ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ការ​ចោទ​ថា ​លោក​សម រង្ស៊ី​ទទួល​លុយ​ពី​គណបក្ស​កាន់​អំណាច

  • ហេង រស្មី

លោក​សម រង្ស៊ី​ពន្យល់​ថា​ មូលហេតុ​ដោយសារ​​គណបក្ស​ប្រជាជន​កម្ពុជា​​បដិសេធ​មិន​ពិភាក្សា​​​​សម្រាប់​ការ​ផ្លាស់​ប្តូរ​សមាស​ភាព​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.)។​

គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ឱសាន​វាទ​រយៈពេល​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ច័ន្ទ​ នេះ​ ដើម្បី​ទុក​ពេលឲ្យ​អ្នក​ស្រី​ឡាក់ សុភាព​ សមាជិក​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​ធ្វើ​ការ​កែ​តម្រូវ​ជា​សារធារណៈ​ចំពោះ​អ្វី​ដែល​អ្នក​ស្រី​បាន​ចោទ​ប្រកាន់​ថា ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​បាន​ទទួល​លុយ​ចំនួន​៤០​លាន​ដុល្លារពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ឈាន​ទៅ​រក​ការ​បញ្ចប់​វិបត្តិ​នយោបាយ។​

ការ​ចោទ​ប្រកាន់​របស់​អ្នក​ស្រី​ឡាក់ សុភាព​ទៅ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​បាន​បោះ​ពុម្ពផ្សាយ​ជា​បន្តបន្ទាប់។​

គណៈកម្មការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​បាន​ឃើញការចុះ​ផ្សាយ​ក្នុង​ទំព័រ​សារ​ព័ត៌មាន​ បាន​កោះ​ហៅ​អ្នក​ស្រី​ឡាក់ សុភាព​មក​សាក​សួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង។​

លោក​អ៊ូ ច័ន្ទ​រិទ្ធ​ ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍ថា ​គណបក្ស​បាន​ទុក​រយៈពេល​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​អ្នក​ស្រី​ឡាក់ សុភាព​ធ្វើ​ការ​កែ​តម្រូវ​ចំពោះ​អ្វី​ដែល​អ្នក​ស្រី​មាន​ប្រសាសន៍​តាម​រយៈ​សារ​ព័ត៌មាន ដោយចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​មក​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​បញ្ហា​ពុក​រលួយ។​

លោក​និយាយ​ថា៖​«បើ​គាត់​មិន​ឆ្លើយ​តប​ជាមួយ​ហ្នឹង​ព័ត៌មាន​ថា ​ការ​លើក​ឡើង​របស់​គាត់​មិន​បាន​និយាយ​អញ្ចឹង​ទេ​ ហើយ​បើ​គាត់​មិន​ព្រម​ទទួល​ថា​គាត់​និយាយ​ខុស​ គណបក្ស​នឹង​ចាត់​វិធានការ​ទៅ​តាម​នីតិវិធី​និង​លក្ខន្តិកៈ​និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស»។​

កាល​ពី​ចុង​សប្តាហ៍​មុន​ កាសែត​ក្នុង​ស្រុក​ និង​កាសែត​ជា​ភាសារ​អង់គ្លេស​ដែល​បាន​បោះ​ពុម្ពផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​បាន​ស្រង់​ស​ម្តីអ្នក​ស្រី​ឡាក់ សុភាព​មក​ចុះ​ផ្សាយ​ថា​ ​លោក​សម រង្ស៊ី​បាន​ទទួល​ប្រាក់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤០​លាន​ដុល្លារសហ​រដ្ឋ​អាមេរិក។ អ្នកស្រីនិយាយ​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​ស្រី​បាន​ចូល​រួម​កិច្ច​ប្រជុំ​បណ្តាញ​សង្គម។​

អ្នក​ស្រី​ឡាក់ សុភាព ​សមាជិក​គណៈ​កម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ អ្នក​ស្រី​មិន​បាន​លើក​ឡើង​ទេ។​

