តុលាការក្រុងភ្នំពេញ បន្តសវនាការសកម្មជនការពារសិទ្ធិមនុស្ស គឺកញ្ញា សេង ធារី និងសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀតកាលពីព្រឹកថ្ងៃចន្ទ ក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ ពាក់ព័ន្ធការគាំទ្រការវិលត្រឡប់ចូលប្រទេសកម្ពុជាមិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩។
មុនពេលចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកញ្ញា សេង ធារី ដែលជាមេធាវីសញ្ជាតិខ្មែរអាមេរិកាំងផងនោះ ត្រូវគេឃើញស្លៀកពាក់បែបតារាសម្តែងវិញម្តងដោយដៃកាន់ផ្កាឈូករ័ត្ន និងទង់ជាតិខ្មែរ ដងខ្លួនមានលម្អដោយគ្រឿងអលង្ការ និងបានស្រែកទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់។
បើតាមកញ្ញា សេង ធារី សំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាសរបស់កញ្ញា និងសកម្មជននយោបាយផ្សេងទៀតដែលកំពុងត្រូវបានតុលាការបើកការជំនុំជម្រះនោះ គឺជាផ្នែកមួយនៃឈុតឆាកសម្តែងល្ខោននយោបាយដែលរៀបចំដោយអ្នកនយោបាយតែប៉ុណ្ណោះ។
កញ្ញានិយាយថា៖ «បើអ៊ីចឹងបានជាយើងដឹងថា នេះជាល្ខោននយោបាយ។ ពេលយើងចូលល្ខោន យើងទៅសម្តែង ឬទៅមើលការសម្តែង បើអ៊ីចឹងមកពីគេជំរុញឱ្យខ្ញុំសម្តែង គឺខ្ញុំសម្តែងបែបខ្ញុំទៅ ។ មួយអាទិត្យសម្តែងបែបនេះ អាទិត្យក្រោយសម្តែងបែបនោះ។ ពួកគាត់សម្តែងតាមការបញ្ជាពីអ្នកនយោបាយ។ គាត់ត្រូវការសូត្រប៉ារ៉ូល ដែលអ្នកនយោបាយបាននិពន្ធហើយគាត់ត្រូវការសូត្រតាមហ្នឹង។ ប៉ុន្តែពួកយើងពួកខ្ញុំ ដែលមានសេរីភាព មានឯករាជ្យភាព យើងសម្តែងតាមរបៀបយើង…. អត់មានអ្នកណាអាចបញ្ជាឱ្យយើងនិយាយហួសពីអ្វីដែលការណ៍ពិតទេ»។
យ៉ាងណាក៏ដោយបន្ទាប់ពីចូលរួមសវនាការអស់រយៈពេលជាងពីរម៉ោង កញ្ញាសេង ធារីដែលជាអ្នកតស៊ូមតិសកម្មមួយរូបនៅកម្ពុជា បានប្រាប់អ្នកកាសែតថា តុលាការបង្ហាញភស្តុតាងដែលជាឯកសាររបស់អាជ្ញាធរក្នុងការដាក់បន្ទុក និងចោទប្រកាន់ រួមមានវីដេអូមួយចំនួនរបស់លោក សម រង្ស៊ី និយាយពីការវិលត្រឡប់មកកម្ពុជាវិញការឆ្លើយឆ្លងរបស់លោក ឡុង រី ជាមួយសា្ថប័នសារព័ត៌មាន និងរូបភាព របស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិភ្ជាប់ជាមួយអក្សរ ដែលបង្ហាញពីការគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី និងការឆ្លើយឆ្លងមួយចំនួនទៀត។
អ្នកជំនាញច្បាប់រូបនេះ អះអាងថា ការចោទប្រកាន់របស់តុលាការលើកញ្ញាផ្ទាល់ និងសកម្មជនផ្សេងទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ គឺជាការយកជីវិតបុគ្គលមកលេងសើច ឬធ្វើជាល្បែងនយោបាយទៅវិញ។
កញ្ញាសេង ធារីថា៖ «សាររបស់លោក កាក់ កុម្ភារ ដែលគាត់បានបង្ហោះ គាត់សុំឱ្យទាំងអស់គ្នាគាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ហើយយើងថា ហើយម៉េចដែរ? ហើយម៉េចដែរ? អាហ្នឹងអាចឱ្យគាត់ជាប់គុក១២ឆ្នាំ គ្រាន់តែគាត់បង្ហោះសារហ្នឹង? អាហ្នឹងមិនឆ្កួតៗមែនទែន ហើយ?អ្នកផ្សេងទៀតស្រដៀងៗគ្នាហ្នឹងឯង។ មានតែប៉ុណ្ណឹង»។
កញ្ញាបន្ថែមថា៖ «ហើយចំពោះខ្ញុំ អាទិត្យក្រោយមាន៩សន្លឹកតែសុទ្ធតែរូបភាពខ្ញុំ ពាក់ខោអាវជប់លៀងអី ដាក់លេខ៩ក្នុងការរម្លឹកប្រជាជនថា កុំភ្លេចថ្ងៃ៩ជាថ្ងៃដែលលោកសម រង្ស៊ី វិលត្រឡប់មកវិញហើយខុសអី?អាហ្នឹងជាសិទ្ធិរបស់ខ្ញុំ! នៅក្នុងលទ្ធិប្រជាធិបតេយ្យការពារដោយរដ្ឋធម្មនុញ្ញ ការពារដោយច្បាប់ផ្សេងៗទៀត ហើយមានតែប៉ុណ្ណឹង! ហើយខ្ញុំអាចជាប់គុកដល់១២ឆ្នាំ?»
