លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកJim Mattisបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនថា រុស្ស៊ីកំពុងស្វះស្វែងរកគូសព្រំដែនអន្តរជាតិថ្មីដោយប្រើកម្លាំងហើយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ីនឹងស្ថិតនៅជាធរមានរហូតទាល់តែរដ្ឋាភិបាលក្រុងមូស្គូផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកMattisបានថ្លែងទន្ទឹមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បន្ទាប់ពីជំនួបជាមួយលោកហើយនឹងមេដឹកនាំផ្សេងទៀតនៅក្នុងទីក្រុងKyiv។
លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកបាននិយាយឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនហើយនឹងយោធារបស់ប្រទេសនោះហើយលោកបានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនទទួលយកការកាន់កាប់តំបន់ Crimeaនៃប្រទេសអ៊ុយក្រែននៅឆ្នាំ២០១៤ដោយប្រទេសរុស្ស៊ីទេ។ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកក៏មានប្រសាសន៍ទៀតថា ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនជាអ្វីដែលត្រូវបានពិចារណាយ៉ាងខ្លាំងដោយរដ្ឋ បាលរបស់លោកត្រាំ។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis បាននិយាយថា «យើងទើបតែបានអនុម័តកាលពីពេលថ្មីៗនេះ កាលពីប៉ុន្មានសប្តាហ៍មុននេះនូវឧបករណ៍ឯកទេសដែលមានទឹកប្រាក់១៧៥លានដុល្លារ រួមមានឧបករណ៍ឯកទេសខ្លះដែលអាចត្រូវប្រើប្រាស់ដើម្បីជួយការពារអ៊ុយក្រែនដែលបានធ្វើឲ្យមានចំនួនសរុបជិត៧៥០លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកMattis បាននិយាយថា «ខ្ញុំក៏នឹងប្រាប់ពីអាវុធនោះដែរថា យើងកំពុងពិនិត្យមើលអំពីបញ្ហានោះឡើងវិញ»៕