លោក ប្រាក់ ញ៉ន រស់នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានរៀបរាប់ប្រាប់វីអូអេថា លោកអស់ក្តីសង្ឃឹម ដោយសារស្រែរបស់លោកបន្តខូចនៅឆ្នាំនេះ ដូចឆ្នាំមុនដែរ ក្រោយលោកស្ទូងបានរយៈពេលប្រមាណ ១០ថ្ងៃ។ លោកអះអាងថា ដីស្រែរបស់លោកមានជាតិប្រៃ ដោយសារទឹកសមុទ្រហូរចូលជារៀងរាល់ឆ្នាំ។
លោកថ្លែងថា៖ «មើលនៅក្នុងទឹក ឃើញសាបទេ ប៉ុន្តែយកសំណាបមកស្ទូង វាងាប់ ឡើងក្រហម ជាតិប្រៃនៅក្នុងដី ហើយអ៊ីចឹងសំណាប វាអត់លាស់ វាងាប់ទៅវិញ មិននឹកស្មានថា វាមានជាតិប្រៃនៅក្នុងដី ព្រោះយើងលិឍទឹកទៅ វាសាប ដល់យកមកស្ទូង វាប្រៃ វាងាប់សំណាបអស់»។
លោក ប្រាក់ ញ៉ន ជាកសិករម្នាក់ក្នុងចំណោមកសិករជាច្រើនផ្សេងទៀត ដែលរស់នៅក្បែរព្រែកក្នុងខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា ដែលងាយរងគ្រោះនឹងទឹកប្រៃជ្រៀតចូលស្រែ នៅពេលទឹកសមុទ្រឡើង។ កសិកររូបនោះមានដីស្រែប្រមាណ ៣០ អា ក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ កសិករអាយុ ៥៥ ឆ្នាំរូបនេះថ្លែងថា ទឹកសមុទ្របានហូរចូលស្រែរបស់លោកជារៀងរាល់ឆ្នាំ ហើយពីរឆ្នាំជាប់គ្នានេះ លោកមិនអាចធ្វើស្រែទទួលបានផលឡើយ ហើយលោកបានខាតបង់ប្រាក់នៅឆ្នាំនេះ ប្រមាណ១ លានរៀល។
«ខ្ញុំមានអារម្មណ៍ថាសោកស្តាយដែរសំណាប ព្រោះយើងជួលគេអស់ច្រើនដែរ ប៉ុន្តែវាអត់បានទទួលផល វាខូចខាតអ៊ីចឹងអស់ទៅ សោកស្តាយដែរ ប៉ុន្តែមិនដឹងធ្វើម៉េច វាខូចទៅហើយ»។
លោក ប្រាក់ ញ៉ន រៀបរាប់ទៀតថា៖ «ចិត្តខ្ញុំ ទៅថ្ងៃមុខទៅ បារម្ភដែរ ពីព្រោះវាមួយឆ្នាំទៅមួយឆ្នាំ ចេះតែព្យុះ ហើយទឹកជំនន់ ហើយទឹកប្រៃ វាចេះតែបារឡើង ជោរទឹក លិចសំណាប លិចស្រូវ ប្រជាពលរដ្ឋទាំងរបស់ខ្ញុំរបស់អី លិចគ្រប់តែគ្នាអ៊ីចឹងទៅ»។
មិនឆ្ងាយប៉ុន្មានពីលោក ប្រាក់ ញ៉ន អ្នកស្រី សួស សុវណ្ណ រស់នៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក៏រងគ្រោះពីទឹកសមុទ្រជ្រៀតចូលស្រែរបស់អ្នកស្រីផងដែរ។ អ្នកស្រីបានថ្លែងថា អ្នកស្រីមិនអាចព្រោះស្រូវបានផលឡើយ រយៈពេលពីរឆ្នាំជាប់គ្នា ដោយសារដីស្រែរងគ្រោះពីទឹកសមុទ្រហូរចូលជារៀងរាល់ឆ្នាំ។
