ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ និងចាត់វិធានការចំពោះអ្នកដែលបានបង្ហោះសារពហិការមិនទៅបោះឆ្នោតជាតិ នាពេលខាងមុខ នៅលើបណ្តាញសង្គម និងអ៊ីនធឺណេត។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់គណនីដែលថតបង្ហោះសារបង្ហាញពីគោលបំណងមិនទៅបោះឆ្នោតទាំងនោះ ដើម្បីចាត់វិធានការក្នុងពេលឆាប់ៗ។
លោកបញ្ជាក់ថា៖
«បើមិនទៅ មិនទៅៗ តែកុំប្រាប់។ កុំប្រាប់គេថា ខ្ញុំអត់ទៅទេ។ ខ្ញុំមិនទៅបោះឆ្នោត។ អាហ្នឹងជាការឃោសនាមួយហើយ។ ប៉ុន្តែខ្ញុំទៅបោះឆ្នោតក៏ជាការឃោសនាមួយដែរ។ ការឃោសនាហ្នឹងវាអត់មានចែងថា ខុសច្បាប់ទេ។ ប៉ុន្តែការឃោសនាមិនទៅបោះឆ្នោត ច្បាប់គេហាម រារាំងគេ! មិនទៅក៏ដោយ ទុកក្នុងចិត្តខ្លួនឯងទៅ! ព្រោះការបោះឆ្នោតគឺជាការបោះឆ្នោតដោយសម្ងាត់ បើអីចឹងម៉េចនឹងយុត្តិធម៌ បើយើងមិនទៅ ហើយប្រាប់គេមិនទៅអីចឹង?»
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមថា ជាជំហានដំបូង សមត្ថកិច្ចនឹងឃាត់ខ្លួនដើម្បីយកទៅអប់រំឲ្យអ្នកបង្ហោះសារទាំងនោះបានយល់ និងបញ្ឈប់រាល់សកម្មភាពរបស់ពួកគេ។ ប៉ុន្តែលោកថា សមត្ថកិច្ចនឹងផាកពិន័យជាប្រាក់ ព្រមទាំងឈានដល់ការចាត់វិធានការផ្លូវច្បាប់ផ្សេងៗ ក្នុងករណីមិនរាងចាល។
លោកមានប្រសាសន៍ថា៖
«វិធានការផ្លូវច្បាប់គឺការផាកពិន័យហ្នឹងតើ។ ក្រែងលោមានទោសព្រហ្មទណ្ឌអីទៀត អាហ្នឹងយើងគិតផ្សេង។ ដំបូងបំផុតគឺពិន័យជាប្រាក់»។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះធ្វើឡើង បន្ទាប់ពីក្រសួងសំខាន់ៗចំនួនបី កាលពីសប្តាហ៍មុន បានចេញប្រកាសរួមដើម្បីតាមដាន និងចាត់វិធានការលើខ្លឹមសារនៃការផ្សព្វផ្សាយនានាតាមបណ្តាញអ៊ីនធឺណេត ដែលក្រសួងហៅថា ជាចេតនាបង្កជាចលាចលបណ្តាលឲ្យអន្តរាយដល់វិស័យការពារជាតិ និងសណ្តាប់ធ្នាប់សង្គម គ្រប់រូបភាព និងទម្រង់ក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីមានការអំពាវនាវរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេស ឲ្យប្រជាពលរដ្ឋធ្វើពហិការកុំទៅចូលរួមការបោះឆ្នោត គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះបដារ ក៏ដូចជាសារលើគណនីហ្វេសប៊ុករបស់ពួកគេដោយមានអត្ថន័យថា «ខ្ញុំនឹងមិនទៅបោះឆ្នោតទេ ព្រោះគ្មានគណបក្សដែលខ្ញុំចូលចិត្ត» ឃ្លាថា «ដេកផ្ទះឈ្នះដាច់» រួមទាំងការថតម្រាមចង្អុលដៃ ដោយមានសរសេរសារ «ម្រាមដៃស្អាត» ជាដើម។
ខណៈការបោះឆ្នោតកំពុងខិតជិតចូលមកដល់ វោហារសាស្រ្តរបស់អ្នកនយោបាយ ទាំងអ្នកនយោបាយគណបក្សកាន់អំណាច និងអ្នកនយោបាយគណបក្សប្រឆាំង ដែលថ្លែងពីការទៅ ឬមិនទៅចូលរួមបោះឆ្នោត បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថា ទៅបោះឆ្នោត ឬអត់។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងក្រុមជំទាស់ ដែលកំពុងស្ថិតនៅបរទេស បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ប្រសិនបើមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដោយលោកថា ការបោះឆ្នោតខាងមុខជាការបោះឆ្នោតក្លែងក្លាយ សម្រាប់បង្គ្រប់កិច្ចឲ្យគណបក្សកាន់អំណាចដឹកនាំប្រទេសតាមរបៀបផ្តាច់ការ។
ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ និងទើបប្រកាសថា នឹងបន្តកាន់អំណាចត្រឹមរយៈពេល១០ឆ្នាំទៀតនោះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយភ្ជាប់នឹងការព្រមានជាបន្តបន្ទាប់ថា ប្រសិនបើអ្នកមិនទៅបោះឆ្នោត ហើយបែរយកទឹកខ្មៅ ឬថ្នាំលាបសក់មកលាបលើម្រាមដៃបន្លំថា បានទៅបោះឆ្នោត នោះនឹងត្រូវប្រឈមនឹងការមានទោស។
យ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលដែលជាអ្នកឃ្លាំមើលការបោះឆ្នោត និងអ្នកជំនាញខាងច្បាប់ បានបញ្ជាក់ថា ប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការសម្រចថា ទៅបោះឆ្នោត ឬអត់ ដោយមិនត្រូវមានការចាប់បង្ខំ មិនត្រូវមានសម្ពាធ និងមិនត្រូវមានការគំរាមកំហែងណាមួយនោះទេ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល បានប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ការបង្ហោះសារដែលបង្ហាញពីការទៅបោះឆ្នោត ឬអត់គឺជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋម្នាក់ៗ មិនមែនជាសកម្មភាពខុសច្បាប់នោះទេ។ លោកបន្ថែមថា រដ្ឋាភិបាលគួរពិចារណាដោយគោរពលើសកម្មភាពរបស់ប្រជាពលរដ្ឋក្នុងការសម្តែងមតិ និងការយល់ឃើញរបស់ពួកគេ ជាជាងប្រើវិធានការផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
លោកបញ្ជាក់ថា៖
«វាអត់មានអីខុសច្បាប់ទេ! មែនទែន វាជាសេរីភាពក្នុងការបញ្ចេញមតិទេ។ ហើយបើជាសេរីភាពនៃការបញ្ចេញមតិ វាអត់មានអីខុសទេ ព្រោះច្បាប់បោះឆ្នោត វាស្ថិតក្នុងក្របខណ្ឌនៃច្បាប់បោះឆ្នោត។ អីចឹង ច្បាប់បោះឆ្នោតក្នុងមាត្រាទី១៤២ គេនិយាយអំពីការរារាំង ការបំភិតបំភ័យអីផ្សេងៗ។ វាអត់បាននិយាយពីសេរីភាពក្នុងការបញ្ចេញមតិទេ។ អីចឹងចុងក្រោយគឺថា វាអត់មានអីខុស»។
ការបោះឆ្នោតអាណត្តិនេះកំពុងត្រូវបានស្ថាប័នជាតិ និងអន្តរជាតិធំៗមួយចំនួនមើលឃើញថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌ បន្ទាប់ពីគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តូលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
យ៉ាងណាក៏ដោយ ទាំង គ.ជ.ប.និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុទ្ធតែបានលើកឡើងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនមានការចូលរួមសង្កេតការណ៍របស់ក្រុមសង្គមស៊ីវិល និងមិនមានការទទួលស្គាល់លទ្ធផលឆ្នោតពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