ការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មីរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានឈានដល់ចំណុចខ្វែងគំនិតគ្នាសារជាថ្មីនៅត្រង់ជំពូកទី៧ ក្នុងចំណោម១២ជំពួក និងមាន៦៦មាត្រា។
ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មីនេះ គណបក្សទាំងពីររំពឹងថា នឹងធានាដល់ការបោះឆ្នោតលើកក្រោយឲ្យប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ព្រមទាំងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់។
លោកគួយ ប៊ុនរឿន ប្រធានក្រុមចរចាខាងគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការជជែកគ្នាលើច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មី ក្រុមការងារនៃគណបក្សទាំងពីរបានឈានដល់ចំណុចទី៧ហើយ ក៏ប៉ុន្តែមានការខ្វែងគំនិតគ្នាខ្លះៗនៅត្រង់ជំពូកនេះ។
លោកមានប្រសាសន៍ថា មាន៣ចំណុចដែលគណបក្សទាំងពីរមិនចុះសម្រុងគ្នាគឺ៖
- ទី១ ពេលវេលាសម្រាប់ថ្ងៃឃោសនាបោះឆ្នោត គណបក្សប្រជាជនត្រូវការពេលវេលាចំនួន១៤ថ្ងៃ តែសម្រាប់គណបក្សសង្គ្រោះជាតិចង់បានរយៈពេល៣០ថ្ងៃ។
- ទី២ ការហែរក្បួន គណបក្សប្រជាជនកម្ពុជាត្រូវការរយៈពេលពីរថ្ងៃគឺសម្រាប់ថ្ងៃបើក និងថ្ងៃបិទយុទ្ធនាការតែប៉ុណ្ណោះ តែគណបក្សសង្គ្រោះជាតិចង់ឲ្យគ្រប់គណបក្សនយោបាយទាំងអស់ធ្វើថ្ងៃណាក៏បាន ដូចការអនុវត្តទៅលើការឃោសនាបោះឆ្នោតកន្លងទៅដែរ។
- ចំណែកចំណុចទី៣ សុំឲ្យមន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ទោះបីធ្វើយុទ្ធនាការនៅក្នុងម៉ោងធ្វើការក្តី ក្រៅម៉ោងធ្វើការក្តីគឺមិនត្រូវអនុញ្ញាតឲ្យធ្វើទេ ពីព្រោះវាផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ។
លោកនិយាយថា៖ «ត្រូវតែចែងឲ្យច្បាប់ ឲ្យស្របគ្នា មិនអនុញ្ញាតឲ្យមន្ត្រីតុលាការ ឬ កងកម្លាំងប្រដាប់អាវុធទាំងអស់ហ្នឹងមកចូលរួមឃោសនាដូចពីមុនទៀតទេ»។
ការឃោសនាបោះឆ្នោតកន្លងមកត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលដំណើរការបោះឆ្នោតបានរកឃើញថា មានមន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលបានចូលរួមឃោសនាឲ្យគណបក្សប្រជាជនកម្ពុជាដោយយកម៉ោងធ្វើការ និងប្រើប្រាស់រថយន្តរបស់រដ្ឋក៏មាន។
មាត្រាទី១៥នៃច្បាប់ស្តីពីគណបក្សនយោបាយបានហាមឃាត់មន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលមិនឲ្យធ្វើរាល់សកម្មភាពណាមួយដែលគាំទ្រគណបក្សនយោបាយ ឬប្រឆាំងគណបក្សនយោបាយណាមួយ ក៏ប៉ុន្តែពួកគេមានសិទ្ធិចូលជាសមាជិកគណបក្សនយោបាយបាន តែមិនអនុញ្ញាតឲ្យធ្វើសកម្មភាពនោះទេ។
បើទោះបីមានការខ្វែងគំនិតគ្នាលើចំណុចខ្លះៗក៏ដោយ ក៏ក្រុមការងារមកពី គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានកំណត់ពេលជួបគ្នាពីរដងក្នុងមួយសប្តាហ៍គឺរៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃសុក្រដើម្បីបន្តជជែកគ្នាលើចំណុចសេសសល់មួយចំនួននៅក្នុងច្បាប់បោះឆ្នោតថ្មីនេះ។
លោកកួយ ប៊ុនរឿនមានប្រសាសន៍ថា ក្នុងករណីដែលក្រុមការងារនៃគណបក្សទាំងពីរមិនអាចសម្រេចបាន នោះគេនឹងទុកឲ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច៕