ការឆ្លើយតបរបស់លោក ហ៊ុន សែន ចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល គឺជាការបង្ហាញពីភាពខ្លាំងរបស់លោក។ ប៉ុន្តែ អ្នកវិភាគបានក្រើនរំឭកថា ដំណោះស្រាយតាមបែបកណ្ដាប់ដៃខ្លាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាមិនអាចជួយលោកនៅក្នុងការបោះឆ្នោតខាងមុខនោះទេ។
គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលជាគណបក្សគ្រប់គ្រងប្រទេសកម្ពុជាសព្វថ្ងៃ បានបន្តកាន់អំណាចទៅមុខទៀត បន្ទាប់ពីបានឈ្នះការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៣ កន្លងមកនេះ។
ប៉ុន្តែគណបក្សនេះបានបាត់បង់សំឡេងរបស់ខ្លួនជាច្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីគណបក្សប្រឆាំងបានលើកយកបញ្ហាមិនសប្បាយចិត្តជាយូរមកហើយរបស់ប្រជាពលរដ្ឋ ដូចជាបញ្ហាអំពើពុករលួយ បញ្ហាគម្លាតរវាងអ្នកមាននិងអ្នកក្រ និងបញ្ហាដណ្ដើមដីធ្លីប្រជាពលរដ្ឋជាដើម មកទាក់ទាញសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣។
ការខឹងសម្បាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ទំនងជាមិនងាយបាត់ភ្លាមៗនោះទេ។ ហើយការបន្តរបស់លោកនៅក្នុងការរុកកួនគណបក្សប្រឆាំងដោយប្រើកម្លាំងយោធាកន្លងមកនេះ ត្រូវបានបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមផ្សព្វផ្សាយយ៉ាងច្រើននៅទូទាំងប្រទេសកម្ពុជា និងត្រូវបានរដ្ឋាភិបាលបរទេស និងអង្គការសង្គមស៊ីវិលផ្សេងៗធ្វើការថ្កោលទោសព្រមៗគ្នា។
នេះជាស្ថានការណ៍ ដែលមិនអាចធ្វើឲ្យធូរស្រាលបាន ដោយសារតែមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងបញ្ហាសម្បទានដីសេដ្ឋកិច្ច ខណៈពេលដែលសារព័ត៌មាន Financial Timesបានចេញផ្សាយនូវការរាយការណ៍មួយអំពីកិច្ចព្រមព្រៀងសម្ងាត់រវាងបក្ខពួករបស់លោក ហ៊ុន សែន និងអ្នកជំនួញជាន់ខ្ពស់ជនជាតិចិនមួយចំនួនដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដូចជាលោក Fu Xianting ដែលគេស្គាល់ថា បងធំ Fu នោះ ជាដើម។
បញ្ហាដណ្ដើមដីធ្លីប្រជាពលរដ្ឋ និងការធ្វើឃាតអ្នកវិភាគឯករាជ្យលោក កែម ឡី កាលពីខែកក្កដាកន្លងមកនេះ ក៏ធ្វើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ មានការចាប់អារម្មណ៍ផងដែរ។
តុលាការនេះកំពុងពិចារណាលើការចោទប្រកាន់ដែលថា ការដណ្ដើមដីធ្លីប្រជាពលរដ្ឋដែលធ្វើឡើងដោយពួកអ្នកមានឥទ្ធិពលគ្រប់គ្រងអំណាចសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា អាចចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ឱកាសដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងបើកការស៊ើបអង្កេតផ្លូវការចំពោះការចោទប្រកាន់ទាំងនេះ បានឈានមួយជំហានរួចមកហើយកាលពីសប្ដាហ៍មុន ដោយតុលាការនេះបានសម្រេចថា អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការរំលោភដីធ្លីប្រជាពលរដ្ឋ អាចត្រូវបាននាំយកមកកាត់ទោស សម្រាប់បទឧក្រិដ្ឋដណ្ដើមដីធ្លីប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញបរិស្ថាន ដូចឧក្រិដ្ឋជនសង្គ្រាម និងមេដឹកនាំផ្ដាច់ការនានាដែរ។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីមកពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖
«ខ្ញុំគិតថា ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គឺល្អណាស់។ ចំណាត់ការនេះគួរតែអនុវត្ត។ ប្រសិនបើចំណាត់ការនេះឆ្លើយតបទៅនឹងការពិតដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺបញ្ហារំលោភដីធ្លីប្រជាពលរដ្ឋ អញ្ចឹងវាគឺពិតជាមានប្រយោជន៍ខ្លាំងណាស់»។
វិថីឆ្ពោះទៅកាន់ការបោះឆ្នោត
អ្នកជំនួញជាន់ខ្ពស់ជនជាតិចិនដែលគេស្គាល់ថាបងធំ Fu អ្នកជំនួញក្នុងប្រទេសកម្ពុជាដូចជាលោក លី យ៉ុងផាត់ និងសមាជិកនៃក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទ្រព្យសម្បត្តិច្រើនហូរហៀរដោយសារតែកិច្ចព្រមព្រៀងដីធ្លី។
ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារលោក ហ៊ុន សែន មួយផ្នែក ត្រូវបានអង្គការឃ្លាំមើលអន្តរជាតិ Global Witness រាយការណ៍ថាមានចំនួនយ៉ាងតិច២រយលានដុល្លារអាមេរិក។
ការមិនសប្បាយចិត្តរបស់សាធារណជនទូទៅជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នកទាំងនេះ និងការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រាន់តែជាបញ្ហាឈឺក្បាលផ្នែកនយោបាយតែពីរប៉ុណ្ណោះ ដែលលោក ហ៊ុន សែន កំពុងតែប្រឈម។
លោក ហ៊ុន សែន ដែលជាមេដឹកនាំកាន់តំណែងយូរជាងគេបំផុតនៅក្នុងទ្វីបអាស៊ី ដោយបានកាន់អំណាចអស់រយៈពេល៣១ឆ្នាំ មកហើយនេះ កំពុងតែប្រឈមជាមួយបញ្ហាទាំងពីរនេះ នៅក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោតឃុំសង្កាត់ នៅក្នុងខែមិថុនា ឆ្នាំ ២០១៧ និងការបោះឆ្នោតសភានៅពាក់កណ្ដាលឆ្នាំ ២០១៨ ខាងមុខនេះ។
បញ្ហាសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា ប្រហែលជាបញ្ហាសេដ្ឋកិច្ច និងបញ្ហាកត្តាប្រជាសាស្ត្រដែលមានការប្រែប្រួល។ ប្រជាពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ចំនួន៦៥ភាគរយមានអាយុក្រោម៣០ឆ្នាំ ហើយពួកគេទាំងអស់គ្នា បានគាំទ្រការប្រមូលផ្ដុំធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពី៣ឆ្នាំមុន។
យុវជនក្មេងៗដែលបានចេញទៅបោះឆ្នោត មានបទពិសោធន៍តិចតួចជាមួយនឹងបញ្ហាសង្គ្រាម និងបទពិសោធន៍តិចតួចក្នុងការឭការសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា លោកជាអ្នកបញ្ចប់ជម្លោះដែលបានអូសបន្លាយអស់រយៈពេល៣ទសវត្សរ៍ និងដែលថា ការដឹកនាំតឹងរ៉ឹងរបស់លោក បានធ្វើឲ្យប្រទេសកម្ពុជាមានស្ថិរភាពល្អ និងបានបង្កើតឲ្យមាននូវយុគសម័យមួយដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលមិនអាចប្រដូចបាន។
អ្នកវិភាគម្នាក់ដែលបានបដិសេធមិនបញ្ចេញឈ្មោះ ដោយសារខ្លាចមានការគំរាមកំហែងធ្វើបាបពីរដ្ឋាភិបាលកម្ពុជា បាននិយាយថា៖ «មានពេលមួយនៅក្នុងការធ្វើយុទ្ធនាការបោះឆ្នោត អ្នកធ្វើយុទ្ធនាការខ្លះបានធ្វើដំណើរទៅតាមភូមិប្រជាពលរដ្ឋ ដោយពាំនាំទៅជាមួយនូវអំណោយរួមមាន បាវអង្ករ និងឡាំងបារីផងដែរ»។
អ្នកវិភាគរូបនេះបន្តថា៖ «អ្វីៗបានប្រែប្រួលអស់ហើយ។ យុវជនកម្ពុជាចង់បានទូរស័ព្ទទំនើប របស់របរប្រើប្រាស់ទាន់សម័យ និងការងារប្រាក់ខែល្អ ដែលអាចឲ្យពួកគេយកប្រាក់ខែទាំងនោះចំណាយទៅលើការរស់នៅបែបទំនើបរបស់ពួកគេ ហើយពួកគេចង់ប្រឆាំងជាមួយនឹងគំនិតចាស់គំរិល ដោយហេតុថា ការគំរាមកំហែងរបស់លោក ហ៊ុន សែន ក្នុងការវិលទៅរកសង្គ្រាមវិញ ប្រសិនបើលោក និងគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតនោះ ជាគំនិតហួសសម័យហើយ ហើយចំណុចមួយផ្សេងទៀតគឺថា ការងារល្អពិបាកនឹងស្វែងរកណាស់»។
ពាក្យលេចឭអំពីការបិទរោងចក្រកាត់ដេរកំពុងតែកើនឡើង ហើយការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិនបានធ្វើឲ្យមានការធ្លាក់ចុះនូវទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឲ្យមានមន្ទិលសង្ស័យចំពោះលទ្ធភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការរក្សាការផ្ដល់ជំនួយរបស់ខ្លួនមកឲ្យប្រទេសកម្ពុជា ដោយជំនួយដែលចិនផ្ដល់ឲ្យកម្ពុជាកន្លងមកក្នុងរយៈពេល២ ទសវត្សរ៍ចុងក្រោយនេះ មានទឹកប្រាក់ប្រមាណ១៥ពាន់លានដុល្លារអាមេរិក។
ពិសេសជាងនេះទៅទៀតនោះ តម្លៃផលិតផលកសិកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដូចជាស្រូវជាដើម មានការធ្លាក់ចុះយ៉ាងខ្លាំង ហើយធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានចំនួន៦,៩ភាគរយសម្រាប់ឆ្នាំ២០១៦នេះ ដែលតួលេខនេះមានការធ្លាក់ចុះពីតួលេខកំណើនសេដ្ឋកិច្ចជាមធ្យមនៅក្នុងប្រទេសកម្ពុជាក្នុងចំនួនប្រហែល៨ភាគរយ កាលពីទសវត្សរ៍មុន។
កំណើនសេដ្ឋកិច្ចក្នុងចំនួន៦,៩ភាគរយនេះផងដែរ ស្ទើរតែមិនគ្រប់គ្រាន់ក្នុងការផ្ដល់នូវការងារដល់យុវជនកម្ពុជា និងដល់កម្លាំងពលកម្មកម្ពុជាដែលកំពុងតែមានការកើនឡើង។
អ្នកវិភាគដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានបន្ថែមថា៖ «នេះជាព្យុះនយោបាយដ៏អស្ចារ្យមួយ។ លោក ហ៊ុន សែន កំពុងត្រូវបានប្រឈមដោយពួកយុវជន ដោយបញ្ហាសេដ្ឋកិច្ច និងទំនងជាអាចត្រូវបានប្រឈមដោយរឿងក្ដីក្ដាំនៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ទៀតផង ហើយលោក ហ៊ុន សែន ឥឡូវនេះកំពុងតែវាយប្រហារចំពោះក្រុមគណបក្សប្រឆាំង ដែលប្រជែងចង់បានតំណែងជានាយករដ្ឋមន្ត្រីរបស់លោក»។
ការបរាជ័យនៃកាយវិការមិនពេញចិត្ត
លោក William Conklin នាយកមជ្ឈមណ្ឌលសាមគ្គីប្រចាំប្រទេសកម្ពុជា ដែលជាអង្គការការពារសិទ្ធិពលកម្មមានទីស្នាក់ការកណ្ដាលនៅក្នុងសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានឹងប្រាកដជាប្រឹងប្រែងខ្លាំងដើម្បីដណ្ដើមមកវិញនូវតួនាទីនយោបាយរបស់ខ្លួនដែលបានបាត់បង់កន្លងមក ដោយសារតែបញ្ហាសិទ្ធិមនុស្សកំពុងលេចឡើងជាបញ្ហាចម្បងនៅក្នុងការបោះឆ្នោតខាងមុខ។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖
«បញ្ហាសិទ្ធិមនុស្សនេះជាបញ្ហាសំខាន់ ជាពិសេសគឺបញ្ហាសិទ្ធិដីធ្លី និងសិទ្ធិការងារ ហើយរួមទាំងបញ្ហាសិទ្ធិពលរដ្ឋផ្សេងៗទៀត ដែលបញ្ហាទាំងនេះ មិនត្រូវបានគេយកចិត្តទុកដាក់កន្លងមកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ បញ្ហាសិទ្ធិមនុស្សនេះ ជាបញ្ហាដែលពលរដ្ឋទូទៅខ្វល់ខ្វាយខ្លាំងបំផុត»។
ប្រភពមកពីមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានបញ្ជាក់ថា ពួកគេរំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងនៅតែបន្តការបង្ក្រាបរបស់លោក។
ប្រភពទាំងនេះក៏បានបញ្ជាក់ផងដែរថា លោក ហ៊ុន សែន ចង់ឃើញការចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយសារតែការចោទប្រកាន់នេះអាចផ្ដល់នូវលេសស្របច្បាប់មួយក្នុងការរារាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនឲ្យចូលរួមប្រកួតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខ។
VOA មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលណាមួយបានទេ ក្នុងការធ្វើអធិប្បាយចំពោះបញ្ហានេះ៕
ប្រែសម្រួលដោយ ភី សុភាដា