លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលនិរទេសខ្លួនក្រៅប្រទេស បង្ហាញភាពសោះអង្គើយនឹងដីកាកោះឲ្យចូលខ្លួនថ្មីមួយរបស់តុលាការភ្នំពេញ ដោយថា វាជារឿងនយោបាយ។ លោកក៏បានថ្លែងការពារខ្លួនផងដែរថា លោកមិនមានចេតនាប្រមាថព្រះមហាក្សត្រដូចអ្វីដែលបានចោទប្រកាន់មកលើរូបលោកនោះទេ។
លោក សម រង្ស៊ី ដែលពេលនេះ កំពុងរស់នៅក្នុងប្រទេសបារាំង បានប្រាប់ VOA តាមអ៊ីមែល កាលពីយប់ថ្ងៃពុធក្នុងន័យដើមថា៖
«ខ្ញុំមិនអើពើនឹងការកោះហៅពីតុលាការអាយ៉ង នៅទីក្រុងភ្នំពេញទេ ពីព្រោះតុលាការនេះជាឧបករណ៍នយោបាយរបស់ជនផ្តាច់ការ ហ៊ុន សែន។ រឿងដែលលោក ហ៊ុន សែន និងតុលាការអាយ៉ងរបស់គាត់ចោទខ្ញុំថា ខ្ញុំបានប្រមាថមហាក្សត្រនោះ មិនមែនជាការពិតទេ ដោយសារខ្ញុំគ្រាន់តែលើកឡើងថា ព្រះមហាក្សត្រធ្វើអ្វីៗតាមបញ្ជារបស់លោក ហ៊ុន សែន ទាំងអស់ ដែលគាបសង្កត់ និងបំភិតបំភ័យព្រះអង្គជារៀងរាល់ថ្ងៃ។ ដូច្នេះ លោក ហ៊ុន សែន ទេ ដែលប្រមាថព្រះមហាក្សត្រ ហើយគាត់មិនត្រឹមតែប្រមាថព្រះអង្គទេ តែគាត់ញាំញីព្រះអង្គ ដោយចាប់ព្រះអង្គធ្វើជាចំណាប់ខ្មាំងរបស់គាត់»។
លោកបានបញ្ជាក់បន្ថែមក្នុងន័យដើមថា៖
«ថ្មីៗនេះ លោក ហ៊ុន សែន បានសម្លុតព្រះមហាក្សត្រមិនឲ្យព្រះអង្គយាងទៅប្រទេសចិន នៅដាច់ខែសីហានេះ ដូចព្រះអង្គបានគ្រោងទុក។ តែក្រោយពីលោក ហ៊ុន សែន សម្លុតព្រះអង្គឲ្យនៅបើកសម័យប្រជុំពេញអង្គរដ្ឋសភាទីងមោងថ្ងៃ៤ កញ្ញានេះសិន ទើបព្រះអង្គសម្រេចព្រះទ័យដោយបង្ខំចិត្ត លើកពេលដំណើរព្រះអង្គរយៈពេលប្រមាណ២សប្តាហ៍ ចាប់ពីថ្ងៃនេះទៅ។ ក្នុងព្រះទ័យព្រះអង្គ ព្រះអង្គយល់ច្បាស់ថា រដ្ឋសភាអាណត្តិថ្មីនេះមិនមានភាពស្របច្បាប់ទេ ក្រោយពីការបោះឆ្នោតក្លែងក្លាយ ដែលជាការបំភ្លៃឆន្ទៈប្រជារាស្ត្រទាំងស្រុង»។
កាលពីថ្ងៃទី១៦ ខែសីហា លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅឲ្យលោក សម រង្ស៊ី ចូលទៅបំភ្លឺរឿងប្រមាថអង្គមហាក្សត្រនេះ។
ដីកាដែល VOA ទើបតែទទួលបានកាលពីថ្ងៃពុធ បានបញ្ជាក់ឲ្យដឹងថា តុលាការក្រុងបានបង្គាប់ឲ្យលោក សម រង្ស៊ី ទៅបង្ហាញខ្លួននៅតុលាការថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ។
