ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា កងការពារដែនអាកាសខ្លួនបានបាញ់ទម្លាក់ដ្រូនបីគ្រឿងក្នុងតំបន់ក្រុងមូស្គូ។
រុស្ស៊ីបានថ្លែងថា ដ្រូនទាំងនេះជាផ្នែកមួយនៃការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែន ហើយថាដ្រូនពីរក្នុងបណ្តាដ្រូនទាំងនេះត្រូវបានស្ទាក់នៅពេលវាហោះជិតដល់ឃ្លាំងសម្ភារៈយោធា។
អ៊ុយក្រែនមិនសូវធ្វើអត្ថាធិប្បាយអំពីការវាយប្រហារខាងក្នុងប្រទេសរុស្ស៊ីទេ។
កងយោធាអ៊ុយក្រែនបាននិយាយថា ពួកគេបានបាញ់ទម្លាក់ដ្រូន៦គ្រឿងធុន Shahed ផលិតនៅប្រទេសអ៊ីរ៉ង់នៅលើតំបន់ Khmelnytskyi នាប៉ែកខាងលិចប្រទេសអ៊ុយក្រែន។
រុស្ស៊ីបានធ្វើការវាយប្រហារដោយដ្រូនជាញឹកញាប់ជាផ្នែកមួយនៃការវាយប្រហារតាមអាកាសរបស់ខ្លួនតាំងពីបានចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២មក។
អ៊ុយក្រែនបានថ្លែងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន៣២គ្រឿងក្នុងបណ្តាដ្រូន៣៥គ្រឿងនៅក្នុងការវាយប្រហារមួយដោយរុស្ស៊ីកាលពីថ្ងៃអង្គារ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters