កាលពីខែមិនាមុននេះ សហគមន៍អន្តរជាតិបានប្រារព្ធទិវាទឹកពិភពលោកនៅក្នុងឆ្នាំនេះ ក្រោមប្រធានបទទឹកនិងនគររូបនីយកម្ម ដោយបានធ្វើការកត់សម្គាល់ថា វាជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្រ្ត ដែលបច្ចុប្បន្ននេះប្រជាពលរដ្ឋជាងពាក់កណ្តាលនៃពិភពលោក រស់នៅក្នុងទីក្រុង។ នៅក្នុងទ្វីបអាហ្រ្វិក ដែលអត្រាការមករស់នៅក្នុងទីក្រុងខ្ពស់ជាងគេលើពិភពលោកនោះ ៧០%នៃអ្នករស់នៅក្នុងទីក្រុង រស់នៅក្នុងសង្កាត់ក្រីក្រឬតំបន់សំណង់អាណាធិបតេយ្យ ដែលជាញឹកញាប់ត្រូវបានគេហៅថាតំបន់លំនៅដ្ឋានក្រៅផ្លូវការ តួយ៉ាងដូចជា សហគមន៍ម៉ាកូស (Makause) នៅខាងក្រៅទីក្រុង ចូហានែសប៊ក (Johannesburg)។
វាគឺជាពេលព្រឹកព្រលឹមនៅក្នុងសហគមន៍ម៉ាកូស ដែលជាកន្លែងតាំងទីលំនៅដោយការសង់ខ្ទមតូចៗលាតសន្ធឹងដ៏ធំល្វឹងល្វើយមួយ ដែលភាគច្រើនត្រូវបានសាងសង់ឡើងដោយស័ង្កសីនិងឈើ ហើយសហគន៍នេះស្ថិតនៅលើតំបន់រុករករ៉ែចាស់មួយនៅខាងក្រៅទីក្រុងចូហានែសប៊ក។
ប្រជាពលរដ្ឋចំនួន១២.០០០នាក់ដែលរស់នៅក្នុងសហគមន៍ម៉ាកូសនេះ មិនមានទឹកសម្រាប់ប្រើប្រាស់ទេ។ ដូច្នេះ ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋទាំងនេះត្រូវតែទៅយកទឹកនៅឯអាងទឹករួមសម្រាប់សហគមន៍។ អាជ្ញាធរក្រុងនេះបានដំឡើងអាងទឹកចំនួនពីរនៅឯជាយសហគមន៍។
ការតាំងទីលំនៅនេះបានកើតមានឡើងកាលពីជាង២០ឆ្នាំមុន បន្ទាប់ពីការរុករករ៉ែមាសនៅខាងក្រោមដីនៃសហគមន៍នេះត្រូវបានបិទ។ ឥឡូវនេះ ក្រុមម្ចាស់ដីចង់រកប្រាក់ចំណូលពីដី ដោយប្រើប្រាស់ដីនេះសម្រាប់អភិវឌ្ឍឲ្យទៅជាតំបន់លំនៅដ្ឋានឬតំបន់ឧស្សាហកម្មធុនស្រាល។
កាលពី៤ឆ្នាំមុន ប្រជាពលរដ្ឋរាប់រយនាក់ត្រូវបានបណ្តេញចេញដោយបង្ខំពីដីមួយកន្លែងនៅចំកណ្តាលនៃតំបន់តាំងទីលំនៅនេះ។ ផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញ។ ពួកគេត្រូវបានបង្ខំឲ្យទៅរស់នៅចម្ងាយ៤០គីឡូម៉ែត្រនៅខាងក្រៅទីក្រុង។ ដោយមិនមានការងារធ្វើនិងមិនមានសេវាកម្មសង្គមផ្សេងៗនៅទីនោះ ប្រជាពលរដ្ឋជាច្រើនបានវិលត្រឡប់មកវិញ។
