ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ចំនួន​ ៣ ​នឹង​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ


រូប​ឯកសារ៖ គណបក្ស​ប្រជាជន​កម្ពុជាចាប់​ផ្តើម​ហែ​ក្បួន​ឃោសនា​ការបោះ​ឆ្នោត​​ឃុំ​សង្កាត់ ថ្ងៃ​ដំបូង​នៅ​ផ្លូវ​៦០ម៉ែត្រ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២២។ (លាស់ លីប​លីប/វីអូអ)
រូប​ឯកសារ៖ គណបក្ស​ប្រជាជន​កម្ពុជាចាប់​ផ្តើម​ហែ​ក្បួន​ឃោសនា​ការបោះ​ឆ្នោត​​ឃុំ​សង្កាត់ ថ្ងៃ​ដំបូង​នៅ​ផ្លូវ​៦០ម៉ែត្រ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២២។ (លាស់ លីប​លីប/វីអូអ)

គណបក្ស​នយោបាយ​ចំនួន ​៣​ នឹង​ចាប់​ផ្តើមហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៣។

ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រនីតិ​កាល​ទី​៧ មាន​រយៈ​ពេល​មាន ២១​ថ្ងៃ ដែល​នឹង​ចាប់​ផ្តើម​ពីរ​ថ្ងៃទី១ ​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី២១ ​ខែ​កក្កដា ​ឆ្នាំ​២០​២៣។

​លោក​ ស៊ីម ដូនី ​ប្រធាន​លេខាធិការដ្ឋាន ​រៀប​ចំការ​បោះ​ឆ្នោត​រាជ​ធានី​ភ្នំពេញ ប្រាប់​វីអូអេ​ថា​ គណបក្ស​ចំនួន​ ៣​ នឹង​ហែ​ក្បួន​ឃោសនា​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេងបោះ​ឆ្នោត​ ដោយ​ក្នុង​នោះ​មាន​គណបក្ស​ប្រជា​ជន​កម្ពុជា ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​។

​បើ​តាម​មន្រ្តី​រូប​នោះ គណបក្ស​កាន់​អំណាច​នឹង​ជួបជុំ​ និង​ហែ​ក្បួន​ ដែលមាន​សមាជិក​៧​៦.៥០០​នាក់ ដែល​ ៣​ម៉ឺន​នាក់​នឹង​ជួបជុំ​ធ្វើ​មីទ្ទិញ ​នៅ​ក្នុង​ទីធ្លា​កោះ​ពេជ្រ និង​ជាង​៤ម៉ឺន​៦​ពាន់នាក់​ ចូល​រួមហែ​ក្បួនឃោសនាតាម​ដងផ្លូ​វ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក​បន្ត​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​នឹង​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី ៦០០​នាក់​ ទៅ​ ១.០០០​នាក់ ​ជួបជុំ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ដើម្បី​ហែ​ក្បួន​។ ចំណែក​គណបក្ស​ខ្មែរ​ឈប់​ក្រ​នឹងមាន​អ្នក​ចូល​រួម​ចំនួន​ ១៥០​នាក់​ ជួបជុំ​នៅស្នាក់​ការ​គណបក្ស ក្នុង​សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ ហើយ​នឹង​ហែក្បួន​ឃោសនា​ផង​ដែរ។

​លោក​បញ្ជាក់​ថា៖ «គណបក្ស​ប្រជាជន​ហែ​ទាំង​ព្រឹក ​ទាំង​ល្ងាច​ ហើយ​គណបក្ស​ខ្មែរ​រួបរួម​ហែ​តែ​មួយ​ព្រឹក​ទេ។ ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ក៏​មួយ​ព្រឹក​ដែរ»។

​ចំណែក​គណបក្ស​ខ្មែរ​តែ​មួយ គឺ​គ្រាន់​តែ​ជួប​ជុំ​សមា​ជិក​ ១​២៥​នា​ក់ នៅ​ទីស្នាក់​ការ​គណបក្សក្នុ​ង​ខណ្ឌ​កំបូល​តែ​ប៉ុណ្ណោះ​។

