អង្គសន្និបាតរយៈពេលពីរថ្ងៃរបស់គណបក្សកាន់អំណាចបានបញ្ចប់ដោយមានការរិះគន់ដល់គណបក្សជំទាស់ និងការរៀបចំយុទ្ធសាស្ត្រថ្មីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ក្នុងពេលខាងមុខ។ ក្នុងខណៈពេលដែលអ្នកតាមដាននយោបាយក្នុងប្រទេសចង់ឃើញគោលនយោបាយថ្មីមួយរបស់គណបក្សកាន់អំណាចដែលឆ្លើយតបទៅនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
នាថ្ងៃច័ន្ទនេះអ្នកតាមដានការវិវឌ្ឍនយោបាយនិងអ្នកនយោបាយកម្ពុជាយល់ថាគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន គួរតែធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅលើបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋកម្ពុជានិងធ្វើការផ្លាស់ប្តូរមន្ត្រីដែលអសកម្ម ជាជាងការបង្កើត គោលនយោបាយដដែលដោយមិនមានសកម្មភាពនោះ។
ការលើកឡើងនេះគឺ មួយថ្ងៃក្រោយពេលដែលគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច ជាង៣៥ឆ្នាំ បញ្ចប់សន្និបាតគណៈកម្មាធិការកណ្តាលប្រចាំឆ្នាំរបស់ខ្លួន រយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញ។ ក្នុងនោះក៏មានការបូកសរុប សកម្មភាព ស្ថានភាពនយោបាយក្នុងនិងក្រៅស្រុកនាឆ្នាំ២០១៥កន្លងមក នឹងការរៀបចំយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០១៦ខាងមុខ។
យោងតាមរបាយការណ៍កម្រាស់ ៤៩ទំព័រ របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគេចែកចាយតាមរយៈសារអេឡិកត្រូនិក ឬ Email បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន បានរៀបចំយុទ្ធសាស្ត្រថា្នក់ជាតិមួយដើម្បីពង្រឹងការអនុវត្តរបស់មន្ត្រីគណបក្សខ្លួន ទប់ទល់នឹងគណបក្សជំទាស់ ក៏ដូចជាត្រៀមខ្លួនក្នុងការបោះឆ្នោត ឃុំ-សង្កាត់ នាខែឧសភាឆ្នាំ២០១៧ផងដែរ។ ក្នុងនោះដែរ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចោទគណបក្សប្រឆាំងថាប្រើប្រាស់ការបោះបង្គោលព្រំដែន និងរឿងព្រំដែនធ្វើជា «អាជីកម្មនយោបាយ» បង្កឲ្យមានចលាចលសង្គមនាឆ្នាំ២០១៥ផងដែរ។
នៅក្នុងឯកសារដែល VOA បានទទួល គណបក្សកាន់អំណាចបានសរសេរក្នុងទិសដៅភារកិច្ចនាពេលខាងមុខរបស់ខ្លួនក្នុងឆ្នាំ២០១៦ យ៉ាងដូច្នេះថា៖ «ជាមួយនឹងកត្តាអំណោយផលនានា យើងក៏នឹងត្រូវប្រឈមនឹងការលំបាកច្រើនដែរ ជាពិសេសភាពយឺតយ៉ាវនៃកំណែទម្រង់ឲ្យបានខ្លាំងក្លា និងកាន់តែមានប្រសិទ្ធភាពឡើង ពង្រឹងការឯកភាពទាំងទស្សនៈ គោលជំហរ និងសកម្មភាព ហើយបង្កើនស្មារតីម្ចាស់ការ និងប្រុងប្រយ័ត្ន ខ្ពស់សំដៅទប់ស្កាត់ទង្វើអាក្រក់ផ្សេងៗរបស់ក្រុមប្រឆាំង»។
របាយការណ៍ដដែលក៏បាន បញ្ជាក់ថាគណបក្សខ្លួននិងពង្រឹងការផ្សព្វផ្សាយគោលនយោបាយនិងច្បាប់បោះឆ្នោតដល់ប្រជាជននិងមន្ត្រីរបស់ខ្លួនក្នុងថ្នាក់មូលដ្ឋាន ជាពិសេសបង្កើតចលនាបោះឆ្នោត តាមភូមិចំណុះឃុំនិងសង្កាត់នីមួយៗក្នុងការ «កសាង ពង្រឹង ពង្រីកសមាជិកគណបក្ស និងគ្រប់គ្រងសមាជិកគណបក្សដែលមានសិទ្ធិបោះឆ្នោត»។
យ៉ាងណាក៏ដោយ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សជំទាស់ដែលមានសំឡេងភាគតិចក្នុងរដ្ឋសភាបានយល់ថា៖ «គណបក្សសង្គ្រោះជាតិធ្វើសកម្មភាពស្របច្បាប់ ធ្វើសកម្មភាព បម្រើផលប្រយោជន៍ជាតិធ្វើសកម្មភាពដោយស្មោះត្រង់ ហើយធ្វើការតស៊ូមតិដោយសន្តិវិធី។ យើងអត់ចាត់ទុកខ្មែរណាជាសត្រូវ ហើយយើងមិនចោទប្រកាន់ មិនលាបពណ៌ អ្នកនេះ អញ្ចេះអ្នកនោះអញ្ចុះ អ្នកនេះទង្វើអាក្រក់ អ្នកនោះទង្វើល្អ។ ខ្ញុំមិននិយាយបែបហ្នឹងទេ។ កុំចោទគណបក្សនេះអញ្ចេះ គណបក្សនោះអញ្ចុះ។ ធ្វើម៉េចក៏ដោយ ខំធ្វើសកម្មភាពតាមគោលនយោបាយរបស់គណបក្សរបស់ខ្លួនទៅ ហើយបើប្រជាពលរដ្ឋគេគាំទ្រគណបក្សណា ជារឿងរបស់គេ ជាឆន្ទៈរបស់គេ»។
លោកបន្តថាគណបក្សនយោបាយក្នុងប្រទេសកម្ពុជាគួរតែធ្វើតាមឆន្ទៈរបស់ប្រជាពលរដ្ឋ និងតាមសេចក្តីត្រូវការរបស់ពួកគាត់ជាជាងការបង្កើតយុទ្ធសាស្ត្រ និងរៀបចំក្រុមការងាររបស់ខ្លួន គ្រប់គ្រងប្រជាពលរដ្ឋ។
«គោលនយោបាយរបស់យើង គឺយើងព្យាយាមផ្សព្វផ្សាយគោលនយោបាយរបស់យើងឲ្យទៅប្រជាពលរដ្ឋទៅ។ ក្តាប់សេចក្តីត្រូវការនិងការចង់បានរបស់ប្រជាពលរដ្ឋទៅហើយយើងធ្វើតាមការចង់បានរបស់គាត់ និងឆន្ទៈរបស់គាត់ទៅគឺដូចជាវាគ្មានអ្វីគួឲ្យស្មុគស្មាញទេ»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់ នាឆ្នាំ២០១៧និងការបោះឆ្នោតសាកលដើម្បីជ្រើសរើសតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខ។ គណបក្សនយោបាយកម្ពុជា ជាច្រើនកំពុងតែមមាញឹក ក្នុងការបានរៀបចំខ្លួននិងគោលនយោបាយរបស់ខ្លួនដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតពេលខាងមុខ។
លោក គល់ បញ្ញាប្រធានប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ដែលហៅកាត់ថា ខុមហ្រែ្វល COMFREL បានប្រាប់ VOA ថាការដាក់ផែនការយុទ្ធសាស្រ្តរបស់គណបក្សនយោបាយគឺជារឿងល្អសម្រាប់ការប្រកួតប្រជែង ក្នុងគោលនយោបាយ ជាមួយគណបក្សនយោបាយនានា សម្រាប់ពេលបោះឆ្នោត ខាងមុខ។
«ក៏ប៉ុន្តែគ្រាន់ថា គណបក្សប្រជាជន ភាគច្រើនមន្ត្រីដែលចូលរួមនៅការចាត់ចែងរបស់គណបក្សហ្នឹងវាទាក់ទិននឹងមន្ត្រី ហ្នឹងដែលជាបញ្ហាមានភាពច្របូកច្របល់ នៅពេលមានការដាក់បទបញ្ជាអីផ្សេងៗហ្នឹង។ វាទាក់ទិននឹងមន្ត្រីមានសមត្ថកិច្ច ដែលធ្វើកិច្ចការងារអាជ្ញាធរដែលគ្រប់គ្រងការងាររដ្ឋបាលដែលត្រូវបម្រើឲ្យគ្រប់គណបក្សនឹងទៅបម្រើឲ្យគណបក្ស។ កិច្ចការខ្លះហ្នឹង វាមានការំលោភបំពារបំពានទៅលើច្បាប់ ទៅលើគណបក្សផ្សេងៗទៀត។ ដោយសារអី?ដោយសារអ្នកដែលមានតួនាទី ដែលត្រូវរក្សាសុវត្ថិភាព សន្តិសុខ ឲ្យគ្រប់គណបក្សហ្នឹង បែរជាទៅការពារឲ្យគណបក្សខ្លួនឯង គណបក្ស កាន់អំណាចអញ្ចឹងទៅ»។