អ្នកស្រី សួស សុវណ្ណ អាយុ ៥៦ឆ្នាំ បានថ្លែងថា៖ «ពីមុនមកអត់អី វាមានជីវជាតិល្អ ហើយដល់ឥឡូវទើបពីរឆ្នាំហ្នឹង យើងធ្វើអត់បាន មិនដឹងម៉េចដែរ។ យើងទើបធ្វើអត់បានឥឡូវហ្នឹង ពីមុនមក យើងធ្វើបានហូប»។
ដោយសារមិនអាចធ្វើស្រែបាន អ្នកស្រីត្រូវចំណាយប្រាក់ជាង ៣០០ ដុល្លារ ដើម្បីទិញអង្ករហូបក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ហើយប្រាក់ទាំងនោះជាការផ្គត់ផ្គង់របស់កូនៗ។
អ្នកស្រីថ្លែងថា៖ «យើងធ្វើស្រែអត់បាន យើងលំបាកហើយ យើងអត់មានមុខរបរអី ដូចថារកចំណូលបានច្រើន អាចទិញស្រូវ ទិញអង្ករអីហូបបានគ្រប់គ្រាន់»។
កសិករដែលរស់នៅក្បែរព្រែកតែងតែរងគ្រោះ ដោយសារទឹកសមុទ្រហូរចូលស្រែរបស់ពួកគេ ចាប់ពីខែតុលា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ។ បើទោះទឹកសាបហូរចូលស្រែលាងទឹកប្រៃ ក៏ដីរបស់កសិករមួយចំនួនមិនមានជីវជាតិ ដោយសារនៅសល់សារធាតុប្រៃ។
កសិករនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពតផ្សេងទៀតដែលវីអូអេបានសម្ភាសន៍ ក៏បានរអ៊ូរទាំទាក់ទងនឹងទឹកប្រៃហូរចូលស្រែរបស់ពួកគេផងដែរ។
កសិករម្នាក់ លោក ហួន រៀន បានថ្លែងថា៖ «ក្តីបារម្ភហ្នឹងដូចថាទឹកប្រៃ តែខែ ១០ ខែ ១១ ខែ ១២ ហ្នឹង វាចូលមក យើងបារម្ភណាស់។ ត្រូវយើងបានផល ដល់ទីបញ្ចប់ អត់បានផលទេ»។
ចំណែកអ្នកស្រី ទន់ ឡាង កសិករម្នាក់ទៀត ថ្លែងថា ប្រជាពលរដ្ឋតែងតែត្រៀមខ្លួនទប់ទឹកសមុទ្រ ពេលទឹកឡើងខ្ពស់។
អ្នកស្រីប្រាប់វីអូអេថា៖ «រាល់តែថ្ងៃ រាល់តែខែ ចាំមើលតែទឹកហ្នឹង»។
កម្ពុជាជាប្រទេសងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ។ កម្រិតទឹកសមុទ្រក៏ត្រូវបានព្យាករកើនឡើង ដោយសារការឡើងកម្តៅផែនដី ដែលជាក្តីបារម្ភសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរដៃសមុទ្រ ហើយជីវភាពរបស់ពួកគេពឹងផ្អែកលើការធ្វើស្រែ និងនេសាទ។
ទោះជាយ៉ាងណាក្តី អ្នកស្រី សួស សុវណ្ណ ដែលជាកសិករក្នុងខេត្តកែប បានបញ្ជាក់ថា អ្នកស្រីប្រហែលជាសាកល្បងធ្វើស្រែនៅលើដីក្រោយផ្ទះរបស់អ្នកស្រី នៅឆ្នាំក្រោយទៀត បើទោះមិនដឹងច្បាស់ថា តើវានឹងទទួលបានផល ឬយ៉ាងណាក៏ដោយ។
អ្នកស្រីបានថ្លែងថា៖ «ឆ្នាំក្រោយទៀត ចាំមើល យើងធ្វើទៀតមើល វាបានឬក៏អត់ទៀត។ យើងអាចធ្វើទៀត បើយើងមានស្រែប៉ុណ្ណឹង បើយើងមិនធ្វើ បានអីហូប»៕