​ប្រធាន​លេខា​ធិការ​ដ្ឋាន​រៀប​ចំការ​បោះ​ឆ្នោត ​រាជ​ធានី​ភ្នំពេញ ​លោក ​ស៊ីម ​ដូនី បន្ថែម​ថា​ គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប)​ បាន​ចេញ​សេចក្តីអំពាវ​នាវ​មួយ​ ដោយ​ណែនាំ ​និង​ស្នើ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ត្រូវ​ប្រកាន់​ជំហរ​អព្យា​ក្រឹត ​ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន និង​ត្រូវ​សម្រប​សម្រួល​ទី​កន្លែង ​ផ្លូវ ​ពេល​វេលា​ ​ដើម្បី​ឱ្យ​គណបក្ស​នយោ​បាយ​នីមួយៗ ​អាច​អនុ​វត្ត​កម្ម​វិធី​ឃោ​សនា​បោះ​ឆ្នោត និង​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​ខ្លួន​ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើ​ភាព​គ្នា​។

លោក​បន្ត​ថា​ គ.ជ.ប ក៏អំពាវ​នាវ​ដល់​គណបក្ស​នយោ​បាយ ​បេក្ខ​ជន ​អ្នក​គាំទ្រ​គណបក្ស​នយោ​បាយ​ទាំង​អស់ ត្រូវ​តែ​គោរព​តាម​វិធាន​បទ​ប្បញ្ញត្តិ និង​គោល​ការណ៍​ដែល​មាន​ចែង​ក្នុង​ច្បាប់ គោរព​ក្រម​សីល​ធម៌ និង​គោល​ការណ៍​នានា​ដែល​បាន​កំណត់​ដោយ ​គ.ជ.ប ​ដើម្បី​ឱ្យ​ការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោ​បាយ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិ​វិធី​ ​អហិង្សា ​សន្តិ​សុខ ​និង​សុវត្ថិ​ភាព។

យុទ្ធនាការឃោសនា​រក​សំឡេង​ឆ្នោត​នេះ​ នឹង​ផ្តល់​ឱកាស​ឱ្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​គ​ណ​បក្ស​នយោ​បាយ​ទាំង​អស់​ផ្សព្វ​ផ្សាយ​កម្ម​វិធី​នយោ​បាយ​របស់​ខ្លួន ដើម្បី​បញ្ចុះ​បញ្ចូលពល​រដ្ឋ​ ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ និង​មាន​សិទ្ធិ​បោះឆ្នោត​ ​ឱ្យ​បោះ​ឆ្នោត​គាំទ្រគណបក្ស​នយោ​បាយ​របស់​ខ្លួន។

ការ​បោះ​ឆ្នោត​ដែល​នឹង​ជ្រើស​រើសតំណាងរាស្រ្ត​ចំនួន​ ១២៥​រូប ​នឹង​អវត្តមាន​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ ​គឺ​គណបក្ស​ភ្លើង​ទៀន ដែល​ធ្លាប់​ទទួល​បាន​ ​សំឡេង​គាំទ្រពី​ប្រជា​ពល​រដ្ឋ​ជាង​ ១លាន​៦​សែន​នាក់ ​កាល​ពី​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ដោយសារ​ស្ថាប័ន​ គ.ជ.ប បដិសេធ​ការ​ចុះ​បញ្ជី​របស់​គណបក្ស​នេះ​ ដោយថា​គណបក្ស​នេះ​មិន​បាន​បំពេញ​គ្រប់​គ្រាន់​តាម​លក្ខ​ខណ្ឌតម្រូវ​ ដែល«បាត់ឯក​សារ​ដើម​ក្នុង​ការ​ចុះ​បញ្ជី»។

​គណបក្ស​ ដែល​ត្រៀម​ហែ​ក្បួន​ឃោសនារំពឹង​ថា ​សារ​នយោ​បាយ​របស់​ពួក​គេ ​នឹង​ជ្រាប​ដល់ប្រជា​ពល​រដ្ឋ ​ដែល​អាច​ឱ្យ​ពល​រដ្ឋ បោះ​ឆ្នោតផ្តល់​សេច​ក្តី​ទុក​ចិត្ត ដើម្បី​ទៅ​ដណ្តើម​កៅ​អី​តំណាង​រាស្ត្រ​ក្នុង​សភា​។

រូប​ឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ចាប់​ផ្តើម​ចេញ​ដំណើរ​ដង្ហែ​ក្បួន​ឃោសនា​នយោបាយ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ទី អូលីស្សា/ ​VOA)
រូប​ឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ចាប់​ផ្តើម​ចេញ​ដំណើរ​ដង្ហែ​ក្បួន​ឃោសនា​នយោបាយ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ទី អូលីស្សា/ ​VOA)