នៅក្នុងរបាយការណ៍៤៩ទំព័រ ដែលគេចែកចាយក្នុងអង្គសន្និបាតរយៈពេលពីរថ្ងៃ គណបក្សកាន់អំណាចបញ្ជាក់ថានឹងពង្រឹង ការអនុវត្តច្បាប់ រក្សាស្ថិរភាព សន្តិភាព បង្កើនសមិទ្ធិផលនិងសេវាសាធារណៈជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតប្រាក់បៀវត្សរ៍ របស់បុគ្គលិករាជការនិង កម្មករ រួមទាំងជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីសហជីពផងដែរ នាឆ្នាំ២០១៦នេះ។
សម្រាប់ លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយយល់ថា គោលនយោបាយយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាចគឺមិនមានអ្វីថ្មី សម្រាប់លោក ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការផ្លាស់ប្តូរមន្ត្រីដែលអសកម្មក្នុងគណៈរដ្ឋមន្ត្រីនិងការកែប្រែគោលនយោបាយសង្គមមួយដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ។ លោកថាគោលនយោបាយថ្មី របស់គណបក្សកាន់អំណាច បានដាក់នៅក្នុងអង្គប្រជុំខ្លួនដែលបញ្ចប់កាលពីថ្ងៃអាទិត្យនេះមិនឆ្លុះបញ្ចាំងពីការចង់កែទម្រង់មួយនោះទេ។
«មានន័យថាគណបក្សប្រជាជនភ័យខ្លួនជាងមុន មិនដូចកាលមុនជិះសេះលែងដៃទាំងស្រុង អត់ខ្វល់ អត់អីអញ្ចឹង តែគ្រាន់តែថាឥឡូវគឺឲ្យខ្វល់ជាងមុន។ ក៏ប៉ុន្តែមិនមានអ្វីដែលដូរជារចនាសម្ព័ន្ធ ឬជាប្រព័ន្ធនោះទេ។ អ្វីដែលយើងចង់ឃើញដូរជាប្រព័ន្ធ គឺត្រូវការដូរបុគ្គលមួយចំនួននៅក្នុងថ្នាក់ដឹកនាំ ជាពិសេសគឺគណៈរដ្ឋមន្ត្រីតែម្តង ហើយបន្ទាប់ពីហ្នឹងទៅគឺត្រូវមានគោលនយោបាយឬគម្រោងច្បាស់លាស់ដែលខុសពីឥឡូវ។ ឥឡូវនេះយើងមើល បរាជ័យនៅតុលាការយុត្តិធម៌ បរាជ័យរឿងដីធ្លី រឿងដីសម្បទានសេដ្ឋកិច្ច គ្រប់គ្រងមិនបានទេ បរាជ័យរឿងព្រៃឈើ សុទ្ធតែជារឿងគួរឲ្យឈឺក្បាលបំផុត»។
ក៏ប៉ុន្តែ របាយការណ៍សកម្មភាពភាពរបស់គណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សកាន់អំណាចរបស់ខ្លួន បានពង្រីកការអនុវត្តច្បាប់ ការគ្រប់គ្រងលើប្រព័ន្ធដីធ្លី និងការកាប់បំផ្លាញព្រៃឈើផងដែរ។ ក្រោយពេលកិច្ចប្រជុំ ២ថ្ងៃរបស់ខ្លួននាទីក្រុងក្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃច័ន្ទនេះថា៖ «ការពិភាក្សានិងការអនុម័តនូវឯកសារដ៏មានសារៈសំខាន់នេះបង្ហាញពីការទទួលខុសត្រូវក្នុងឋានៈជាបក្សកាន់អំណាចដែលត្រូវ គិតគូរគ្រប់ជ្រុងជ្រោយ និងគ្រប់បញ្ហាដែលជាផលប្រយោជន៍របស់ជាតិ និងប្រជាជនយើង»៕