ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធាន​ CIA​​ ច្រានចោល​ការ​​រិះគន់របស់​លោក​ត្រាំ​ហើយ​ថា​ការ​ចោទ​ប្រកាន់​នេះ​ហួស​កម្រិត​


ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ Donald Trump លើក​មេដៃ​មួយ​ទៅ​កាន់​សមាជិក​ប្រព័ន្ធផ្សព្វផ្សាយ​បន្ទាប់​ពីកិច្ចប្រជុំ​ជាមួយ​កូនប្រុសទី៣​លោក Martin Luther King នៅ​អគារ​ Trump Tower បុរី​ញូវយ៉ក​កាល​ពី​ថ្ងៃទី​១៦ មករា ២០១៧។
ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ Donald Trump លើក​មេដៃ​មួយ​ទៅ​កាន់​សមាជិក​ប្រព័ន្ធផ្សព្វផ្សាយ​បន្ទាប់​ពីកិច្ចប្រជុំ​ជាមួយ​កូនប្រុសទី៣​លោក Martin Luther King នៅ​អគារ​ Trump Tower បុរី​ញូវយ៉ក​កាល​ពី​ថ្ងៃទី​១៦ មករា ២០១៧។

លោក John Brennan នាយក​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ស.រ.អា. CIA ចេញ​ពី​តំណែងបានច្រានចោលការយល់ឃើញ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ស.រ.អា. Donald Trump ដែល​ថា​លោក​ជា​មនុស្ស​ដែល​បាន​បន្លិចប្រាប់ពួក​អ្នកកាសែត​នូវ​របាយការណ៍​គ្មាន​ភ័ស្តុតាង​ដែល​ថា​ពួក​អ្នកជួយ​ឃោសនា​បោះឆ្នោត​លោក Trump បានទាក់ទង​ជាមួយ​ពួក​អ្នកធ្វើប្រតិបត្តិការ​រុស្សី។

អត្ថបទ​មួយ​ក្នុង​កាសែត Wall Street Journal កាល​ពី​ថ្ងៃ​ចន្ទ​បានដក​ស្រង់​ពាក្យ​សម្តី​លោក Brennan ដែល​បានមានប្រសាសន៍​ថា​លោក «គ្មាន​ផល​ប្រយោជន៍​អ្វី» ក្នុង​ការ​ផ្តល់​ការ​យក​ចិត្តទុកដាក់ច្រើន​ជាង​មុន​លើឯកសារនេះទេ ហើយ​ថា​ពួក​មន្ត្រី​ផ្នែក​ស៊ើបការ​សម្ងាត់បាននិយាយ​ប្រាប់លោក Trump អំពី​ឯកសារ​នេះ​នៅ​ក្នុង​ការនិយាយ​ត្រួសៗមួយ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​ពីព្រោះ​ពួក​គេមាន​ជំនឿ​ថា​លោកគួរ​តែ​ត្រូវ​ប្រាប់ឱ្យ​ដឹង​អំពី​ឯកសារនេះ។​

កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ លោក Trump បាន​រិះគន់យ៉ាង​ខ្លាំង​ដល់​សហគមន៍​ស៊ើបការ​សម្ងាត់ ដោយ​មាន​រួម​បញ្ចូល​ការ​ឆ្លងឆ្លើយ​ទៅ​មក​ជាមួយ​លោក Brennan ផង​ដែរ។

Trump បាន​ផ្សាយ​តាម Twitter កាល​ពី​សប្តាហ៍​មុនថា​ «ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​មិន​គួរ​អនុញ្ញាត​ឱ្យ​ព័ត៌មានក្លែង​ក្លាយ​បែបនេះ​លេច ទៅកាន់​សាធារណជន​ជា​ដាច់ខាត​។​ នេះ​ជា​ការ​វាយ​ប្រហារ​មួយ​ដល់ខ្ញុំ។​ តើ​យើង​កំពុង​រស់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ Nazi ឬទេ?» លោក​ Brennan បាននិយាយប្រាប់កាសែត​ Wall Street Journal ថា​គេ​រំពឹង​ថាប្រធានាធិបតី​ប្រឆាំងនឹង​ការ​សន្មត​របស់​សហគមន៍​ស៊ើបការ​សម្ងាត់​ ក៏​ប៉ុន្តែ​លោកមិន​យល់ស្របជាមួយ​នឹងការ​ចោទប្រកាន់អំពី​ភាពមិន​ទៀង​ត្រង់ឬ​ការ​គ្មាន​សេចក្តី​សុចរិត៕

XS
SM
MD
LG