ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រុស្ស៊ី​ និង​ប្រទេស​បង់ក្លាដែស​រាយ​ការណ៍​ពី​កំណត់ត្រា​ខ្ពស់​បំផុត​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​​មួយ​ថ្ងៃ


រូបឯកសារ៖ ពលរដ្ឋ​នាំ​គ្នា​ប្រជ្រៀត​គ្នា​រង់ចាំ​ជិះ​សាឡាង​​ធ្វើ​ដំណើរចាក​ចេញ មុន​ពេល​បិទខ្ទប់​ក្រុង Munshiganj ប្រទេស​បង់ក្លាដែស ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

នៅ​ពេល​ដែល​ប្រទេស​ជា​ច្រើន​បន្ធូរ​បន្ថយ​វិធានការ​រឹតត្បិត​ទប់ទល់​ជំងឺ​កូវីដ១៩​ ខណៈអត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​កើន​ឡើង​នោះ​ ប្រទេស​បង់ក្លាដែស​ និង​រុស្ស៊ី​បំបែក​កំណត់​ត្រា​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។​

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ប្រកាស​ថា ខ្លួន​នឹង​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​រុស្ស៊ី​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ នៅ​ពេល​រដ្ឋាភិបាល​នេះ​បាន​រាយ​ការណ៍​ថា​ មាន​មនុស្ស​ស្លាប់៧០០​នាក់​ដោយ​សារ​ជំងឺ​កូវីដ១៩​ ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ កាលពី​ថ្ងៃ​អង្គារ។​

សាកល​វិទ្យាល័យ ​Johns Hopkins ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​រុស្ស៊ី១៤០.០០០នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ។ ​ប៉ុន្តែគេ​ជឿ​ថា​ ចំនួន​មនុស្ស​ស្លាប់​ពិតប្រាកដ​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។​

ប្រទេស​បង់ក្លាដែស​បាន​រាយ​ការណ៍ការឆ្លង​ចំនួន​១១.៥២៥​ករណី​កាលពី​ថ្ងៃ​អង្គារ​ ដែល​ជា​តួលេខ​ខ្ពស់​បំផុតក្នុងមួយ​ថ្ងៃ​ ចាប់តាំង​ពី​ជំងឺ​រាតត្បាត​នេះ​បាន​ចាប់ផ្តើម។​ ប្រទេស​នេះ​ក៏​មាន​មនុស្ស​ស្លាប់​១៦៣​នាក់ក្នុង​ពេល​២៤​ម៉ោង​កន្លង​មក​ដែរ។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​រដ្ឋាភិបាល។​

បង់ក្លាដែស​មាន​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា​ ដែល​ជំងឺ​កូវីដ​បំប្លែងថ្មី​ប្រភេទ​ ដែលតា ​(Delta)​ ដែល​ឆ្លង​រហ័ស ​បាន​ផ្ទុះ​ឡើង។ ​អ្នក​ជំនាញ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ជឿ​ថា ​ចំនួន​ឆ្លង​និង​ស្លាប់​ទំនង​ជា​ខ្ពស់​ជាង​នេះ។​

ក្នុង​ខណៈ​នោះ​ដែរ​ នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​កាលពី​ថ្ងៃ​អង្គារ​ ប្រទេស​ខ្លះ​បាន​ប្រកាស​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ខ្លះដែល​បង្កើតឡើង​ដើម្បីទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​នេះ៕​

(សេចក្តី​រាយ​ការណ៍​នេះ​មាន​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP, AFP ​និង​ Reuters)

XS
SM
MD
LG