នៅលើដៃទាំងសងខាងរបស់កញ្ញា សេង ធារី មានសរសេរផងដែរនូវលេខ២៥២។ កញ្ញាពន្យល់ថា សវនាការសព្វថ្ងៃ អាចត្រូវបានចាត់ទុកថា យកជាការមិនបានស្របតាមនីតិវិធីព្រហ្មទណ្ឌកម្ពុជាហើយអាជ្ញាធរ មិនគួរខ្ជះខ្ជាយពេលវេលា និងចំណាយធនធានជាតិក្នុងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការមកលើកញ្ញា និងសកម្មជនរបស់អតីតគណបក្សប្រឆាំងបន្តទៀតនោះទេ។
អ្នកនាំពាក្យរបស់សមាគមការពារសិទិ្ធមនុស្សអាដហុក គឺលោក ស៊ឹង សែនករុណា កត់សម្គាល់ថា សំណុំរឿងរបស់កញ្ញា សេង ធារី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ គឺពាក់ព័ន្ធនឹងនយោបាយដែលជាហេតុធ្វើឱ្យពួកគាត់ទាំងនោះពិបាកទទួលយកនូវការចោទប្រកាន់របស់តុលាការ។ លោកបន្ថែមថា មានតែការស្រុះស្រួលខាងនយោបាយទេ ទើបអាចបំបែកសំណុំរឿងនយោបាយបាន។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងដំណោះស្រាយដែលល្អបំផុតសម្រាប់សម្រួលបរិយាកាសនយោបាយនៅកម្ពុជាបានល្អប្រសើរគឺមានតែទម្លាក់ការចោទប្រកាន់ ហើយបើកលម្ហសេរីភាពជូនទៅដល់ក្រុមសកម្មជននយោបាយ ឱ្យពួកគេបង្ហាញ ឬអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេឱ្យបានពេញលេញ ដើម្បីចូលរួមក្នុងការប្រកួតប្រជែង ឬក៏សកម្មភាពផ្សេងៗនៅក្នុងសង្គមប្រជាធិបតេយ្យ ដោយកុំឱ្យមានការរឹតត្បិត ការធ្វើទុក្ខបុកម្នេញផ្សេងៗ។អាហ្នឹងជាអ្វីដែលគួរតែមានការពិនិត្យ ហើយនឹងអនុវត្តឱ្យវាបានល្អប្រសើរ»។
គួររំឭកឡើងវិញផងដែរថា គិតចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រហូតដល់ខែមីនា ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកគាំទ្រសកម្មជនមន្ត្រីគណបក្សតាមបណ្តាខេត្ត និងរាជធានី និងថ្នាក់ដឹកនាំរបស់គណបក្សនេះជិត១៤០នាក់ ត្រូវបានតុលាការចោទប្រកាន់ ឬរងការចាប់ខ្លួនទាក់ទងនឹងបទ«ក្បត់ជាតិ» បទ«រួមគំនិតក្បត់» ឬបទ«ញុះញង់ឲ្យប្រពឹត្តបទឧក្រិដ្ឋ»ជាដើម។ នេះបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
អ្នកស្រី ព្រុំ ចាន់ថា ភរិយារបស់លោកកាក់ កុម្ភារជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញមកពីអតីតគណបក្សជំទាស់ដែលត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិដែរនោះមិនយល់ពីការដាក់បន្ទុករបស់តុលាការចោទប្រកាន់ប្តីរបស់អ្នកស្រីទេ ព្រោះអ្នកស្រីមើលមិនឃើញចំណុចណាដែលបង្ហាញថា ប្តីរបស់អ្នកស្រីក្បត់ជាតិ ឬញុះញង់ប្រជាពលរដ្ឋនោះទេ។
អ្នកស្រីថ្លែងថា៖ «និយាយរួមទៅវីដេអូ និងភស្តុតាងដែលជាសន្លឹកក្រដាស ដែលគេដាក់បង្ហាញព្រឹកមិញនេះ វាគ្មានអ្វីភាពជាក់លាក់ទាំងអស់។ ហើយយកតែរូបភាពបន្តិចបន្តួចយកមកដាក់បន្ទុកវាអត់មានអីត្រូវសោះ»។
យ៉ាងណាក៏ដោយ បើតាមការគ្រោងទុករបស់តុលាការកញ្ញា សេង ធារី និងសកម្មជននយោបាយជំទាស់ផ្សេងទៀតនឹងត្រូវឡើងមកកាន់សាលសវនាការរបស់តុលាការរាជធានីភ្នំពេញសាជាថ្មីទៀតនៅថ្ងៃទី៥ ខែមេសាខាងមុខនេះ៕