អ្នកតាមដាន និងវិភាគនយោបាយកម្ពុជា មើលឃើញថា ស្ថានភាពនយោបាយនៅកម្ពុជា ហាក់ដូចជាចុះកម្ដៅបន្តិចវិញក្នុងរយៈពេលលើស២៤ ម៉ោងចុងក្រោយនេះ ពោលគឺក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហើបថា សភាជាកន្លែងសម្រាប់ចរចា និងការលើកឡើងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខមន្ទីរឃុំឃាំងព្រៃសកាលពីថ្ងៃពុធថាគណបក្សលោកមានគម្រោងងាកទៅរកការចរចាបញ្ចប់ជម្លោះ។
លោក សុន ឆ័យ ថ្លែងថា គណបក្សប្រឆាំងនឹងយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋានជារួម ហើយឲ្យតម្លៃអាយុជីវិតប្រជាពលរដ្ឋស្មើគ្នាទៅនឹងអាយុជីវិតអ្នកនយោបាយ។
«បញ្ហាធ្វើបាតុកម្ម ទោះបីជាជម្រើសចុងក្រោយយ៉ាងណា ក៏ត្រូវតែខិតខំឲ្យបានជាអតិបរមាដើម្បីដោះស្រាយបញ្ហាស្មុគស្មាញតាមការជជែកគ្នារវាងគណបក្សទាំងពីរ។ យើងជាគណបក្សមួយដែលយកយោបល់គ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើជាការសម្រេចរួម។ ជីវិតមនុស្សយើង មានតម្លៃដូចគ្នា។ មិនមែនថាតំណាងរាស្ត្រ ព្រឹទ្ធសភាមានតម្លៃថ្លៃជាងមនុស្សទូទៅទេ»។
លោកលើកឡើងបែបនេះ ពេលដែលចេញពីសួរសុខទុក្ខអ្នកនយោបាយ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនដែលនៅជាប់ឃុំឃាំង គឺមួយថ្ងៃក្រោយ លោក ហ៊ុន សែន ថ្លែងថាកន្លែងតែមួយគត់ដើម្បីនិយាយគ្នាគឺនៅសភា ដែលជាកន្លែងដែលអាចបង្កើតការយោគយល់គ្នាបានរវាងអ្នកនយោបាយ។
អ្នកតាមដាននិងវិភាគនយោបាយនិងសង្គមកម្ពុជាយល់ថា ការណ៍ព្រលយពីតម្រុយការចរចានេះ ជាសញ្ញាណវិជ្ជមាន ដែលនឹងអាចបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ ពេលដែលគណបក្សធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងបង្ហាញចេតនាពីការជ្រើសរើសការជជែកគ្នាដោយសន្តិវិធី ជាជាងការប្រឈមមុខដាក់គ្នានោះ។
លោក មាស នី អ្នកវិភាគពីការអភិវឌ្ឍសង្គម បានប្រាប់VOAថា៖
«សញ្ញាណវិជ្ជមានពីរក្នុង ២៤ម៉ោងចុងក្រោយនេះ លោក ហ៊ុន សែន ថាបើមានការនិយាយអីឲ្យទៅសភា ដែលហាក់ដូចជាបើកភ្លើងខៀវឲ្យគណបក្សប្រឆាំង គណបក្សប្រឆាំងក៏ដូចជាបង្ហាញជំហរពីការចូលទៅសភា។ អ្វីដែលជាជំហរប្រកាស ប៉ុន្មានម៉ោងចុងក្រោយនេះ យ៉ាងហោចណាស់ក៏បង្ហាញប្រជាពលរដ្ឋឲ្យមានការសប្បាយចិត្តដែលគណបក្សទាំងពីរអាចនិយាយគ្នាបាន»។
លោកបន្តទៀតថា បើស្ថានភាពនយោបាយនៅតែមានការឆ្លើយឆ្លងគ្នាដោយការប្រើវោហារសព្ទព្រមានពីការធ្វើមហាបាតុកម្មអហិង្សាពីបក្សប្រឆាំង និងការបង្ហាញកម្លាំងទ័ពពីបក្សកាន់អំណាច នៅបន្តបែបនេះទៀតនោះ នោះគណបក្សទាំងពីរប្រាកដជាដើរដល់ផ្លូវទ័លច្រករៀងៗខ្លួន។
«គណបក្សសង្គ្រោះជាតិមិនមានជម្រើសអ្វីក្រៅពីប្រើកម្លាំងគាំទ្រប្រជាជនមកដាក់គំនាបលើរដ្ឋាភិបាល ហើយរដ្ឋាភិបាល ក៏អត់មានជម្រើសអីក្រៅពីការត្រៀមកម្លាំងប្រដាប់អាវុធរួចស្រេចដើម្បីបង្ក្រាបប្រជាពលរដ្ឋខ្មែរគ្នាឯងដែលអត់អាវុធ»។
រីឯលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការ Comfrel (ខុមហ្រែ្វល) ដែលឃ្លាំមើលការបោះឆ្នោតវិញ ប្រាប់VOAថា ក្នុងកិច្ចការងារនយោបាយមានតែការចរចាប៉ុណ្ណោះដែលអាចបង្កើតជាដំណោះស្រាយដែលមានទំនោរទៅរកសន្តិភាព។
លោកប្រាប់ទៀតថា ទោះបីជាបាន ឬមិនបានផលយ៉ាងណាក្ដី ការស្នើឲ្យមានការចរចា ឬការព្រមទទួលយកការចរចានោះ គឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។
«ការចរចាឬសន្ទនា ជាដំណើរការ។ នៅក្នុងកិច្ចការនយោបាយក្នុងសង្គមប្រជាធិបតេយ្យ គេចរចារហូត ជួនកាលវាបានផល ជួនវាមិនបានផល តែម្នាក់ៗ ត្រូវបង្ហាញពីឆន្ទៈប្រើប្រាស់ការចរចា ការពិភាក្សាគ្នាជាមធ្យោបាយ»។
