មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុងកៀវបានសម្លាប់មនុស្សយ៉ាងតិច ៣ នាក់ និងធ្វើឱ្យមនុស្ស ១០ នាក់ទៀតរងរបួស។
យោធាអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានបាញ់ស្ទាក់មីស៊ីលរយៈចម្ងាយខ្លីទាំង ១០ គ្រាប់របស់រុស្ស៊ី។
មន្ត្រីទីក្រុងកៀវបាននិយាយថា កម្ទេចកំទីបាក់បែកនៃមីស៊ីលទាំងនេះបានធ្វើឱ្យខូចខាតអគារស្នាក់នៅមួយចំនួន គ្លីនិកវេជ្ជសាស្ត្រមួយកន្លែង និងបំពង់ទឹកមួយខ្សែ។
រុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសជាញឹកញាប់លើទីក្រុងកៀវនៅក្នុងខែឧសភា ស្របពេលអ៊ុយក្រែនត្រៀមធ្វើការវាយបកដែលគ្រោងទុកដើម្បីព្យាយាមដណ្ដើមមកវិញនូវដែនដីដែលកងទ័ពរុស្ស៊ីបានដណ្ដើមកាន់កាប់ តាំងពីពេលដែលរុស្ស៊ីបានធ្វើការឈ្លានពានពេញទំហឹងលើអ៊ុយក្រែនកាលពីដើមឆ្នាំមុនមក។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod នៃប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបាញ់ផ្លោងកាលពីយប់មិញបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសនៅក្នុងក្រុង Shebekino។
លោក Gladkov បានបញ្ជាក់តាម Telegram ថា ការវាយប្រហារនេះក៏បានធ្វើឱ្យខូចខាតដល់អគារមួយចំនួនផងដែរ។ លោកបានចោទកងទ័ពអ៊ុយក្រែនថាជាអ្នកប្រព្រឹត្ត។
នៅក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការអូតង់ (NATO) បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការបង្កើនការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែននិងអំពីបំណងប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកអង្គការអូតង់។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើឱ្យអង្គការអូតង់ផ្ដល់សមាជិកភាពដល់ប្រទេសរបស់លោកឱ្យបានលឿន ប៉ុន្តែអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បាននិយាយកាលពីសប្ដាហ៍មុនថា រឿងសមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការអូតង់នេះគឺ «មិនស្ថិតនៅលើរបៀបវារៈទេ» នៅពេលដែលសង្គ្រាមនៅកំពុងបន្ត៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។