ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ចង់​ជួប​សភា​ មុន​អង្គ​នីតិបញ្ញត្តិ​នេះ​ពិភាក្សា​ច្បាប់​គ្រប់គ្រង​សហជីព


រូបឯកសារ៖ លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពីមុខ​ព្រះ​អង្គដងកើ​​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ មករា ២០១៤ ថា​បើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឱ្យ​​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ដោះលែង​អ្នក​ទាំង​២១​នាក់​​មិន​ទទួលបាន​ជោគជ័យ​ទេ​នោះ​សហជីព​ទាំង​១៦​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារជាថ្មី។​ (ហេង រស្មី/VOA Khmer)
រូបឯកសារ៖ លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពីមុខ​ព្រះ​អង្គដងកើ​​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ មករា ២០១៤ ថា​បើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឱ្យ​​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ដោះលែង​អ្នក​ទាំង​២១​នាក់​​មិន​ទទួលបាន​ជោគជ័យ​ទេ​នោះ​សហជីព​ទាំង​១៦​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារជាថ្មី។​ (ហេង រស្មី/VOA Khmer)

សហជីព​កម្មករ​មួយ​ក្រុម​បាន​ដាក់​លិខិត​ទៅ​កាន់​ប្រធាន​សភា​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ស្នើ​សុំ​ឲ្យ​ប្រធាន​សភា​ជាតិ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ប្រជុំ​មួយ​រវាង​សហជីព​ និង​គណៈ​កម្មការ​នីតិកម្ម​នៃរដ្ឋសភា។

សហជីព​កម្មករ​មួយ​ក្រុម​បាន​ដាក់​លិខិត​ទៅ​កាន់​ប្រធាន​សភា​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ស្នើ​សុំ​ឲ្យ​ប្រធាន​សភា​ជាតិ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ប្រជុំ​មួយ​រវាង​សហជីព​ និង​គណៈ​កម្មការ​នីតិកម្ម​នៃរដ្ឋសភា​ មុន​ពេល​ដែល​អ្នក​តំណាង​រាស្រ្ត​នៅ​ក្នុង​សភា​ជាតិ​សម្រេច​ប្រជុំ​ធ្វើ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ។ ​សហជីព​យល់​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​មាន​លក្ខណៈ​រឹត​បន្តឹង​សេរីភាព។​

សហជីព​មួយ​ក្រុម​បាន​ដាក់​លិខិត​ទៅ​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋ​សភាជាតិ​ ដើម្បី​សុំ​ជួប​ជាមួយ​គណៈ​កម្មការ​នីតិ​កម្មនៃ​រដ្ឋ​សភា​ក្នុង​គោល​បំណង​ពិភាក្សា​អំពី​មាត្រា​មួយ​ចំនួន​ ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព ហើយ​ដែល​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ។​

សហជីព​ចង់​ពិភាក្សា​ជាមួយ​គណៈ​កម្មការ​សភា​ មុនពេល​រដ្ឋ​សភា​ពិភាក្សា​អនុម័ត​ច្បាប់​គ្រប់គ្រង​សហជីព​នេះ។នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​មេដឹកនាំ​សហជីព ​ដែល​បាន​យក​លិខិតទៅដាក់​ជូន​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​ដាក់​លិខិត​ស្នើ​សុំ​ជួប​ជាមួយ​គណៈ​កម្មការ​នីតិ​កម្ម​នេះ​ធ្វើ​ឡើង ​ខណៈ​ដែល​គណៈ​កម្មការ​ជំនាញ​នេះ​កំពុង​ពិនិត្យ​មើល​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ បន្ទាប់​ពី​គណៈរដ្ឋ​មន្ត្រី​បាន​ផ្តល់​ការ​យល់​ព្រម​ឲ្យ​បង្កើត​ច្បាប់​សហជីព​នេះ។​

ថ្លែង​ទៅ​កាន់​អ្នក​ព័ត៌មាន​នៅ​ពី​មុខ​ច្រក​ទ្វារ​ចូល​សភាជាតិ​ លោក ​ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ មាន​ប្រសាសន៍​ថា​ សហជីព​មាន​ការ​បារម្ភ​អំពី​ការ​បាត់​បង់​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​តវ៉ា​ជាមួយ​និយោជក ​ដើម្បី​ការ​ពារ​ប្រយោជន៍​កម្មករ។​

លោក​និយាយ​ថា​ បើ​សេចកី្ត​ព្រាង​ច្បាប់​នេះ​បាន​ក្លាយ​ជា​ច្បាប់​មែន​នោះ​ ​នោះ​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស​នឹង​ពិបាក​ក្នុង​ការ​រៀប​ចំ​ធ្វើ​បាតុកម្ម​ និង​ធ្វើមហា​សន្និបាត​របស់​សហជីព​ ពីព្រោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​កំណត់​ថា​ ការ​ធ្វើ​បាតុកម្ម ឬ​មហា​សន្និបាតរបស់​សហជីព​ណា​មួយ​អាច​កើត​មាន​បាន​ លុះ​ត្រា​តែ​មាន​អ្នក​ចូល​រួម​ប្រមាណ​៥០%​នៃ​សមាជិក​របស់​សហជីព​នោះ។​

«ទាក់ទង​ការ​ធ្វើ​បាតុកម្ម​ទាល់​តែ​មាន​សំឡេង​៥១%​ដែល​បាន​អាច​ធ្វើ​ទៅ​បាន។​ អញ្ចឹង​ឧទាហរណ៍​ដូច​ជា នៅ​រោងចក្រ​មួយ កម្មករ​មួយ​ក្រុម​គាត់​ទទួល​រង​នូវ​ការ​គាប​សង្កត់​ផ្នែក​ណា​មួយ​ ​អញ្ចឹង​ផ្នែក​ហ្នឹង​មួយ​ បើ​គាត់​ចង់​ធ្វើ​ការ​តវ៉ា​ ក៏​គាត់​ពិបាក​ក្នុងការ​ធ្វើ​ដែរ​ ព្រោះ​ថា​វា​ទាម​ទារ​ឲ្យ​មាន​កម្មករ​លើស​ពី​ពាក់​កណ្តាល​នៃ​រោង​ចក្រ​ហ្នឹង​បាន​អាច​ធ្វើ​ទៅ​បាន។​ អញ្ចឹង​ការ​ដាក់​កំណត់​លក្ខខណ្ឌ​ហ្នឹង ​វា​ជាការ​ជ្រៀត​ជ្រែក​ទៅ​លើ​កិច្ចការ​សហជីព​ រួម​ទាំង​ការ​តម្រូវ​ឲ្យភាគី​ទី​បី​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​លូក​ដៃ​ចូល​ក្នុង​ការ​ប្តឹង​សហជីព​ហ្នឹង​ វា​សុទ្ធ​តែ​ជា​រឿង​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ»។​

នៅ​ក្នុង​លិខិត​របស់​ក្រុម​សហជីព​ដែល​បាន​ដាក់​ចូល​ទៅ​សភា​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រុម​សហជីព​ស្នើ​សុំ​ជួប​គណៈកម្មការ​នីតិកម្ម​នៅ​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ខាង​មុខ​នេះ​ ដើម្បី​សុំ​ឲ្យ​ដាក់​បញ្ចូល​សំណើ​រួម​របស់​សហជីព​មួយ​ចំនួន​ ដែល​សុំ​កែ​សម្រួល​មាត្រា​មួយ​ចំនួន​ដែល​មាន​ការ​បកស្រាយ​មិន​ច្បាស់​លាស់នៅ​ក្នុងសេចក្តី​ព្រាង​ច្បាប់​នេះ។