លោក យ៉ែម បុញ្ញឬទ្ធិ អនុ​ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​ជា​អតីត​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ហើយបច្ចុប្បន្ន​ឈរ​ជា​បេក្ខភាព​តំណាងរាស្រ្ត​មណ្ឌល​ខេត្ត​ព្រៃវែង​ ប្រាប់​វីអូអេ​ថា​ ក្នុង​ថ្ងៃធ្វើ​យុទ្ធនា​ការ​ឃោសនា​ដំបូង​ គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​គ្រោង​ជួប​ជុំ​សមាជិក​ប្រមាណ​ ២​ពាន់​នាក់​នៅទី​លាន​ប្រជា​ធិប​តេយ្យ ដើម្បីហែ​ក្បួន​ឃោសនា ​ផ្សព្វ​ផ្សាយ​សារ​នយោ​បាយ និង​គោល​នយោបាយ​របស់​គណបក្ស។ លោក​មាន​ជំនឿ​ថា ​សារ​នយោ​បាយ​ និង​គោល​នយោ​បាយ​របស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ នឹង​ជ្រាប​ទៅ​ដល់​ពល​រដ្ឋ​ខ្មែរ។​

លោក​ថ្លែង​ថា៖ «គោល​ការណ៍​ដែល​សំខាន់​បំផុត​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ គឺ​យើង​បំបាត់​អំពើ​ពុក​រលួយ​ បំបាត់​ភាព​រើស​អើង​ ហើយ​នឹង​រៀប​ចំ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ពិត​ប្រាកដ​។ ចំណុច​ទាំង​អស់​នេះ ​យើង​សង្ឃឹម​ថា ​បង​ប្អូន​ប្រជាពលរដ្ឋ​ លោក​នឹង​យល់​ពី​គោល​ការណ៍​និងបំណង​ដ៏​ល្អ​របស់​យើង​សម្រាប់សង្គម​ជាតិ»។

​លោក​ សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រាប់​វីអូអេ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​ជួបជុំ​គ្នា​នៅ​ថ្ងៃបើក​យុទ្ធ​នាការ​ឃោស​នា​រក​សំឡេង​ឆ្នោត និងប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២​ នៃ​កំណើត​គណបក្ស​ ក្នុង​ពេល​តែ​មួយ​។

​បើ​តាម​ លោក សុខ ឥសាន ​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នឹង​ថ្លែង​បើក​យុទ្ធ​ការ​ឃោសនា​បោះ​ឆ្នោត​ ជាមួយ​សមាជិក សមា​ជិកា​គណបក្ស​ ដែល​អាច​មាន​ចំនួន​ទៅ​ដល់​ ១០​ម៉ឺន​នាក់​។

លោក​ថ្លែង​ថា៖ «​នៅ​ថ្ងៃ​សៅរ៍​ទី​១ នៅ​ពេល​ព្រលឹម​ ជួប​ជុំគ្នា​នៅ​រាជ​ធានី​ភ្នំពេញ ​គឺ​នៅ​កោះ​ពេជ្រ​ ដើម្បី​ធ្វើ​មហា​មីទ្ទិញ​មួយ​ ដែល​មាន​ប្រជាជន ​សមា​ជិក សមា​ជិកា​គណបក្ស​ ប្រហែល​ជាពី​ ៥​ម៉ឺន​ទៅ​១០​ម៉ឺន​នាក់»។

​អ្នក​នាំ​ពាក្យ​រូបនេះ​បន្តថា​ ក្រោយ​ពី​ការ​ជួបជុំ សមា​ជិក សមាជិកាគណបក្ស​នឹង​ហែ​ក្បួន​ទៅ​តាម​គោលដៅ​នីមួយ​ៗ ដែល​ក្រុម​ការងារ​បាន​កំណត់។

​លោក សុខ ឥសាន ក៏​មាន​ជំនឿថា​ សារ​នយោ​បាយ និង​គោល​នយោ​បាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ប្រទេសជិត​ ៤០ឆ្នាំនេះ​ នឹ​ង​ទាក់​ទាញ​សំឡេង​គាំទ្រ​ពីពល​រដ្ឋបន្ត​ទៀត ​ដោយ​ផ្អែក​តាម​គុណ​សម្បត្តិ ​និង​ស្នាដៃ​របស់​គណបក្ស​។

