ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរសង្គម ឬ Social Tranformation ដែលយុវជនគឺជាតួអង្គសំខាន់ជាងគេក្នុងការតម្រង់ទិសការប្រែប្រួលសង្គមឲ្យឈានដល់ការផ្លាស់ប្តូរនយោបាយជាវិជ្ជមាន។ នេះបើតាមលោក ឈាង វណ្ណារិទ្ធ បញ្ជាក់ប្រាប់ VOA នាថ្ងៃសុក្រនេះ។
«ពីព្រោះថា យុវជនគាត់ត្រូវការនូវឱកាសការងារ ក៏ដូចជាចង់ឃើញនូវការកំណែទម្រង់ ឬការផ្លាស់ប្តូរអ្វីមួយ ស្របអ្វីដែលពួកគាត់ចង់បាន។ នេះគេហៅថា ការផ្លាស់ប្តូរសង្គមមួយហៅថា Social Tranformation»។
លោក ឈាង វណ្ណារិទ្ធ ដែលជាសាស្ត្រាចារ្យខាងការសិក្សាអំពីតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Leeds នៅចក្រភពអង់គ្លេស បានឲ្យដឹងថា យុវជនកម្ពុជានាពេលបច្ចុប្បន្ននេះ មានភាពសកម្មក្នុងការចង់ដឹង និងចង់យល់អំពីបញ្ហានៅក្នុងប្រទេសក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក។ ហើយនេះគឺជាមូលហេតុដែលយុវជនខ្លួនឯងក្លាយជាតួអង្គសំខាន់ក្នុងការដឹកនាំ ឬតម្រង់ទិសលទ្ធិប្រជាធិបតេយ្យ គោលនយោបាយ និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។
«យុវជននឹងដើរតួសំខាន់ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិនៅក្នុងការបោះឆ្នោតខាងមុខថា តើគាត់សម្រេចចិត្តជ្រើសយកថ្នាក់ដឹកនាំប្រភេទណាដើម្បីបម្រើផលប្រយោជន៍របស់គាត់ ដូចជាការងារ និងបង្កើនឱកាសពង្រឹងសមត្ថភាព។ ដូច្នេះ គាត់ជាអ្នកកំណត់ជោគវាសនារបស់កម្ពុជា។ ដូច្នេះការបោះឆ្នោត២០១៨នេះគឺយុវជនជាស្នូលកំណត់ការវិវត្តនយោបាយនៅកម្ពុជា»។
ការលើកឡើងនេះកើតមានឡើងស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាផ្លូវការទទួលស្គាល់ទំព័រហ្វេសប៊ុករបស់លោក ដែលមានអ្នកគាំទ្រជាងមួយលាននាក់ និងមានការបង្កើតកម្មវិធី App ទូរស័ព្ទ Smartphone របស់លោក។ ជារឿយៗ លោក ហ៊ុន សែន តែងតែបង្ហោះនូវសកម្មភាពការងាររបស់លោកផ្សាយផ្ទាល់នូវការថ្លែងសុន្ទរកថា ចេញប្រតិកម្មឆ្លើយតបភ្លាមៗទៅនឹងស្ថានការណ៍នយោបាយផ្សេងៗ ដើម្បីទាក់ទងដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ។ ដូចគ្នាដែរ ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ក៏មានការបញ្ចេញមតិរបស់លោក និងធ្វើការវាយប្រហារចំៗចំពោះគណបក្សកាន់អំណាចតាមរយៈទំព័រ Facebookដែរ។
ថ្លែងនៅក្នុងសន្ទរកថាសាធារណៈមួយ ក្រោមប្រធានបទ«ទស្សនវិស័យ នយោបាយកម្ពុជា» រៀបចំដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ហៅកាត់ថា CICP នាព្រឹកថ្ងៃសុក្រនេះ លោក ឈាង វណ្ណារិទ្ធ លើកឡើងថា ការប្រែប្រួលសង្គមដោយយុវជន ឬ Social Tranformation ក្លាយជាចំណាប់អារម្មណ៍កាន់តែខ្លាំងទៀតពីអ្នកនយោបាយ បន្ទាប់ពីវប្បធម៌សន្ទនារវាងគណបក្សនយោបាយជាប់ឆ្នោតទាំង២បានរលត់ទៅវិញ កាលពីចុងឆ្នាំ២០១៥នោះ។
លោក ជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានឲ្យដឹងថា ចលនារបស់យុវជនក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ បានធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកនយោបាយ ក៏ដូចជាធ្វើឲ្យប្រជាជនកម្ពុជាទូទៅចូលរួមកិច្ចការនយោបាយ។ ហើយចលនានេះនឹងកាន់តែមានសារៈសំខាន់ថែមទៀត សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ។
លោក ជាង សុខា បានអះអាងថា អ្នកនយោបាយកំពុងខិតខំប្រឹងធ្វើយ៉ាងណាដើម្បីកៀងគរយុវជនឲ្យគាំទ្ររបៀបវារៈរបស់គណបក្សនយោបាយរៀងៗខ្លួនក្នុងអាណត្តិថ្មីខាងមុខ ហើយនេះជាឱកាសមួយដែលយុវជនអាចប្រើប្រាស់សិទ្ធិខ្លួនទាមទារនូវតម្រូវការចាំបាច់ ដើម្បីផ្លាស់ប្តូរការរស់នៅរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន។
លោកបន្ថែមទៀតថា យុវជនមានតួនាទីមិនអាចខ្វះបានចំពោះដំណើរការវិវត្តន៍នៃសង្គម ពោលគឺយុវជនត្រូវឃ្លាំមើលអ្នកនយោបាយទាំង៣ដំណាក់កាលនៃការបោះឆ្នោត គឺមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។
«មុនពេលបោះឆ្នោត គាត់ជាពលរដ្ឋដ៏សកម្មតាមដានការប្រព្រឹត្តទៅនៃការងាររបស់រដ្ឋាភិបាលដែលកំពុងតែធ្វើ។ លើសពីការតាមដាន គាត់ត្រូវចូលរួមធ្វើសកម្មភាពដើម្បីទាមទារឲ្យអ្នកនយោបាយធ្វើអ្វីដែលបានសន្យា។ ក្នុងពេលបោះឆ្នោត គាត់អាចដើរតួជាអ្នកបោះឆ្នោត អ្នកឈរឈ្មោះបោះឆ្នោត ឬដើរតួជាអ្នកសង្កេតការណ៍បោះឆ្នោត។ ក្រោយពេលបោះឆ្នោត គាត់ត្រូវឃ្លាំមើលអ្នកនយោបាយឲ្យកាន់តែដិតដល់ទាមទារឲ្យអ្នកជាប់ឆ្នោតមានការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ»។
លោក ជាង សុខា គូសបញ្ជាក់ថា ទន្ទឹមនឹងការខិតខំសិក្សាពង្រឹងសមត្ថភាពរបស់ខ្លួននោះ យុវជនមិនគួរមើលរំលងនូវសិទ្ធិនយោបាយរបស់ខ្លួននោះទេ។
«កាលណាមនុស្សទាត់ចោលសិទ្ធិនយោបាយ ពេលនោះហើយមនុស្សម្នាក់នោះមិនមានភាពជាពលរដ្ឋពេញលេញនៅក្នុងសង្គមទេ។ កាលណាយុវជនមិនយល់ពីសង្គមរបស់ខ្លួន មិនមានភាពជាម្ចាស់លើសង្គមរបស់ខ្លួនគឺជាទស្សនៈអវិជ្ជមាន មានការខុសឆ្គង ហើយកំពុងធ្វើឲ្យយុវជនបោះបង់ការចូលរួម ឬស្វែងយល់ការចូលរួមរបស់ខ្លួន»។
គិតមកត្រឹមឆ្នាំ២០១៤នេះ ចំនួនយុវជនដែលមានអាយុចន្លោះពី១៥ឆ្នាំដល់២៩ឆ្នាំនៅកម្ពុជាមានចំនួនប្រមាណ៥លាននាក់។ ចំនួននេះស្មើនឹង៣០%នៃចំនួនប្រជាជនសរុប និងមានការកើនឡើងដល់៤០%នៅឆ្នាំ២០២០។ ចំនួននេះត្រូវបានគេជឿជាក់ថា នឹងមានឥទ្ធិពលខ្លាំងក្លាចំពោះលទ្ធផលបោះឆ្នោតខាងមុខ៕