ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ ខឹង​លោក​សម រង្ស៊ី​ ចោទ​ថា​សម្លាប់​លោក​ហុក ឡង់ឌី


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) និង​លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ។ (រូបថតដោយ AP/Reuters)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) និង​លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ។ (រូបថតដោយ AP/Reuters)

លោក​សម រង្ស៊ី​ បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​សម្លាប់​លោក​ហុក ឡង់ឌី​ ថា​គឺ​ដោយសារ​លោក​ហុក ឡង់ឌី​ បាន​ដឹង​រឿង​អាក្រក់​របស់​លោក​ហ៊ុន សែន ​ដូច​ជា​ការ​ធ្វើឃាត​សកម្មជន​សហជីព​ជាដើម។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​នៅថ្ងៃ​ចន្ទ​នេះ តប​នឹង​ការ​ចោទ​ប្រកាន់​ថា​ លោក​ជា​អ្នកបញ្ជា​ឱ្យ​សម្លាប់​អតីត​មេប៉ូលិស​កម្ពុជា​គឺ​លោក​ហុក ឡង់ឌី​ និង​ថា​លោក​កំពុង​ក្លាយ​ជា​មុខ​សញ្ញា​សងសឹក​នាពេល​ខាងមុខ។​

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​កើតមាន​ឡើង ​ក្រោយ​ពី​លោក​សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហោះ​សារ​តាម​ទំព័រហ្វេសប៊ុក​កាលពី​មួយ​ថ្ងៃមុន​ដោយ​ចោទ​ប្រកាន់ថា​ លោក​ហ៊ុន សែន ​ជា​អ្នកបញ្ជា​ឱ្យ​សម្លាប់ ​លោក​ហុក ឡង់ឌី​ហើយ​ថា​កូនប្រុស​របស់​លោក​គឺ​លោកឌី វិជ្ជា​ កំពុងតែ​រកវិធី​សងសឹក​វិញ។

លោក​ហ៊ុន សែន​ បាន​ថ្លែង​នៅក្នុង​កម្មវិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​រាជធានី​ភ្នំពេញ​ថា៖​

«ខ្ញុំ​ករុណាខ្ញុំ​មិន​ចង់​ប្រើ​ពាក្យ​អសុរស​ណា​មួយ​ទេ​ ក៏​ប៉ុន្តែ​វា​ព្រហើន​ពេក។ ឥឡូវនេះ​វា​ដល់​កម្រិត​ វា​បង្ហោះ ​វា​ថា​ខ្ញុំ​សម្លាប់​ហុក ឡង់ឌី​ ឥឡូវ​កូន​ហុក ឡង់ឌី ​ដែល​ជា​កូនប្រសារ​របស់​ខ្ញុំ​នេះ ​កំពុងតែ​រក​វិធី​សងសឹក ​ជាមួយ​នឹង​ខ្ញុំ​ករុណា​ខ្ញុំ​ដោយ​សហការ​ជាមួយ​ស ខេង‍»។​

លោក​ហុក ឡង់ឌី ​អគ្គស្នងការ​ប៉ូលិស​ជាតិ​បាន​ស្លាប់​ក្នុង​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​កាលពី​ថ្ងៃ​ទី​៩ ​ខែវិច្ឆិកា ​ឆ្នាំ​២០០៨ ​នៅខេត្ត​ស្វាយរៀង​ ហើយ​របាយការណ៍​ផ្លូវការ​បាន​បញ្ជាក់​ថា ​គឺ​ដោយសារ​មាន​អាកាសធាតុ​អាក្រក់​ដែល​មាន​ភ្លៀងធ្លាក់​ខ្លាំង​និង​រន្ទៈ។ប៉ុន្តែ​លោក​សម រង្ស៊ី​ បាន​អះអាង​តាម​ហ្វេសប៊ុក​ថា​ គឺ​ដោយសារ​តែ​ «ការ​ដាក់​គ្រាប់​បែក​ឲ្យ​ផ្ទុះ‍» ​ប៉ុណ្ណោះ។​

លោក​សម រង្ស៊ី​ បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​សម្លាប់​លោក​ហុក ឡង់ឌី​ ថា​គឺ​ដោយសារ​លោក​ហុក ឡង់ឌី​ បាន​ដឹង​រឿង​អាក្រក់​របស់​លោក​ហ៊ុន សែន ​ដូច​ជា​ការ​ធ្វើឃាត​សកម្មជន​សហជីព​ជាដើម។​

លោក​សម រង្ស៊ី​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​បន្ថែម​ថា​ លោក​ទទួល​បាន​ការ​វិភាគ​នេះ​ពី​អ្នក​ជំនាញ​បរទេស​ដែល​បាន​វិភាគ​តាម​រយៈ​រូបថត៖

«ការ​ពន្យល់​នៃ​ឧបទ្ទវហេតុ​ហ្នឹង ​គឺ​មាន​តែ​ផ្ទុះ​គ្រាប់បែក។ អីចឹង​មិនមែន​ជា​គ្រោះថ្នាក់​ធម្មតា​ទេ​ គ្រោះថ្នាក់​នេះ​គឺ​ជា​គ្រោះថ្នាក់​ដែល​គេ​រៀបចំ។ ឥឡូវ​សួរ​ថា​អ្នក​ណា​ដែល​មាន​មធ្យោបាយ​រៀបចំ​គ្រោះថ្នាក់​ចំពោះ​ឧទ្ធម្ភាគចក្រ​លោក​ហុក ឡង់ឌី? ដាក់​ដោយ​លួចលាក់​មិន​ឱ្យ​សាម៉ី​ខ្លួន​ដឹង​ សាម៉ី​ខ្លួន​ជិះទៅ​ផ្ទុះ​តែម្តង? ហើយ​ផ្ទុះ​ហ្នឹង​គេ​បញ្ជា​ទៀត។ គេ​ឃើញ​ថា​វា​ជិត​ចុះហើយ​ គេចុច​ឱ្យ​ផ្ទុះ​ មិនមែន​ផ្ទុះ​នៅ​លើ​មេឃ​កម្ពស់​ណា​កម្ពស់​ណី​ទេ។ ដូច្នេះ​គេ​មើល​វា​ជិត​មកដល់​ដី​ហើយ​ គេ​ចុច​ឱ្យ​ផ្ទុះ ប៉ុន្តែមិន​មែន​ដូច​លោក​ហ៊ុន សែន​ ថា​ទេ។ មិន​មែន​រន្ទៈ​បាញ់​ទេ​‍ ហើយ​មិនមែន​បញ្ហា​ម៉ាស៊ីន​ទេ»។​

លោក​សម រង្ស៊ី​ បាន​បន្ត​លើកឡើង​ទៀត​ថា​ ដោយ​ហេតុនេះ​ហើយលោក ឌី វិជ្ជា ​ដែល​សព្វថ្ងៃ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​កូន​ប្រុសច្បង​របស់​លោក ហុក ឡង់ឌី ​កំពុង​តែ​គិតគូរ​អំពី​ផែនការ​សងសឹក​ជូន​ឪពុករបស់​លោក ​ដោយ​មាន​ការ​គាំទ្រ​ពី​លោក ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​ពីព្រោះ លោក ស ខេង ​ដឹង​ខ្លួន​ថា​លោក ហ៊ុន សែន ​កំពុងតែ​រៀបចំ​ផែនការ​ដក​តំណែង​របស់​លោក​ដើម្បី​ឲ្យ​កូនប្រុស​បង្កើត​មក​បន្តវេន​ដោយ​មិន​មាន​ការរារាំង។

លោក​សម រង្ស៊ី​ បាន​បន្ថែម​ថា៖

«អ្វី​ដែល​ខ្ញុំ​លើកឡើង​ហ្នឹង ​ខ្ញុំ​ជឿថា​អ្នក​ដទៃទៀត ​គេ​មាន​ព័ត៌មាន​ដូច​ខ្ញុំ​ដែរ។ គេ​មិនមែន​ចេះ​តែ​ជឿៗ ហើយ​បើ​គេ​ពិចារណា​ទៅ​គេ​ថា​មិនមែន​ជា​រឿង​ធម្មតា​ទេ​ ហើយ​ខ្ញុំ​ជឿ​ថា​ក្នុង​គ្រួសារ​ កូនចៅ​លោក​ហុក ឡង់ឌី​ ក៏​មាន​ចម្ងល់​ថា​ ចម្ងល់​ហ្នឹង​បើ​គិត​មួយ​សន្ទុះ​ទៅ ​គឺ​មិនមែន​គួរ​ឱ្យ​ឆ្ងល់ទេ​ គឺ​គួរឱ្យ​សន្និដ្ឋាន​ថា​ មាន​គេ​ធ្វើឃាត​ឪពុក​លោក។​ ហើយ​ជា​គេ​ជា​យើង ​បើមាន​អ្នកណា​ធ្វើ​ឃាត​ឪពុក​យើង​ គឺ​យើង​មិន​អាច​នៅ​ស្ងៀម​ធ្វើ​មិនដឹង​មិនឮ​ទេ​ ម៉េចក៏​យើង​ចិញ្ចឹម​ចិត្ត​រក​យុត្តិធម៌ឱ្យ​បិតា​យើង​ដែរ‍»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បបួល​លោក​សម រង្ស៊ី​ ស្បថស្បែរ ​បើ​ថា​នោះ​គឺ​ជា​ព័ត៌មាន​ពិត ៖

«ឥឡូវ​បើសិន​ជា​រឿង​អីចឹង​ពិតមែន​អ្ហែង​ ហ៊ាន​ស្បថ​ឱ្យ​ងាប់​ទាំង​ពូជអ្ហែង​ទេ‍?»

ប៉ុន្តែ​លោក​សម រង្ស៊ី ​បញ្ជាក់​ថា​ ការ​ស៊ើបអង្កេត​ត្រឹមត្រូវ​គឺ​ជា​ដំណោះស្រាយ​ គឺ​មិនមែន​ការ​ស្បថ​ស្បែរ​នោះ​ទេ។

លោកហុក ឡង់ឌី​ មាន​អាយុ៥៨ឆ្នាំ​ នៅ​ពេល​ដែល​លោក​មាន​គ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត​ ហើយ​លោក​ធ្លាប់​កាន់​មុខ​តំណែង​ជា​អភិបាល​ខេត្ត​ស្វាយរៀង​ និង​អភិបាល​រាជធានី​ភ្នំពេញ​ មុន​នឹង​លោក​ឡើង​មក​កាន់​តំណែង​ជា​អគ្គស្នងការ​ប៉ូលិស​ជាតិ។ លោក​ហុក ឡង់ឌី ​ក៏​ធ្លាប់​ត្រូវ​សហរដ្ឋ​អាមេរិក​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ហាមប្រាម​មិន​ឱ្យ​ចូលដោយ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ ប៉ុន្តែ​លោក​ចាត់​ទុក​ថា​នោះ​គឺជា​ការ​ភាន់​ច្រឡំ៕

XS
SM
MD
LG