​លោក​ថ្លែង​ថា៖ ​«សារ​នយោ​បាយ​មាន​ច្រើន ក៏​ប៉ុន្តែ​យើង​យក​បច្ចុប្បន្ន​ភា​ពមួ​យ​ចំនួន​ជូន ​ដូចជា​អរគុណ​សន្តិ​ភាព ​អរគុណ​ស្ថាប​និក​សន្តិ​ភាព មាន​សន្តិ​ភាព​ទើប​មាន​ការ​អភិវឌ្ឍ អ៊ីចឹង​ណា​។ ​អាហ្នឹង​ គឺ​សំខាន់​ណាស់ ​កន្លែង​ហ្នឹង​វាជា​កត្តា​គន្លឹះ​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​»​។

ពាក់​ព័ន្ធ​នឹង​ការហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ គណបក្សទាំង​១៨​ ដែល​ចូលរួម​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៣ ខែកក្កដា​ ខាង​មុខ អាច​ធ្វើ​សកម្ម​ភាព​បាន​តែ​ ៤​ដង​ប៉ុណ្ណោះ ក្នុង​រយៈ​ពេល​២១​ថ្ងៃ​នៃយុទ្ធនាការ​ឃោសនា​។ ចំពោះ​ការ​ហែ​ក្បួន​ក្នុង​យុទ្ធនាការឃោសនា គឺ​គណបក្ស​នីមួយ​ៗត្រូវ​ជូន​ដំណឹង​ទៅ​លេខា​ធិការដ្ឋាន​គណៈ​កម្មការ​រាជ​ធានី ខេត្ត​រៀប​ចំការ​បោះ​ឆ្នោត យ៉ាង​យូរ​ ៣​ថ្ងៃ​មុនថ្ងៃ​ហែ​ក្បួន​ឃោសនា​។ នេះ​បើ​តាម​លោក ​ស៊ីម ដូនី ប្រធាន​លេខា​ធិការ​ដ្ឋាន​រៀប​ចំការ​បោះ​ឆ្នោត​រាជ​ធានី​ភ្នំពេញ​។

​លោក ​ស៊ីម ដូនី បានឱ្យដឹង​ទៀត​ថា ​បើ​គិតត្រឹម​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ ​លេខា​ធិការ​ដ្ឋាន​រៀប​ចំការ​បោះ​ឆ្នោត​រាជ​ធានី​ភ្នំពេញ​បាន​ទទួល​ការ​ជូន​ដំណឹង​របស់​គណបក្ស​នយោ​បាយ​ចំនួន​១២ ​ដែល​បានដាក់​លិខិត ដោយកំណត់​ពេល​វេលា​ហែ​ក្បួន​ឃោសនា និង​ជួប​ជុំសមា​ជិក​របស់​ខ្លួន​ ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ​ដោយ​អំពាវ​នាវ​ទៅប្រជា​ពល​រដ្ឋ​ ឱ្យ​បញ្ចៀស​ចរាចរ​យាន​យន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះ​អាសន្ន នៅ​តាម​ទីតាំង​ជួបជុំ​របស់​គណបក្ស​នីមួយ​ៗ និង​តាម​តម្រាយ​ផ្លូវ​នានា​ដែល​គណបក្ស​នយោបាយ​ហែក្បួន​ឃោសនានៅ​ថ្ងៃទី​១ ខែ​កក្កដា ​ចាប់​ពី​ម៉ោង​៥​ព្រឹក រហូត​ដល់​ការ​ហែ​ក្បួន​បញ្ចប់។ ចំណែកកំពង់​ចម្លង​ជ្រោយ​ចង្វារ​ភ្នំពេញ និង​កំពង់​ចម្លង​អរិយក្សត្រ​ភ្នំពេញ​នឹង​ផ្អាក​ជា​បណ្ដោះ​អាសន្ន ​នៅថ្ងៃ​ទី១ ខែ​កក្កដា ​ដូចគ្នា​ ចាប់​ពី​វេលា​ម៉ោង​៥ព្រឹក រហូត​ដល់​ម៉ោង ​១២ថ្ងៃ​ត្រង់៕

XS
SM
MD
LG