ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ព្រមាន​លោក​ខាងលិច​និង​អ៊ុយក្រែន​អំពី​«ភយន្តរាយ»បើ​អ៊ុយក្រែន​វាយ​ប្រហារ​បេឡារុស


សូរ្យគ្រាស​​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​អគារ​វិមាន​ក្រឹមឡាំង និង​ទីស្នាក់ការ​ក្រសួង​ការបរទេស​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
សូរ្យគ្រាស​​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​អគារ​វិមាន​ក្រឹមឡាំង និង​ទីស្នាក់ការ​ក្រសួង​ការបរទេស​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

ប្រទេស​រុស្ស៊ី​បាន​ព្រមាន​លោក​ខាងលិច​និង​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​សុក្រ​អំពី​«ភយន្តរាយ»​បើ​អ៊ុយក្រែន​វាយ​ប្រហារ​បេឡារុស​ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ រុស្ស៊ី​ថា ​ខ្លួន​នឹង​ធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​ប្រទេស​មួយ​ដែល​ខ្លួន​បាន​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ។

អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​រុស្ស៊ី អ្នកស្រី Maria Zakharova បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា ​រុស្ស៊ី​បារម្ភ​ចំពោះ​អ្វី​ដែល​អ្នក​ស្រី​ហៅ​ថា​ជា​សកម្មភាព«អុជអាល»​កាន់​តែខ្លាំង​នៅ​តាម​ព្រំដែន​ជាមួយ​បេឡេរុស។ អ្នក​ស្រី​ថា​អ្នក​ស្រី​មិន​បដិសេធ​ថា​អាច​មាន​ការប៉ុនប៉ង​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​នោះ​ទេ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​រុល​ចូល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​អ៊ុយក្រែន​ទៅ​ក្នុង​តំបន់ Kursk ​របស់​រុស្ស៊ី​នៅ​ថ្ងៃ​ទី​៦​ខែ​សីហា មេដឹកនាំ​ប្រទេស​បេឡារុស លោក Alexander Lukashenko ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​លើកឡើង​ដោយ​មិន​បង្ហាញ​ភស្តុតាង​ថា​អ៊ុយក្រែន​អាច​មាន​គំនិត​វាយប្រហារ​បេឡារុស។

បេឡារុស ដែល​បាន​ចោទ​អ៊ុយក្រែន​ថា ​បាន​បង្ហោះ​ដ្រូន​រំលោភ​ចូល​ដែន​អាកាស​របស់​ខ្លួន ក្រោយ​មក​ក៏​បាន​ប្រកាស​ថា​ខ្លួន​បាន​បញ្ជូន​ទ័ព​បន្ថែម​ទៀត​ទៅ​កាន់​ព្រំដែន​ជាប់​អ៊ុយក្រែន ទោះបីជា​អ៊ុយក្រែន​ថា​ខ្លួន​មិន​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ធំដំ​នៅ​តាម​តំបន់​ព្រំដែន​នោះ​ក៏ដោយ។

ក្រសួង​ការបរទេស​អ៊ុយក្រែន​និយាយ​កាល​ពី​ខែ​មុន​ថា​អ៊ុយក្រែន​«មិន​ដែល​ហើយ​នឹង​មិន​ចាត់​វិធានការ​អមិត្រ​ណាមួយ​ប្រឆាំង​ប្រជាជន​បេឡារុស​ទេ»។

ដោយ​និយាយ​យ៉ាង​ច្បាស់​សំដៅ​ដល់​ការ​រុលចូល​របស់​អ៊ុយក្រែន​ទៅក្នុង​តំបន់ Kursk អ្នក​ស្រី Zakharova ថា​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy បាន​បង្ហាញ​ថា ​លោក​មាន​សមត្ថភាព​ចំពោះ​អ្វី​ដែល​អ្នក​ស្រី​ហៅ​ថា​ជា​«ជំហាន​ធ្វេសប្រហែស» ដោយ​ចោទ​លោក​ថា​បាន​សម្របសម្រួល​សកម្មភាព​របស់​លោក​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ខែ​វិច្ឆិកា។

អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​ដដែល​ថា​រុស្ស៊ី​និង​បេឡេរុស គឺជា​«រដ្ឋសម្ព័ន្ធ» ហើយ​រួម​គ្នា​ការពារ​ព្រំដែន​រួម​របស់​ប្រទេស​ទាំង​ពីរ ដោយ​បង្ហាញ​ថា​ក្រុម​យោធា​តំបន់​រួមគ្នា ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ប្រទេស​បេឡេរុស​រួម​ជាមួយ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​ផង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG