នៅថ្ងៃចន្ទនេះ ពួកមន្ត្រីរុស្សីបានប្រកាសអំពីការកាន់មរណទុក្ខជាតិមួយថ្ងៃហើយបាននិយាយថាពួកគេកំពុងស៊ើបអង្កេតអំពីមូលហេតុទាំងអស់ដោយមានរួមបញ្ចូលការវាយប្រហារភេរវកម្មផង ដែលបានបណ្តាលឱ្យមានការធ្លាក់យន្តហោះយោធាដឹកអ្នកដំណើររុស្សីមួយគ្រឿងដែលនាំឱ្យមនុស្សទាំងអស់៩២នាក់ក្នុងនោះស្លាប់ទាំងអស់គ្នា។
កាលពីព្រឹកថ្ងៃចន្ទ លោក Maxim Sokolov រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្សីបាននិយាយថាការធ្លាក់យន្តហោះនេះកាលពីថ្ងៃអាទិត្យទំនងជាបណ្តាលមកពីកំហុសរបស់អ្នកបើកបរឬដោយបញ្ហាបច្ចេកទេស។ ទោះណាជាពួកមន្ត្រីបាននិយាយថាភេរវកម្មប្រហែលមិនមែនជាបុព្វហេតុនៃគ្រោះថ្នាក់នេះក៏ដោយ ក៏គណៈកម្មាធិការស៊ើបអង្កេតពិសេសមួយនៃប្រទេសរុស្សីបានបើកការស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មអំពីការធ្លាក់យន្តហោះនេះហើយ។ លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្សីបាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងក្រុង Sochi នាផ្នែកខាងត្បូងនៃប្រទេសរុស្សីថា «វិសាលគមទាំងមូលនិងលទ្ធភាពនៃបុព្វហេតុសឹងតែទាំងអស់...កំពុងត្រូវស៊ើបអង្កេត ក៏ប៉ុន្តែជាការឆាប់រហ័សពេកក្នុងការនិយាយថាការណ៍នេះ «ជាភេរវកម្ម» នោះ។ យន្តហោះនេះបានធ្លាក់ក្នុងសមុទ្រខ្មៅពីរនាទីក្រោយពីបានហោះចេញពីចំណតយន្តហោះក្រុង Sochi នៅពេលមានអាកាសធាតុល្អបណ្តាលឱ្យពួកយានិក៨នាក់និងអ្នកដំណើរ៨៤នាក់ស្លាប់
ទាំងអស់គ្នា ដោយមានរួមបញ្ចូលទាំងសមាជិករាប់សិបនាក់នៃក្រុមអ្នកចម្រៀងរួមដ៏ល្បីល្បាញឈ្មោះ Alexandrov Ensemble ដែលគេស្គាល់នៅទូទាំងពិភពលោកថាក្រុមអ្នកចម្រៀងរួមនៃកងទ័ពក្រហម៕