ប្រទេសរុស្ស៊ីបានតែងតាំងមេបញ្ជាការថ្មីសម្រាប់ការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ស្របពេលដែលក្រុម Wagner Group ដែលជាកងទាហានប៉ារ៉ាស៊ីឈ្នួលរបស់រុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានដណ្ដើមគ្រប់គ្រងទាំងស្រុងនូវក្រុង Soledar ដែលជាក្រុងរោងចក្រអំបិលនៅភាគខាងកើតប្រទេសអ៊ុយក្រែន បើទោះបីជាកងទ័ពអ៊ុយក្រែនបាននិយាយថា ការប្រយុទ្ធគ្នានៅមិនទាន់ចប់ក៏ដោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃពុធបានតែងតាំងនាយអគ្គសេនាធិការកងទ័ពលោក Valery Gerasimov ជាមេបញ្ជាការទូទៅសម្រាប់អ្វីដែលរដ្ឋាភិបាលរុស្ស៊ីហៅថាជា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនដែលបានឈានចូលដល់ខែទី ១១ របស់ខ្លួនហើយ។
ការផ្លាស់ប្ដូរនេះបានបញ្ចុះឋានៈរបស់លោកនាយឧត្តមសេនីយ៍ Sergei Surovikin ដែលត្រូវបានតែងតាំងកាលពីខែតុលាឆ្នាំមុនឱ្យដឹកនាំការឈ្លានពានលើប្រទេសអ៊ុយក្រែននេះនិងមើលការខុសត្រូវលើការវាយប្រហារខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
ស្របពេលនេះដែរ លោក Yevgeny Prigozhin ដែលជាមេដឹកនាំនៃក្រុម Wagner Group និងជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា កងកម្លាំងរបស់លោកបានដណ្ដើមគ្រប់គ្រងទាំងស្រុងលើក្រុង Soledar និងបានសម្លាប់ទាហានអ៊ុយក្រែនប្រហែល ៥០០ នាក់ បន្ទាប់ពីមានការប្រយុទ្ធគ្នាខ្លាំងក្លា។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា លោកមិនអាចបញ្ជាក់អំពីសេចក្ដីរាយការណ៍ដែលថាក្រុង Soledar បានធ្លាក់ក្នុងដៃរបស់រុស្ស៊ីនោះទេ។
ក្នុងពេលកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ធ្លាប់បានចំអកដល់ការអះអាងពីមុនរបស់ក្រុម Wagner Group ដែលថា ខ្លួនបានដណ្ដើមគ្រប់គ្រងក្រុង Soledar បានមួយផ្នែក ប៉ុន្តែលោក Zelenskyy មិនបានបញ្ចេញមតិភ្លាមៗណាមួយលើការអះអាងនាពេលឥឡូវនេះរបស់ក្រុមនេះដែលថា ខ្លួនបានដណ្ដើមគ្រប់គ្រងទាំងស្រុងលើក្រុង Soledar នោះទេ៕
រុស្ស៊ីប្ដូរមេបញ្ជាការម្ដងទៀតនៅអ៊ុយក្រែន ស្របពេលមានការប្រយុទ្ធខ្លាំងក្លាដណ្ដើមក្រុង Soledar
- Reuters
រដ្ឋធានីកៀវ និងជិតទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន —