មន្ត្រីជាន់ខ្ពស់និងនាយទាហានអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាកងកម្លាំងរុស្ស៊ីដែលបានបាញ់ផ្លោងដាក់ក្រុង Avdiivka នាប៉ែកខាងកើតប្រទេសច្រើនសប្តាហ៍មកហើយនៅពេលនេះកំពុងបញ្ជូនទាហានជាច្រើនទៅកាន់ក្រុងដែលត្រូវបំផ្លាញនោះ ប៉ុន្តែសំខាន់ខាងយុទ្ធសាស្ត្រនេះនាផ្នែកខាងកើតប្រទេសអ៊ុយក្រែន។
លោក Oleksandr មេបញ្ជាការរងកងវរសេនាតូចមួយក្នុងកងពលតូចលេខ៤៧ បានថ្លែងប្រាប់ទីភ្នាក់ងារសាព័ត៌មានបារាំង Agence France-Presse ថា«ទីលានប្រយុទ្ធមានសាកសពពាសពេញ»។
វាជាយុទ្ធសាស្ត្រមួយស្រដៀងគ្នានឹងយុទ្ធសាស្ត្រដែលរុស្ស៊ីបានប្រើប្រឆាំងនឹងក្រុង Bakhmut ដែលជាក្រុងមួយរុស្ស៊ីបានវាយយកបាន។
អ៊ុយក្រែនថាតាំងពីពាក់កណ្តាលខែតុលាមក រុស្ស៊ីបានប្រឹងប្រែងវាយយកក្រុងតូចនេះដោយគ្មានជោគជ័យ។ ក្រុងនេះឋិតនៅលើខ្សែត្រៀមជួរមុខចម្ងាយ៥គ.ម.ពីទីក្រុង Donetsk រដ្ឋធានីនៃតំបន់រុស្ស៊ីគ្រប់គ្រង ដែលជាតំបន់មួយក្នុងបណ្តាតំបន់បួនដែលរដ្ឋាភិបាលក្រុងមូស្គូថាខ្លួនបានយកពីអ៊ុយក្រែន។
លោក Vitaliy Barabash ប្រធានរដ្ឋបាលយោធាក្រុង Avdiivka បាននិយាយថាមានអ្នកស្រុកប្រមាណ១.៤០០នាក់ស្ថិតនៅក្នុងក្រុងនេះដែលធ្លាប់មានអ្នកស្រុក៣២.០០០នាក់នៅមុនសង្គ្រាម។ លោក Barabash បានពណ៌នាការវាយប្រហាររបស់រុស្ស៊ីថាសាហាវ៕