ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​ឯករាជ្យ​ត្រូវ​ហាម​ប្រាម​ក្នុង​កម្មវិធី​ខ្លះ​នៃ​ទស្សនកិច្ច​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី


រូបឯកសារ៖ លោក Dmitry Medvedev នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ថ្លែង​ក្នុង​កម្មវិធីទូរទស្សន៍​ជាតិ​ផ្សាយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​ទូរទស្សន៍ Ostankino នៃ​រដ្ឋធានីមូស្គូ​កាល​ពី​ថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤។
រូបឯកសារ៖ លោក Dmitry Medvedev នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ថ្លែង​ក្នុង​កម្មវិធីទូរទស្សន៍​ជាតិ​ផ្សាយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​ទូរទស្សន៍ Ostankino នៃ​រដ្ឋធានីមូស្គូ​កាល​ពី​ថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤។

លោក​ Dmitry​ Medvedev ​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​កំពុង​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​២២​ដល់​ថ្ងៃ​២៤​ ខែ​វិច្ឆិកា​ ដើម្បី​រឹត​ចំណង​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

មន្ត្រី​សហព័ន្ធ​រុស្ស៊ី​បាន​ស្នើ​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​កម្ពុជា​ចូលរួម​យក​ព័ត៌មាន​ទេ​ក្នុង​កម្ម​វិធីខ្លះ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ីមក​កាន់​ប្រទេស​កម្ពុជា។ មន្ត្រី​រុស្ស៊ី​បាន​លើក​សំណើ​នេះ​មក​ក្រសួង​ការបរទេស​កម្ពុជា។​

ក្រុម​អ្នក​យក​ព័ត៌មាន​កម្ពុជា​ត្រូវ​គេ​ហាម​មិន​ឲ្យចូល​រួម​យក​ព័ត៌មាន​ក្នុង​កម្មវិធី​មួយ​ចំនួន​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ Dmitry​ Medvedev ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ក្នុង​ពេល​លោក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ និង​ចូល​គាល់​ព្រះ​មហា​ក្សត្រ​នរោត្តម​ សីហមុនី​ ក្នុង​ព្រះ​បរម​រាជវាំង​នោះ​ទេ។​

លោក​ Dmitry​ Medvedev ​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​កំពុង​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​២២​ដល់​ថ្ងៃ​២៤​ ខែ​វិច្ឆិកា​ ដើម្បី​រឹត​ចំណង​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។​ លោក​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី Dmitry​ Medvedev ​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃស្អែក​ ហើយ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​រាប់ទាំង​ការ​លាង​លុយ​កខ្វក់​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើភេរវ​កម្ម​ផង​ដែរ។​

រូបឯកសារ៖ លោក Dmitry Medevedel នាយករដ្ឋ​មន្ត្រី​រុស្ស៊ី ថត​រូប​អនុស្សាវរីយ៍​ជាមួយ​នឹង​ភ្ញៀវ​ទេសចរ​ ខណៈពេល​ដែល​លោក​ធ្វើ​ដំណើរ​កម្សាន្ត​មួយ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត​កាល​ពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Reuters/Dmitry Astakhov/Sputnik/Pool)
រូបឯកសារ៖ លោក Dmitry Medevedel នាយករដ្ឋ​មន្ត្រី​រុស្ស៊ី ថត​រូប​អនុស្សាវរីយ៍​ជាមួយ​នឹង​ភ្ញៀវ​ទេសចរ​ ខណៈពេល​ដែល​លោក​ធ្វើ​ដំណើរ​កម្សាន្ត​មួយ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត​កាល​ពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Reuters/Dmitry Astakhov/Sputnik/Pool)

លិខិត​របស់​លោក​ ឡុង វិសាលោ ​រដ្ឋមន្ត្រី​ស្តី​ទី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ផ្ញើរ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​សរសេរ​ថា​ ភាគី​រុស្ស៊ី​បាន​ស្នើ​សុំ​កុំ​ឲ្យ​មាន​អ្នកយក​ព័ត៌មាន​ក្នុង​ស្រុក​ចូលរួម​យក​ព័ត៌មាន​នៅ​ក្នុង​កម្ម​វិធី​ទស្សនា​កម្សាន្ត ​នៅ​សៀមរាប​ និង​នៅ​ក្នុង​ព្រះ​បរមរាជ​វាំង​ ព្រោះ​កម្មវិធី​នេះ​ជា​កម្មវិធី​មាន​លក្ខណៈ​ឯកជន។ ​ចំពោះ​ទស្សន​កិច្ច​នៅ​សៀមរាប ​ភាគី​រុស្ស៊ី​ បាន​ស្នើ​សុំ​ឲ្យ​មាន​តែ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ និង​ទី​ភ្នាក់ងារ​ព័ត៌មាន ​AKP ​ម្នាក់​តែ​ប៉ុណ្ណោះ។​

លោក​ មឿន ឈានណារិទ្ធ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន ​បាន​ថ្លែង​ថា​ ការ​រឹតត្បិត​សេរីភាព​ព័ត៌មាន​ពី​ប្រទេស​មហា​អំណាច​ដូច​ជា​រុស្ស៊ី​នេះ​ វា​ជា​រឿង​គួរ​ឲ្យងឿង​ឆ្ងល់​ ហើយ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រទេស​កម្ពុជា​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ ដែល​មិន​ដឹង​ថា​ តើ​យក​ប្រទេស​ណា​ជា​គម្រូក្នុង​ការ​គោរព​សេរីភាព​ព័ត៌មាន។​

«ហើយ​ប្រសិន​ជា​ប្រទេស​រុស្ស៊ីដែល​ជា​មហា​អំណាច​មួយ​ គាត់​ប្រកាន់​ជំហរ​រឹតត្បិត​សេរីភាព​សារព័ត៌​មាន​បែប​នេះ​ ខ្ញុំ​គិត​ថា​ ប្រទេស​យើង​ងាយ​នឹង​បត់​ តាម​ប្រទេស​រុស្ស៊ី ​ហើយ​ប្រទេស​ដទៃ​ទៀត​ដែល​មាន​គោល​ជំហរ​មិន​ទាន់​ច្បាស់លាស់​ចំពោះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ឬ​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ថ្មីៗ​ប្រហែល​ជា​ដើរ​តាម​ហើយ»។​

លោក ​ណារិទ្ធ​ បាន​បន្ថែម​ថា​ លោក​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ថា​ រឿង​នេះ​វា​ប៉ះពាល់​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌​មាន​កាន់​តែ​ ត្រូវ​រឹត​ត្បិត។​

មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ​ក្នុង​ដំណើររបស់​លោក​នាយករដ្ឋ​មន្ត្រី​រស្ស៊ី​ពី​ទីក្រុង​សៀមរាប​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ល្ងាច​នេះ​ មាន​ឲ្យ​តែ​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ និង​ភ្នាក់ងារ​សារ​ព័ត៌មាន​ AKP​ ម្នាក់​តែ​ប៉ុណ្ណោះ​ត្រូវ​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន។​

ក្រុម​មន្ត្រី​សន្តិសុខ​បាន​និយាយ​ថា​ មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ការពារ​សន្តិសុខ​ជា​ច្រើនតាម​ដង​ផ្លូវ ​និង​មាន​ការ​បិទ​ផ្លូវ​សាធារណៈ​មួយ​ចំនួន​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ៕​

XS
SM
MD
LG