អ្នក​ស្រី​ឡាក់ សុភាព​ ​មាន​ប្រសាសន៍​ថា ​អ្វី​ដែល​លោក​ស្រី​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ពេល​នោះ​គឺ​លោក​ស្រី​គ្រាន់​តែ​ស្រង់​ស​ម្តី​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស​កាល​ពី​ថ្ងៃទី​៥​ខែ​ធ្នូ​ថា​ លោក​សម រង្ស៊ី​បាន​ទទួល​លុយ​ពី​គណបក្ស​ប្រជាជន​ចំនួន​៤០​លាន​ដុល្លារ នៅ​សល់​២០​លាន​ដុល្លារ​ទៀត​ មិន​ទាន់​បាន​ឲ្យ​គ្រប់​ទេ។​

លោក​ស្រី​បាន​បញ្ជាក់​ថា ​ពាក្យ​សម្តីនេះ​លោក​ស្រី​ផ្ទាល់​មិន​បាន​និយាយ​ទេ​គឺ​គ្រាន់​តែ​អះអាង​តាម​លោក​កឹម សុខា​តែ​ប៉ុណ្ណោះ។ ចំពោះ​ការ​ព្រមាន​របស់គណបក្ស​ ​លោក​ស្រី​មិន​ខ្លាច​ពី​ការ​បណ្តេញ​ចេញ​ពី​សមាជិក​គណៈ​កម្មាធិការ​នាយក​របស់​គណបក្ស​ទេ។

លោក​ស្រី​បញ្ជាក់​ថា៖ ​«ឯក​ឧត្តម​កឹម សុខា​ គាត់​លើក​ឡើង​នៅ​ក្នុង​អង្គ​ប្រជុំ​គណៈកម្មាធិការ​នាយក​កាល​ពី​ថ្ងៃទី​៥។​ ខ្ញុំ​អត់​បាន​ដឹង​រឿង​អ្វី​ទាំង​អស់​ បែរ​ជា​បាញ់​រឿង​ បង្វែរ​មក​ខ្ញុំ​ថា​ ខ្ញុំ​អ្នក​និយាយ​ថា ​លោក​សម រង្ស៊ីហ្នឹង​ទៅ​យក​លុយ​៤០​លាន​បាន​២០​លាន​នៅ​២០​លាន​ទៀត។​ នេះ​ហាក់​បី​ដូច​ជា​ពាក្យ​ស្លោក​មួយ​គេ​និយាយ​ថា ​ស្វា​ស៊ី​បាយ​ ហើយ​លាប​មាត់​ពពែ»។​

លោក​កែម ឡី​ អ្នក​ស្រាវ​ជ្រាវ​សង្គម​ជា​អ្នក​រៀប​ចំ​កិច្ច​ប្រជុំ​បណ្តាញ​សង្គម​កាល​ពី​ចុង​សប្តាហ៍​មុន​ បាន​បញ្ជាក់​ថា ​លោក​ស្រី​ឡាក់ សុភាព​ពិត​បាន​ចូល​រួម​កិច្ច​ប្រជុំ​នោះ​មែន។​ ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា ​លោក​ស្រី​បាន​និយាយ​ចោទ​ប្រកាន់​មក​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។​

លោក​និយាយ​ថា៖ ​«ខ្ញុំ​អត់​បាន​ឮ​ ខ្ញុំ​អត់​បាន​ដឹង​ថា​ គាត់​វិភាគ​ សម្ភាសជាមួយ​អ្នក​កាសែត​ពេល​ណា​ផង។​ ខ្ញុំ​អត់​បាន​ឮ ​ស្រាប់​តែ​ឃើញ​ចេញ​មក។ ​ខ្ញុំ​ឃើញ​អញ្ចឹង»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំការបំភ្លឺ​ពី​លោក​កឹម សុខា ​អនុប្រធាន​គណបក្ស និង​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​ដោយ​មន្ត្រី​គណបក្ស​បាន​និយាយ​ថា​ លោក​កំពុង​ជាប់​បំពេញ​បេសក​កម្ម​នៅ​ឯក្រៅ​ប្រទេស៕

XS
SM
MD
LG