តាមអ៊ីមែលផ្ញើមក VOA លោក សម រង្ស៊ី បានរំឭកបន្ថែមថា កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន គឺពិតជាបានគំរាមកំហែងព្រះមហាក្សត្រថា គាត់នឹងរំលាយរាជបល្ល័ង្ក បើព្រះមហាក្សត្រ មិនព្រមចុះហត្ថលេខា ទទួលស្គាល់សន្ធិសញ្ញាព្រំដែន កាត់ទឹកដីខ្មែរឲ្យទៅប្រទេសវៀតណាម ដែលខ្លួនគាត់បានចុះហត្ថលេខា ក្នុងឋានៈជាមេដឹកនាំអាយ៉ងរបស់យួន ក្នុងឆ្នាំ១៩៨៥។
VOA ព្យាយាមសុំការអធិប្បាយពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចតែមិនទាន់អាចទាក់ទងបានទេ មកដល់រសៀលថ្ងៃព្រហស្បតិ៍នេះ ដោយទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
ក៏ប៉ុន្តែលោក សួស យ៉ារ៉ា អ្នកនាំពាក្យមួយរូបទៀតនៃគណបក្សប្រជាជនកម្ពុជា យល់ថា ករណីលោក សម រង្ស៊ី គឺបានធ្លាក់ដល់ដៃតុលាការ ដូច្នេះលោកមិនផ្តល់ការអធិប្បាយណាមួយទៅលើលោក សម រង្ស៊ី ចំពោះការវាយប្រហារមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជននោះទេ។
«រឿងអ្វីដែលគាត់កើតឡើង គឺកើតឡើងជាមួយតុលាការ និងផ្នែកច្បាប់ អីចឹងគាត់ហួសពីបុគ្គលខ្មែរ ដែលខ្ញុំត្រូវនិយាយពីឈ្មោះគាត់ហើយ»។
លោកបានបន្ថែមថា លោក សម រង្ស៊ី មិនត្រឹមតែគ្មានតម្លៃក្នុងកិច្ចការនយោបាយកម្ពុជានោះទេ តែអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ថែមទាំងមិនមានជាតិសាសន៍ជាខ្មែរទៀតផង។
«មិនមែនត្រឹមអត់តម្លៃ គាត់មិនមានជាតិសាសន៍ជាខ្មែរបាទ»។
បទចោទប្រកាន់របស់តុលាការមកលើលោក សម រង្ស៊ី ដែលបច្ចុប្បន្នជាមេដឹកនាំចលនាសង្គ្រោះជាតិ ផ្តើមចេញពីការអធិប្បាយរបស់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះដែលបានថ្លែងថា លិខិតរបស់អង្គព្រះមហាក្សត្រមួយដែលអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨គឺជាលិខិត«ក្លែងក្លាយ»។
នៅក្នុងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រនេះ លោក សម រង្ស៊ី ធ្លាប់បានធ្វើការឆ្លើយតបម្តងរួចមកហើយ កាលពីខែមិថុនា។ នាពេលនោះ ព្រះរាជអាជ្ញារងមួយរូបនៃសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោកតាមបទចោទប្រកាន់ប្រមាថចំពោះអង្គព្រះមហាក្សត្រនេះ។ តែលោក សម រង្ស៊ី នៅតែការពារការអធិប្បាយរបស់លោក ដោយលោកនៅតែអះអាងថា លិខិតរបស់អង្គមហាក្សត្រដែលស្នើឲ្យពលរដ្ឋទៅបោះឆ្នោតនោះ មិនមែនជាលិខិតពិតប្រាកដទេ ហើយថា លិខិតនោះគ្មានតម្លៃ និងមិនអាចយកជាការបានទេ៕