លោកថា នេះមិនមែនជារឿងថ្មីទេ ហើយគណបក្សនយោបាយគួរក្រឡេកទៅមើលដំណើរនៃការចរចាសន្តិភាពមុនៗ។
«ទម្លាប់ ឬប្រតិបត្តិកន្លងមកដែលយើងបានធ្វើកាលពីឆ្នាំ១៩៩១ ពេលយើងចាប់ផ្ដើមរៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិយាយមកយើងធ្លាប់មានការប្រើប្រាស់កិច្ចសន្ទនាគ្នាខាងនយោបាយដែរ កន្លងមកទោះជាគ្មានក្របខណ្ឌច្បាស់លាស់ក្ដី ក៏យើងធ្លាប់បានអនុវត្តហើយមានពិសោធន៍ទៀត»។
តាមរយៈការឆ្លើយឆ្លងជាសាធារណៈ តាមបណ្ដាញព័ត៌មាននានា ទាក់ទិននឹងទំនោរទៅរកដំណើរការចរចាថ្មីៗនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ប្រាប់VOAថា គណបក្សលោកមិនដែលធ្វើពហិការមិនចូលសភាទេ ហើយការចរចាតាមនីតិរដ្ឋគឺជាគោលជំហររបស់គណបក្សសង្គ្រោះជាតិ។
«គណបក្សសង្គ្រោះជាតិមិនដែលធ្វើពហិការទេ។ ភាពជាក់លាក់មួយដែលខ្មែរនិងខ្មែរជជែកគ្នា អាចសន្ទនាគ្នាទៅ យើងនឹងបន្តការជជែកគ្នាក្នុងស្ថាប័នរដ្ឋសភានេះឯងបាទ»។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា ក៏មិនធ្វើអ្វីបានក្រៅពីតែការជជែកគ្នាក្នុងសភាដែរនាពេលនេះ។
«យើងអត់ធ្វើការអីក្នុងលទ្ធភាពនៃ ការឆ្លើយឆ្លងតាមវិទ្យុតាមអីណាជាផ្លូវកាត់ទេ តែអ្វីដែលយើងធ្វើការគឺក្រោមដំបូលនៃរដ្ឋសភា»។
កាលពីចុងខែសីហា និងដើមខែកញ្ញាឆ្នាំ២០១៦ មុននិងក្រោយការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំង រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ពង្រាយកម្លាំងទ័ពចម្រុះទាំងជើងគោក ជើងទឹក និងជើងអាកាស ក្បែរទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសកំបាំងមុខដាក់ពន្ធនាគារក្នុងរឿងក្ដីផ្សេងៗគ្នា ហើយតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយចំនួន ក៏កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារផងដែរដោយសារសកម្មភាពរិះគន់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាការពារបូរណភាពទឹកដី។
មកដល់ពេលនេះ យ៉ាងហោចណាស់ មានអ្នកការពារសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុកនិងមន្ត្រីរៀបចំការបោះឆ្នោត សកម្មជននយោបាយ មន្ត្រីនិងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងផ្សេងទៀត ក៏កំពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងការតវ៉ាក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម និងការចោទប្រកាន់លើបទពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាដើម។
ឃាតកម្មបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមកម្ពុជា ដែលបានកើតឡើងទាំងកណ្ដាលថ្ងៃនៅរាជធានីភ្នំពេញកាលពីខែកក្កដាកន្លងទៅ ត្រូវគេមើលឃើញថា ជាការធ្វើឲ្យស្ថានភាពនយោបាយកម្ពុជាកាន់តែវឹកវរថែមទៀត ហើយការស្លាប់របស់លោក កែម ឡី នេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពក្នុងការនិយាយរិះគន់រដ្ឋាភិបាល និងជាការបង្ហាញថា អំពើហិង្សានៅកម្ពុជា នៅតែបន្តកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ អ្នកតាមដានស្ថានការណ៍នយោបាយយល់ស្របជារួមថា ការចរចាដែលគេនឹងរំពឹងថាកើតមានឆាប់ៗនេះ នឹងទាញស្ថានភាពនយោបាយ ឲ្យមករកភាពប្រក្រតីឡើងវិញ ដែលអាចសម្រួលដល់ការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ ២០១៧ និង២០១៨ ឲ្យប្រព្រឹត្តទៅក្នុងបរិយាកាសគ្មានការគំរាមកំហែង និងមានលក្ខណៈសេរីពេញលេញនាពេលខាងមុខនេះ៕