ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បាញ់​មីស៊ីល​ដែល​លឿន​ជាង​សំឡេង​ប្រឆាំង​នាវា​ដាក់​គោលដៅ​ត្រាប់​ក្នុង​សមុទ្រ​ជប៉ុន


នៅក្នុង​រូប​ដកស្រង់​ពី​វីដេអូ​ដែល​ផ្តល់​ដោយ​សេវា​សារព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី នៅ​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បង្ហាញ​ពី នាវា​កងទ័ព​ជើងទឹក​រុស្ស៊ី​បាន​បាញ់​សាកល្បង​កាំជ្រួច​ប្រឆាំង​នាវា​នៅ​ឈូងសមុទ្រ Peter The Great Gulf ក្នុង​សមុទ្រ​ជប៉ុន។
នៅក្នុង​រូប​ដកស្រង់​ពី​វីដេអូ​ដែល​ផ្តល់​ដោយ​សេវា​សារព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី នៅ​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បង្ហាញ​ពី នាវា​កងទ័ព​ជើងទឹក​រុស្ស៊ី​បាន​បាញ់​សាកល្បង​កាំជ្រួច​ប្រឆាំង​នាវា​នៅ​ឈូងសមុទ្រ Peter The Great Gulf ក្នុង​សមុទ្រ​ជប៉ុន។

កងទ័ព​ជើង​ទឹក​រុស្ស៊ី​ បាន​បាញ់គ្រាប់​មីស៊ីល​ដែល​លឿន​ជាង​សំឡេង (Hypersonic)​ ប្រឆាំង​នាវា នៅ​ក្នុង​ការបាញ់​សាកល្បងទៅ​លើ​គោលដៅ​ត្រាប់​ នៅ​ក្នុង​សមុទ្រ​ជប៉ុន។​ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

«នៅ​ក្នុង​សមុទ្រជប៉ុន​ នាវាចម្បាំង​ដែល​បំពាក់គ្រាប់​មីស៊ីលនៃកងនាវា​ប៉ាស៊ីហ្វិក​របស់​រុស្ស៊ី​ បាន​បាញ់​គ្រាប់មីស៊ីល ​cruise Moskit ទៅ​លើទី​តាំង​ត្រាប់​របស់សត្រូវ​ក្នុង​សមុទ្រ»។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​ដែល​បានផ្សព្វផ្សាយ​លើ​បណ្តាញ​តេឡេក្រាម។

សេចក្តីថ្លែងការណ៍​នេះ​បន្ថែម​ទៀត​ថា​ «​គ្រាប់មីស៊ីល ​cruise Moskit ២ ​គ្រាប់បាន​បាញ់​ចំ​គោលដៅ​សត្រូវ​ ដែល​ត្រូវ​បាន​រៀប​ចំ​ស្ថិត​ក្នុង​ចម្ងាយ​ប្រមាណ​១០០គីឡូម៉ែត្រ​ ដោយ​ជោគជ័យ»។ ​

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ លោក Yoshimasa Hayashi ​និយាយ​ថា​ រដ្ឋាភិបាល​ក្រុងតូក្យូ​មាន​ការ​ប្រុងប្រយ័ត្នលើ​ប្រតិបត្តិការ​យោធា​របស់ក្រុងមូស្គូ​ ដោយ​លោក​បន្ថែមថា​ ការបាញ់​សាកល្បង​នៃ​គ្រាប់មីស៊ីល​របស់​រុស្ស៊ី​នោះ​ មិនបណ្តាល​ឱ្យ​មាន​ការ​ខូចខាត​អ្វី​ឡើយ។ ​

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​រូប​នេះបាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ «ខណៈពេល​ដែលការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​តែ​បន្ត​កើត​មាន​ឡើង​នោះ​ កងកម្លាំង​រុស្ស៊ីក៏​មាន​សកម្មភាព​ខ្លាំង​ជាងមុន​ផងដែរ​ នៅ​តំបន់​ផ្នែក​ខាង​កើត​បំផុត​របស់​ខ្លួន​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​តំបន់​ជិតៗ​ប្រទេស​ជប៉ុន​ផង​ដែរ។​ ​

ការ​បាញ់សាកល្បង​មីស៊ីល​លឿន​ជាង​សំឡេង​របស់​រុស្ស៊ី​នេះ​ កើត​ឡើង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពីយន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​២​គ្រឿង​របស់​រុស្ស៊ី​ ដែល​មាន​សមត្ថភាពអាច​ផ្ទុក​អាវុធ​នុយក្លែអ៊ែរ​បាន​ហោះ​លើ​សមុទ្រ​ជប៉ុន​ជាង​៧​ម៉ោង​ ក្នុង​អ្វី​ដែល​រដ្ឋាភិបាលក្រុង​មូស្គូនិយាយ​ថា​ ​គឺ​ជា​ជើង​យន្តហោះ ​«ត្រៀម​ផែន​ការ​មួយ»៕

XS
SM
MD
LG