ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការចរចា បន្ទាប់ពី​ព្រមាន​ប្រឆាំង​នឹង​ការគំរាម​កំហែង​របស់​ក្រុម​រដ្ឋអ៊ីស្លាម


រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov (ទីពីររាប់ពីឆ្វេង) ចូល​រួម​នៅក្នុង​ក្នុង​កិច្ចពិភាក្សា​អន្តរជាតិ​ស្តីពី​អាហ្វហ្គានីស្ថាន​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ប្រទេស​រុស្ស៊ី ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​ការពិភាក្សា​នៅ​ក្នុង​រដ្ឋធានី​មូស្គូ​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ស្វះស្វែង​ការពារ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល​ និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​ប្រឆាំង​នឹង​ពួក​អ្នក​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ដែល​រុស្ស៊ី​និយាយ​ថា បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការពិភាក្សា​ដែលមាន​ការ​ចូល​រួម​ដោយមន្ត្រី​មកពី​ប្រទេស​ចំនួន១០​ ដែល​រួមមាន​ប្រទេស​ចិន​និង​ប៉ាគីស្ថាន​ផង​ដែរ ជា​ជំនួប​អន្តរជាតិ​ដ៏​សំខាន់​មួយ​ចាប់តាំង​ពី​ក្រុម​តាលីបង់​បាន​ក្តោបក្តាប់​អំណាច​កាលពី​ពាក់​កណ្តាល​ខែ​សីហា​មក។

កិច្ចប្រជុំ​អន្តរជាតិ​នេះ ​កើត​មាន​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​កាលពី​សប្តាហ៍​មុន​ថា ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​ពង្រីក​ជម្លោះនៅ​ក្នុងបណ្តា​ប្រទេស​ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​អតីត​សហភាពសូវៀត​ដែល​នៅ​ជាប់​ប្រទេស​រុស្ស៊ី។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov មាន​គម្រោង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ជំនួប​នោះ។

គណៈប្រតិភូ​តាលីបង់ ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី Abdul Salam Hanafi ជា​ឥស្សរជន​ជាន់​ខ្ពស់​នៅ​ក្នុង​ថ្នាក់​ដឹកនាំ​ថ្មី​របស់​អាហ្វហ្គានីស្ថាន​ដែល​បាន​ដឹកនាំ​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន។

ជំនួប​ទាំង​នោះ ​កើត​មាន​ឡើង​បន្ទាប់ពី​ការចរចា​នៅ​ក្នុង​ទីក្រុង​អង់ការ៉ា​នៃ​ប្រទេស​តួកគី​រវាង​ក្រុម​តាលីបង់​ និង​មន្ត្រីតួកគី។

សហភាព​អឺរ៉ុប បាន​សន្យា​ផ្តល់​ប្រាក់​ចំនូន១ពាន់ ២០០​លាន ​ដុល្លារ​ដើម្បី​បញ្ចៀស​វិបត្តិ​មនុស្សធម៌​ បន្ទាប់ពី​ការកាន់​អំណាច​របស់​ក្រុម​ជ្រុល​និយម​តាលីបង់​មក។

ក្រសួង​ការបរទេស​រុស្ស៊ី បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា គោលដៅ​នៃ​ជំនួប​ក្នុង​ទីក្រុង​មូស្គូ​នេះ​ គឺបង្កើន​ការខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​រារាំង​វិបត្តិ​មនុស្សធម៌៕

XS
SM
MD
LG