ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី៖ បទឈប់​បាញ់​គ្នា​នៅ​ស៊ីរី​អាច​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ


រដ្ឋមន្ត្រី​ការ​បរទេស​​រុស្ស៊ី លោក Sergei Lavrov (ឆ្វេង) និង​លោក​ Staffan de Mistura បេសកជនពិសេស​អង្គការ​សហប្រជាជាតិ​កំពុង​ដើរ​ចូល​ក្នុង​បន្ទប់​ប្រជុំ​ក្នុង​ទីក្រុង​មុស្គូ ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០១៦។
រដ្ឋមន្ត្រី​ការ​បរទេស​​រុស្ស៊ី លោក Sergei Lavrov (ឆ្វេង) និង​លោក​ Staffan de Mistura បេសកជនពិសេស​អង្គការ​សហប្រជាជាតិ​កំពុង​ដើរ​ចូល​ក្នុង​បន្ទប់​ប្រជុំ​ក្នុង​ទីក្រុង​មុស្គូ ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០១៦។

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​Sergei Lavrov ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ បទឈប់​បាញ់គ្នាមួយ​អាច​នឹង​ត្រូវ​ប្រកាស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​និង​កងកម្លាំង​របស់​រដ្ឋាភិបាល​នៅ​ទីក្រុង​ Aleppo ​ក្នុង​ប្រទេស​ស៊ីរី ​បើ​ទោះ​បី​ជា​ការប៉ះ​ទង្គិច​គ្នា​នា​ពេល​ថ្មីៗ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន​១៤​នាក់​ក៏​ដោយ។

មន្ត្រី​ការទូតរុស្ស៊ីរូប​នេះ​បាន​ជួប​ជាមួយ​នឹង​លោក Staffan de Mistura​ បេសកជន​ពិសេសអង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​មូស្គូ ​ដើម្បី​ថ្លែង​ប្រាប់​ដល់​អ្នកកាសែត​ថា លោក​សង្ឃឹម​ថា បទឈប់​បាញ់គ្នាមួយ​នឹង​ត្រូវ​បាន​ព្រមព្រៀង​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ឬ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ។

លោក ​De Mistura ​បាន​មាន​ប្រសាសន៍​ថា ​កិច្ចប្រជុំ​សន្តិភាព​ក្នុង​ប្រទេស​ស៊ីរី​អាច​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ឡើងវិញ ប្រសិន​បើ​ការប្រយុទ្ធ​គ្នា​ក្នុង​ទីក្រុង Aleppo អាច​នឹង​ត្រូវ​បញ្ឈប់។ ទីក្រុង​ Aleppo ​គឺ​ជា​ទីក្រុង​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ស៊ីរី និង​ជា​បណ្តុំ​ពាណិជ្ជកម្ម​ ដែលតំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​គំនរ​បាក់បែក​ទៅ​ហើយ។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ការប៉ះទង្គិច​គ្នា​ដែល​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី​មួយ​នេះ​ ត្រូវ​បាន​ទូរទស្សន៍របស់​រដ្ឋ​ចេញ​ផ្សាយ​ថា មាន​មនុស្ស​រាប់​សិបនាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការវាយ​ប្រហារ​ដោយ​ប្រើ​រ៉ុក្កែត​របស់​ក្រុម​ឧទ្ទាម ដែល​មាន​យ៉ាង​ហោច​ណាស់​ចំនួន​៦៥​ទៅ​លើ​តំបន់​ដែល​រដ្ឋាភិបាល​កាន់កាប់។ រ៉ុក្កែត​មួយ​គ្រាប់​បាន​វាយ​ចំ​មន្ទីរពេទ្យ​សម្ភព​មួយ​ ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៣​នាក់។ ការវាយប្រហារ​ផ្សេងៗ​ទៀត​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោចណាស់​ចំនួន​១១​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG