មន្ត្រីអ៊ុយក្រែននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៊ី បានវាយប្រហារតំបន់កៀវ និង ទីក្រុង Odesa ដែលស្ថិតភាគខាត្បូងប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូន Shahed ដែលផលិតក្នុងប្រទេសអ៊ីរ៉ង់។
កងយោធាអ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនសរុបទាំងអស់២៦គ្រឿង របស់រុស្ស៊ី ដែលធ្វើការវាយប្រហារនោះ។
មន្ត្រីអ៊ុយក្រែនក្នុងតំបន់កៀវនិយាយថា បំណែកបាក់បែករបស់យន្តហោះ ដ្រូនដែលត្រូវបាញ់ទម្លាក់នោះ បានធ្វើឱ្យខូចខាតអគារលំនៅដ្ឋានមួយចំនួន។
នៅក្នុងតំបន់ Odesa អភិបាលតំបន់លោក Oleg Kiper និយាយថា យន្តហោះដ្រូនចំនួន២គ្រឿង បានបុកចំអគាររដ្ឋបាលមួយកន្លែង នៅទីតាំងកំពង់ផែ ហើយបំណែកបាក់បែកនៃយន្តហោះដ្រូន ដែលត្រូវបាញ់ទម្លាក់ពីលើអាកាសនោះ បានធ្វើឱ្យឆេះស្ថានីយ៍ដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅក្នុងកំពង់ផែ និងស្ថានីយ៍មួយទៀតដែលនៅក្បែរនោះ។
ទីក្រុង Odesa ជាកំពង់ផែដ៏សំខាន់ ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដែលជាកិច្ចព្រមព្រៀងមួយ ត្រូវបានសម្របសម្រួលឡើង ដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគី ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់ ពីបណ្តាកំពង់ផែនានារបស់អ៊ុយក្រែន ដែលត្រូវបានរាំងស្ទះដោយសារការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសនេះ។
អគ្គលេខាអង្គការអូតង់ លោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមសម្ព័ន្ធមិត្ត ត្រូវធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីផ្តល់គ្រាប់រំសេវដល់កងកម្លាំងអ៊ុយក្រែន ដែលកំពុងមានការខ្វះខាត ហើយវាស្រេចតែទៅលើប្រទេសនិមួយៗ ក្នុងការសម្រេចថា តើត្រូវផ្តល់គ្រាប់រំសេវប្រភេទណាទៅឱ្យអ៊ុយក្រែន។
ការលើកឡើងរបស់លោក Stoltenberg ជាការឆ្លើយតបទៅនឹងសំណួរមួយអំពីផែនការ ដែលសហរដ្ឋអាមេរិក គ្រោងនឹងផ្តល់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន ដែលការប្រើប្រាស់គ្រាប់បែកប្រភេទនេះ ត្រូវបានបានហាមប្រាមដោយប្រទេសជាង១០០នៅលើពិភពលោក ដោយសារតែវាបង្កគ្រោះថ្នាក់ខ្លាំងដល់ជនស៊ីវិល នៅក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នា ក៏ដូចជាពេលក្រោយសង្គ្រាមបញ្ចប់ផងដែរ។
លោក Stoltenberg និយាយថា គ្រាប់បែកចង្កោមនេះ ត្រូវបានរុស្ស៊ីប្រើប្រាស់ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២មក ប៉ុន្តែវាមានការខុសគ្នារវាងកងកម្លាំងរុស្ស៊ីដែលប្រើប្រាស់គ្រាប់ប្រភេទនេះ ក្នុងការឈ្លានពានប្រទេសដែលមានអធិបតេយ្យភាពមួយ និងការប្រើប្រាស់របស់អ៊ុយក្រែន ដើម្បីការពារទឹកដីរបស់ខ្លួន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។