នាង អ៊ីមីលី អែនតាកេ (Emily Ntake) បានរស់នៅទីនេះជាមួយនឹងកូនប្រុសតូចរបស់នាង អស់រយៈពេលពីរឆ្នាំមកហើយ ខណៈពេលដែលនាងស្វែងរកការងារធ្វើ។ នាងនិយាយថា ដោយសារក្បាលរ៉ូប៊ីណេទឹករបស់ទីក្រុងនៅឆ្ងាយពេក នាងប្រើប្រាស់ក្បាលរ៉ូប៊ីណេទឹកមួយក្នុងចំណោមក្បាលរ៉ូប៊ីណេទឹកខុសច្បាប់ចំនួន១៧ដែលអ្នកជិតខាងរបស់នាងបានតំឡើង។
«យើងមានបញ្ហាខ្វះទឹកនៅទីនេះ។ វាត្រូវតែមានដំណោះស្រាយ។ ដូច្នេះយើងត្រូវការក្បាលរ៉ូប៊ីណេទឹកបន្ថែមទៀត ទើបយើងអាចមានទឹកប្រើប្រាស់។»
ប្រជាពលរដ្ឋនៅក្នុងសហគមន៍ម៉ាកូសក៏មិនមានភ្លើងអគ្គិសនីសាធារណៈប្រើប្រាស់ដែរ។ អាជីវកម្មមួយចំនួនដំណើរការដោយប្រើប្រាស់ម៉ាស៊ីនភ្លើង។
មិនមានអនាម័យសាធារណៈទេ។ ប្រជាពលរដ្ឋជីកបង្គន់នៅក្នុងបរិវេណផ្ទះរបស់ខ្លួន ហើយធ្វើរបងព័ទ្ធជុំវិញសម្រាប់ប្រើជាឯកជន។ នៅពេលដែលរណ្តៅបង្គន់ពេញ ពួកគេលុបដីពីលើ ហើយជីករណ្តៅថ្មីមួយទៀត។
នៅក្រោយពីការចប់របប អាផាហែដ (Apartheid) កាលពី១៧ឆ្នាំមុន រដ្ឋាភិបាលដែលដឹកនាំដោយពួកស្បែកខ្មៅ បានដាក់ចេញនូវកម្មវិធីដ៏ធំមួយ ដើម្បីនាំយកសេវាកម្មជាមូលដ្ឋានទាំងឡាយទៅឲ្យប្រជាពលរដ្ឋក្រីក្ររបស់ខ្លួន។
រដ្ឋាភិបាលបានសាងសង់ផ្ទះជាង១លានផ្ទះឲ្យប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ហើយបាននាំយកទឹកភ្លើងនិងអនាម័យសាធារណៈទៅឲ្យប្រជាពលរដ្ឋរាប់លាននាក់។
ប៉ុន្តែមួយភាគធំនៃប្រជាពលរដ្ឋប្រទេសអាហ្វ្រិកខាងត្បូងសរុបចំនួនជិត៥០លាននាក់នៅតែរស់នៅដោយមិនមានសេវាសាធារណៈនៅឡើយ។
បន្ទាប់ពីការរង់ចាំអស់រយៈជាច្រើនឆ្នាំ ប្រជាពលរដ្ឋដែលមានការអាក់អន់ចិត្ត បានរៀបចំ«វេទិកាអភិវឌ្ឍន៍លំនៅដ្ឋានសហគមន៍ម៉ាកូស» ដើម្បីទាមទារផ្ទះសម្បែងនិងសេវាសាធារណៈទាំងឡាយ។
អែនដាវូយ៉ាខេអែម ផាមបូ (Ndawoyakhe Mpambo) គឺជាប្រធាននៃវេទិកានេះ។
លោកនិយាយថា អ្វីដែលយើងទទួលបានពីរដ្ឋាភិបាលគឺគ្រាន់តែជាការសន្យាតែប៉ុណ្ណោះ ចាប់តាំងពីយើងបានចាប់ផ្តើមបោះឆ្នោតតាំងពី១៧ឆ្នាំមុន។ លោកនិយាយថា នៅរាល់ពេលដែលមានការបោះឆ្នោត អ្នកនយោបាយទាំងឡាយមកទីនេះ ដោយបានធ្វើការសន្យាជាច្រើន ប៉ុន្តែយើងមិនបានឃើញការសន្យាទាំងនោះទេ។
នៅទូទាំងអាហ្រ្វិកខាងត្បូង មានការធ្វើបាតុកម្មជាញឹកញាប់ ដែលជួនកាលប្រកបដោយហិង្សា ដោយប្រជាពលរដ្ឋដែលតាំងទីលំនៅក្រៅផ្លូវការ ដើម្បីធ្វើការទាមទារផ្ទះសម្បែងនិងសេវាសាធារណៈ៕
ប្រែសម្រួលដោយ ឌី ខាំបូលី