លោក Sharif Ismail នាយករដ្ឋមន្រ្តីនៃប្រទេសអេហ្ស៊ីបបានបញ្ជាក់ពីការធ្លាក់យន្ត ហោះដឹកអ្នកដំណើរមួយគ្រឿងរបស់រុស្ស៊ី ដែលដឹកមនុស្ស២២៤នាក់នៅលើនោះ ពេលហោះមិនបានដល់កន្លះម៉ោងផង បន្ទាប់ពីយន្តហោះនោះបានចាកចេញពីទីក្រុងលំហែកាយ Sharm El-Sheikh នៃប្រទេសអេហ្ស៊ីប។
ក្រុមមន្រ្តីអេហ្ស៊ីបនិយាយថា យន្តហោះម៉ាក្ស Airbus A-321ជើងហោះហើរលេខ Kogalymavia 9268 ជាប្រភេទយន្តហោះដឹកអ្នកដំណើរ ដែលបានដឹកអ្នកដំណើរ២១៧នាក់ រួមមានកូនក្មេង១៧នាក់ ជាមួយអ្នកបើកបរ០៧នាក់។ ទីកន្លែងធ្លាក់
យន្តហោះនោះបានត្រូវគេរកឃើញ ហើយកិច្ចប្រតិបត្តិការជួយសង្គ្រោះកំពុងធ្វើ។ គេមិនទាន់ដឹងច្បាស់នៅឡើយ ថាតើមានមនុស្សនៅរស់រានមានជីវិតដែរឬទេ។
ការិយាល័យរបស់នាយករដ្ឋមន្រ្តីបានប្រាប់ឲ្យដឹងថា លោកមានគម្រោងបើកកិច្ចប្រជុំគ្រាអាសន្នមួយ ជាមួយក្រុមមន្រ្តីរដ្ឋាភិបាល និងមន្រ្តីសន្តិសុខ ខណៈដែលក្រសួងការបរទេសរុស្ស៊ីបានប្រាប់ឲ្យដឹងនៅលើទំព័រ Facebook ថា ខ្លួនកំពុងឃ្លាំមើលស្ថានភាព។
យន្តហោះនោះបានធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី ដោយបានហោះចេញនៅម៉ោង៥និង៥១នាទីព្រឹក ហើយត្រូវបានគេរាយការណ៍ថា បានដាច់ការទាក់ទងជាមួយទីកន្លែងត្រួតត្រាចរាចរណ៍ដែនអាកាសមិនដល់កន្លះម៉ោងក្រោយមក។ សេចក្តីរាយការណ៍ដែលមានការបញ្ជាក់បានប្រាប់ឲ្យដឹងថា អ្នកបើកបរបានផ្តល់សញ្ញាពីបញ្ហារបស់យន្តហោះនោះ។
មូលហេតុនៃការធ្លាក់នោះមិនទាន់ដឹងនៅឡើយទេ ក៏ប៉ុន្តែពួកអាជ្ញាធរបាននិយាយថា យន្តហោះនោះមិនត្រូវបានគេបាញ់ទម្លាក់ទេ។
កាសែត Al-Ahram ដែលរៀបចំចាត់ចែងដោយរដ្ឋអេហ្ស៊ីបបានរាយការណ៍ថា រថយន្តសង្គ្រោះបន្ទាន់យ៉ាងហោចណាស់១៥គ្រឿងដែរ កំពុងបើកឆ្ពោះទៅកាន់ទីក្រុង Al-Hassana នៃឧបទ្វីបស៊ីណៃ (Sinai) ហើយគេ បានប្រកាសស្ថានភាពគ្រាអាសន្ននៅទីនោះ៕