ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ធ្វើ​ឱ្យ​ខូចខាត​រោងចក្រ​ថាមពល​អគ្គិសនី Dnipro


រូបឯកសារ៖ រោងចក្រផលិតថាមពល​នុយក្លេអ៊ែរ នៅតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ រោងចក្រផលិតថាមពល​នុយក្លេអ៊ែរ នៅតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ប្រទេស​អ៊ុយក្រែននិយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រុស្ស៊ី​បាន​វាយប្រហារកាល​ពី​យប់មិញ​ ដោយ​ប្រើ​ដ្រូន​ចំនួន​២៣​គ្រឿង​ និងបាន​បាញ់​សំដៅ​លើ​ទីក្រុង​ Dnipro​ នៅ​ភាគខាង​កើត​អ៊ុយក្រែន​ ដោយមន្ត្រី​អ៊ុយក្រែន​រាយការណ៍​ថា​ មាន​រោងចក្រ​ថាមពល​អគ្គិសនី​មួយ​កន្លែង​បានខូចខាត។​ ​

អភិបាល​ក្រុង Dnipro លោក Borys Filatov និយាយក្នុង​សារ​បង្ហោះ​លើ​ប្រព័ន្ធ​តេឡេក្រាម​ថា​ ហេដ្ឋារចនា​សម្ព័ន្ធ​បានរង​ការ​វាយប្រហារ ប៉ុន្តែ​មិន​បាន​បញ្ជាក់ច្បាស់​ពី​អ្វី​ដែលរងការវាយប្រហារ​ ឬ​កម្រិត​នៃ​ការ​ខូច​ខាត​នោះ​ឡើយ។ ​

ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ឯកជន​ DTEK និយាយលើ​តេឡេក្រាម​ថា​ ​ទីតាំងរោងចក្រ​ថាមពល​អគ្គិសនី​មួយ​កន្លែង​របស់​ខ្លួន​ បានរងការ​ខូចខាត​យ៉ាងខ្លាំង​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​នេះ​ ដោយតម្រូវ​ឱ្យ​រោងចក្រ​ត្រូវ​ផ្អាក​ការ​ផលិត​អគ្គិសនី​មួយ​រយៈ។​ ​ក្រុមហ៊ុន​នេះនិយាយ​ថា​ មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។

អភិបាល​តំបន់​ Dnipro​ លោក Serhiy Lysak​ ​និយាយ​ថា​ រុស្ស៊ី​បានវាយប្រហារទ្រង់ទ្រាយ​ធំលើ​តំបន់នេះ ដោយ​ប្រព័ន្ធការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​បាញ់ទម្លាក់​ដ្រូន​រុស្ស៊ី​ចំនួន ​១០ គ្រឿង​ក្នុងតំបន់ Dnipro។ ​

កង​កម្លាំង​ការពារ​ដែន​អាកាស​អ៊ុយក្រែន​និយាយ​ថា​ ជា​សរុប ​ប្រព័ន្ធ​ការពារដែនអាកាស​អ៊ុយក្រែន​ បាន​បាញ់​ទម្លាក់ដ្រូន​រុស្ស៊ី​ចំនួន​ ១៦ ក្នុង​ចំណោម ​២៣ ​គ្រឿង​ ​ដោយ​ដ្រូន​រុស្ស៊ី​មួយ​ចំនួន​ទៀត​ ត្រូវ​បានបាញ់ស្កាត់​ក្នុង​តំបន់ Kherson និង​តំបន់ Zaporizhzhia។

ទន្ទឹម​នឹង​នេះដែរ​ ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ បានបោះឆ្នោតនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​លើ​កញ្ចប់ជំនួយ​ ថវិកា​ចំនួន​ ៩៥​ ពាន់លាន​ដុល្លារ​អាមេរិក​ សម្រាប់​ប្រទេស​អ៊ុយក្រែន អ៊ីស្រាអែល​ និង​កោះតៃវ៉ាន់ ​ដោយមាន​សំឡេងគាំទ្រ​ ៧០ ទល់នឹង​សំឡេងប្រឆាំង ​២៩​ ប៉ុន្តែ​នឹង​ត្រូវរងការ​ប្រឆាំងខ្លាំង​នៅ​ក្នុង​រដ្ឋសភា​អាមេរិក ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ។​

កញ្ចប់​ថវិកា​ជំនួយ​នេះនេះ​មានទឹកប្រាក់​ចំនួន​ ៦០ ពាន់លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន ១៤​ពាន់​លានដុល្លារ​ សម្រាប់​ប្រទេស​អ៊ីស្រាអែល ​និង​ទឹកប្រាក់​ជិត​ ៥ ​ពាន់​លាន​ដុល្លារ​សម្រាប់គាំទ្រដៃគូ​នានា​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ដែល​រួម​មាន​កោះតៃវ៉ាន់​ និង​ជំនួយ​ផ្សេងៗ​ទៀត៕ ​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះត្រូវបានដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG