សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃព្រស្បតិ៍ថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវថវិកាប្រហែល ១៨០លានដុល្លារ នៅក្នុងវិស័យថាមពល ដែលប្រាក់ប្រហែល ១១១លានដុល្លារនៃប្រាក់ទាំងនោះ បានមកពីទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក។ ការប្រ កាសនេះ កើតឡើងមុនអ្វីដែលគេដឹងថា ជារដូវត្រជាក់ខ្លាំងបំផុត បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញថាមពល។
នៅឯសន្និសីទកាសែតក្នុងទីក្រុងព្រុចសែល ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បាននិយាយថាថវិកាប្រហែល៦៧លានដុល្លារនឹងផ្តល់ទៅទីជម្រក ម៉ាស៊ីនកំដៅ និងជំនួយមនុស្សធម៌ ខណៈដែលចំនួនទឹកប្រាក់ដែលនៅសល់ត្រូវបានផ្តល់ដោយទ្រព្យសម្បត្តិរុស្ស៊ី និងត្រូវប្រើប្រាស់សម្រាប់ជួសជុលបណ្តាញអគ្គីសនី រួមជាមួយការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ។
ចំពោះការប្រើទ្រព្យសម្បត្តិរុស្ស៊ី លោកស្រី Von der Leyen បាននិយាយថា«វាជាការ ត្រឹមត្រូវដែលរុស្ស៊ីបង់ប្រាក់សម្រាប់ការបំផ្លិចបំផ្លាញដែលខ្លួនបានធ្វើ»។ លោកស្រីនិយាយទៀតថា សហភាពអឺរ៉ុបនឹងបន្តដំណើរការផ្ទេរថវិកាមកពីទ្រព្យសម្បត្តិរុស្ស៊ី សម្រាប់ស្តារថាមពលរបស់អ៊ុយក្រែន ដែលរួមមានការធ្វើវិមជ្ឈការផលិតកម្មថាមពល និងការអនុវត្តថាមពលកកើតឡើងវិញ ដូចជាបន្ទះស្រូបកម្តៅព្រះអាទិត្យ។
លោកស្រី Von der Leyen បានបន្តទៀតថា លោកស្រីនឹងធ្វើដំណើរទៅកាន់រដ្ឋធានីកៀវនៅថ្ងៃសុក្រនេះដើម្បីពិភាក្សាពីផែនការនៃស្ថានភាពថាមពល។
ជំនួយថាមពលរបស់សហភាពអឺរ៉ុបកើតមានឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍មកពីទីភ្នាក់ងារថាមពលអន្តរជាតិឬ IEAដែលបាននិយាយថា ពីព្រោះតែការកើនឡើងនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ពន្ធថាមពលរបស់អ៊ុយក្រែន អ៊ុយក្រែនបានប្រឈមរដូវរងា ដែលប្រហែលជាលំបាកបំផុត ដោយសារកត្តាខ្វះថាមពល ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២មក។
ថ្លែងនៅឯសន្និសីទជាមួយគ្នានោះដែរ នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិលោក Fatih Birolបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីកាលពីចុងខែមុន បានធ្វើឱ្យខូចខាតមួយផ្នែកធំនៃហេដ្ឋារចនាសម្ពន្ធរបស់អ៊ុយក្រែន៕