ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ស្នើសុំ​មុខ​តំណែង ​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថានឱ្យ​​លោក​ សាម អ៊ីន ​ក្រោយ​ចេញ​ពី​បក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន


លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក្នុងពេល​ដែល​លោក​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក្នុងពេល​ដែល​លោក​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

លោក សាម អ៊ីន ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន បាន​ក្លាយ​ជា​មនុស្ស​ទីពីរ​ដែល​បាន​ចាក​ចេញ​ពី​គណបក្ស​របស់​ខ្លួន ហើយ​ចុះ​ចូល​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ទទួល​បាន​តំណែង​ជា​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល។

លោក សាម អ៊ីន ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក​ស្តី​ទី​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន បាន​សម្រេច​ចាក​ចេញ​ពី​គណបក្ស កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​នៅ​ថ្ងៃ​ដដែល​លោក​បាន​ស្នើ​សុំ​ចូលរួម​ជា​មួយ​គណបក្សប្រជាជន​កម្ពុជា។

ក្នុង​សំណើ​ដាក់​ជូន​លោក ហ៊ុន សែន ​លោក​ សាម អ៊ីន បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ខ្ញុំ​បាទ​សូម​ចូល​រួម​ជីវភាព​នយោ​បាយ​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ឱកាស​ចូល​រួម​បម្រើ​ការងារ​ជួយ​រាជ​រដ្ឋាភិបាល រួម​ចំណែក​លើ​ការ​ងារ​គាំទ្រ​សហគមន៍​តំបន់​ការពារ ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​គ្រប់​គ្រង​តំបន់​ការពារ​ធម្មជាតិ»។

ក្រោយ​ពី​ទទួល​បាន​សំណើ​របស់​លោក សាម អ៊ីន ​លោក​ ហ៊ុន សែន បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ការសុំ​ចូល​រួម​ជីវភាព​នយោ​បាយ​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បាន​សរសេរ​ជា​សារ​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​របស់​លោក ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា៖ «ក្នុង​នាម​រាជ​រដ្ឋា​ភិបាល ខ្ញុំ​នឹង​ស្នើ​សុំ​ព្រះរាជ្យ​ក្រឹត្យ​តែង​តាំង​បណ្ឌិត សាម អ៊ីន ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន ដើម្បី​ឱ្យ​ស្រប​តាម​ជំនាញ​ដែល​គាត់​មាន​និង​អាច​ធ្វើ​បាន»។

លោក សាម អ៊ីន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​គណ​បក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន ដោយ​សារ​តែ​«ធុញ​ថប់»​នឹង​ការងារ ដែល​លោក​អះអាង​ថា​លោក«មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់» ដើម្បី​បន្ត​តួនាទី​នេះ​តទៅ​ទៀត​បាន។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ថា​ខ្ញុំ​មិន​មាន​សមត្ថ​ភាព និង​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​បេសកកម្ម​ដ៏​ធំ​របស់​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន។ រឿង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាក់​កម្លាំង​ចិត្ត អស់​ថាមពល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្ញុំ​មាន​អារម្មណ៍​ធុញ​ថប់​នឹង​ការងារ ព្រោះ​យើង​មិន​អាច​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់​គ្រាន់»។

លោក​បន្ថែម​ថា​ការលា​ឈប់​របស់​លោក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ គឺ​ដើម្បី​ជា​ឱកាស​មួយ ដែល​អាច​ឱ្យ​លោក​ទៅ​ធ្វើ​អ្វី​មួយ​ផ្សេង​ទៀត​ដែល​លោក​ចង់​ធ្វើ ដោយ​សារ​តែ​លោក​យល់​ថា​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ខ្សត់​ខ្សោយ​ធនធាន​មនុស្ស និងថវិកា។

គួរ​រំឭក​ថា​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក យ៉ង សាំងកុមារ អតីត​ថ្នាក់​ដឹកនាំ​ម្នាក់​នៃ​គណ​បក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ក៏​បាន​សុំ​ចូល​រួម​ជីវភាព​នយោ​បាយ​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែរ ដោយ​លោក​ទទួល​បាន​តំណែង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម។

អ្នក​វិភាគ​នយោបាយ លោក មាស នី ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​នឹង​ឈាន​ដល់​ការ​បាត់​បង់​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​បន្តិច​ម្តងៗ រហូត​ដល់​អាច​ឈប់​ដំណើរ​ការ​តែ​ម្តង ប្រសិន​បើ​មិន​មាន​អ្នក​ជំនួស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្នុង​គណបក្ស​នេះ។

លោក​បញ្ជាក់​ថា៖«វា​ជា​ធម្មតា​ក្បាល​ម៉ាស៊ីន​មាន​សារៈសំខាន់​ណាស់​បាទ អ៊ីចឹង​បើ​សិន​ជា​ក្បាល​ម៉ាស៊ីន​មាន​ការ​ចាក​ចេញ​ហើយ មិន​មាន​ការ​រើស​ជំនួស​មនុស្ស​ដែល​មាន​សមត្ថ​ភាព​មក​ឱ្យ​ចូល​រួម​នៅ​ក្នុង​ការ​បន្ត​វេន​ត​ទៅ​ទៀត​ទេ អាហ្នឹង​វា​អាច​ចង់​មិន​ចង់​វា​អាច​ធ្លាក់​ខ្លួន​ខ្សោយ​ម្តង​បន្តិចៗ​ទៅ​ខាង​មុខ រហូត​ដល់​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​រួច​បាទ»។

ប្រធាន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន លោក​ យ៉េង វីរៈ បាន​បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន ជា​គណបក្ស​អហិង្សា មិន​ហាម​ឃាត់សិទ្ធិ​សេរី​ភាព​អ្នកនយោបាយ​ទេ បើ​ទោះ​បី​ជា​មាន​ការ​បាត់បង់​សមាជិក​នៅ​ក្នុង​គណ​បក្ស​ក៏​ដោយ។

លោក​សរសេរ​រៀប​រាប់​បន្ថែម​ថា៖ «រូប​ខ្ញុំ​ផ្ទាល់​នឹង​រឹត​តែ​ខិត​ខំ ប្រឹង​ប្រែង​ទ្វេ​ដង​ក្នុង​តួនាទី​ជា​ប្រធាន​គណបក្ស ដើម្បី​សម្រេច​គោល​បំណង និង​គោល​នយោបាយ​យើង គឺ​ស្តារ​ឡើង​វិញ​នូវ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ចាប់​ផ្តើម​ពី​ការ​បង្កើត​សំឡេង​របស់​យើង​នៅ​តាម​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​សភា​ជាតិ។ លើស​ពី​នេះ​ទៅ​ទៀត គឺ​យើង​នឹង​រក្សា​ជំហរ​រឹង​មាំ​បំផុត​សម្រាប់​បេក្ខ​ជន​ដែល​មាន​ស្នាដៃ​របស់​យើង​នៅ​តាម​ក្រុម​ប្រឹក្សា​ឃុំ​ដែល​ទើប​ជាប់​ឆ្នោត និង​អនុវត្ត​តួនាទី​យ៉ាង​ខ្ជាប់​ខ្ជួន​ក្នុង​អាណត្តិ​ទី៥​នេះ»។

ក្រោយ​ការ​ចាក​ចេញ​របស់​លោក សាម អ៊ីន គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​បាន​សម្រេច​ជ្រើស​រើស​លោក សេក សុខា ជា​ប្រធាន​គណៈកម្មាធិការ​នាយក​ស្តីទី និង​លោក វ៉ៃ ឡងឌី ជា​អគ្គ​លេខា​ធិការ។

គួរ​បញ្ជាក់​ថា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៥ ដែល​ពី​ដំបូង​ឡើយ​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ដែលមាន​លោក យ៉េង វីរៈ ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​លោក យ៉ង សាំងកុមារ អតីត​ប្រធាន​អង្គការ​កសិកម្ម​ឈ្មោះ​សេដាក៕


XS
SM
MD
LG