេច​ជួយ​ជាតិ​ទៅ​ថ្ងៃមុខ​ គឺ​មិនមែន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ បាន​ពួកយើង​អស់​ចិត្ត​អាច​អត់​ឱន​ឱ្យ​បាន‍»។

លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ជាប់​ពន្ធនាគារ​នៅឡើយ ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ រីឯ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ ក៏​នៅ​រង​ការ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ​ផង​ដែរ៕

XS
SM
MD
LG