មេដឹកនាំមួយរូបគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយហើយកំពុងនិរទេសខ្លួនគឺលោកសម រង្ស៊ី បានកំណត់យកថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលលោកវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីអ្វីមួយដែលលោកបានអះអាងថា នឹងស្តារប្រជាធិបតេយ្យកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលបានបញ្ជាក់ថា ការសម្រេចនេះគឺកើតឡើងក្រោយពីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ និងការបញ្ជាក់បន្ថែមពីលោកអេង ឆៃអ៊ាង អនុប្រធានគណបក្ស។
«បាទគឺជាការពិត ព្រោះយើងទើបតែជួបប្រជុំគណៈអចិន្ត្រៃយ៍គណបក្សទើបតែជួបប្រជុំកាលពីវេលាម៉ោង១០ព្រឹកមិញនេះ ម៉ោងនៅក្នុងប្រទេសកម្ពុជាហ្នឹង យើងបានសម្រេច គឺថាយើងនឹងយកថ្ងៃទី៩ ខែវិច្ឆកាឆ្នាំ២០១៩នេះ សម្រាប់ការវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី ប្រធានស្តីទីគណបក្ស»។
នៅពេលសួរពីការចរចាសម្រុះសម្រួលនយោបាយ លោក ឆៃអ៊ាង មិនបានបញ្ជាក់ចំៗទេ តែថានេះជាការសម្រេចចិត្តវិលត្រឡប់របស់លោកសម រង្ស៊ី ដោយឥតងាករេ ហើយមិនខ្លាចនឹងការចាប់ខ្លួនរបស់អាជ្ញាធរទេ។ លោកថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមិនមែនទៅច្បាំងនោះទេ គឺទៅដើម្បីសម្រួលស្ថានការណ៍និងធ្វើឲ្យកម្ពុជាមានសន្តិភាពចាប់ពីថ្ងៃ៩ វិច្ឆិកាតទៅ ដែលថ្ងៃនេះជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាការចង់បានរបស់ពលរដ្ឋខ្មែរទូទៅ។
ក្នុងប្រទេសកម្ពុជាវិញ រដ្ឋាភិបាលបានតែងតាំងសមាសភាព១៤រូប ដើម្បីតាមដានដំណឹងលើបណ្តាញសង្គមហ្វេសប៊ុក ដែលដឹក នាំដោយលោក ហ៊ុយ វណ្ណះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