ពួក​គេ​បាន​សរសេរ​នៅក្នុង​លិខិត​នោះ​យ៉ាង​ដូច្នេះ​ថា៖​

«តាម​ការ​ពិនិត្យ​ជា​ទូទៅ​ ច្បាប់​នេះ​មាន​គោល​បំណង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​កម្មករ​និយោជិត​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សហជីព​ ដើម្បី​លើក​កម្ពស់​លក្ខ​ខណ្ខ​ការងារ​សម​រម្យ​ និង​ជីវភាព​រស់​នៅ​បាន​ល្អ​ប្រសើរ​ជូន​បងប្អូន​កម្មករ​និយោជិត​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

សេចក្តី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​នេះ​បាន​ទៅ​ដល់​សភាជាតិ​កាល​ពី​ថ្ងៃទី​២៣​ ខែ​វិច្ឆិកា​ ហើយ​សេចក្តី​ព្រាងច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​របស់​គណៈ​កម្មការ​នីតិកម្ម ​ដែល​ដឹកនាំ​ដោយ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

VOA​ បានព្យាយាម​ទំនាក់​ទំនង​លោក ​ប៉ែន​ បញ្ញា​ ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មការ​នីតិកម្ម​នៃ​សភា​ជាតិ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

រី​ឯ​លោក​ អ៊ូ ច័ន្ទ​ឫទ្ធិ​ ជា​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​នីតិកម្ម​នៃ​សភា​ជាតិ​ ថ្លែង​ថា លោក​ពុំ​ទាន់​ដឹង​ថា​ គណៈ​កម្មការ​នីតិកម្ម​នេះ​បាន​ទទួល​លិខិត​របស់​ក្រុម​សហជីព​នោះ​ហើយ​ឬ​យ៉ាងណាទេ​ តែ​ថា​ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ជាមួយ​សហជីព​នៅ​ក្នុង​ពេល​ខាង​មុខនេះ។

«ជា​គោល​ការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​ជួប​នឹង​សហជីព​ ដើម្បី​ពិភាក្សា​ទាក់​ទិន​សេចក្តី​ស្នើ​ច្បាប់​ហ្នឹង។ ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ យើង​បាន​ទាក់​ទង​គ្នា​យ៉ាង​ម៉េច​ទេ។​ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ទេ។​ ប៉ុន្តែ​យើង​នឹង​ពិភាក្សា​ជាមួយ​តំណាង​សហជីព​ហ្នឹង»។​

សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​និយោជក​មាន​ការ​រីករាយ​ចិត្ត​ផង​ដែរ​ ពីព្រោះ​តំណាង​និយោជក​យល់​ថា​ ការ​កំណត់​ចំនួន​មនុស្ស​ត្រឹម​តែ​១០​នាក់ ​ដើម្បី​បង្កើត​សហជីព ​ដូច​ដែល​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​ នឹង​បង្ក​ឲ្យ​មាន​សហជីព​ច្រើន​លើស​លប់​ក្នុង​គ្រឹះស្ថាន​សហគ្រាស​មួយ។​

យ៉ាង​ណា​ក៏​ដោយ ​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​កាន់​អំណាច​ថ្លែង​ថា​ ការ​ខ្វែង​គំនិត​រវាង​ភាគី​និយោជក​ និង​សហជីព​មិន​អាច​ជា​ឧបសគ្គ​ក្នុង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ​ទេ។​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ ទោះ​ណា​ជា​មាន​ការ​ធ្វើ​ពហិការ​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ក៏​ដោយ។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សហជីព​ចំនួន​៣.២១៤ ដែល​បាន​ចុះ​បញ្ជី​បច្ចុប្បន្ន​នេះ​ ក៏​ប៉ុន្តែ​មាន​តែ​សហជីព​ជាង​១​ពាន់​ប៉ុណ្ណោះ ​ដែល​មាន​សកម្មភាព​ជួយ​កម្មករ។​ សហជីព​ឯករាជ្យ​មួយ​ចំនួន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កម្មករ​ ជា​ពិសេស​គឺ​កម្មករ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ។

ប្រជា​ពលរដ្ឋ​ខ្មែរ​ជាស្រ្តី​ប្រមាណ​ជា​៧០០.០០០​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ។ កម្ពុជា​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​របស់​ខ្លួន​មួយ​ភាគ​ធំ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប៕

XS
SM
MD
LG