ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​​ពីរ​កំពុង​ស្វះស្វែង​ឲ្យ​មាន​ការ​ដោះលែង​អ្នក​បកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី RT


លោក រ៉ាត់ រត្នមុនី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក។ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)

បន្ទាប់​ពី​មាន​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ាត់​ រត្នមុនី​ ក្រុម​អង្គការ​សង្គមស៊ីវិល​ចំនួន​ពីរ​នៅ​កម្ពុជា​ កំពុង​ខិតខំ​ជួយ​ទាំង​ខាង​ផ្លូវ​​ច្បាប់​ និង​ទំនាក់​ទំនង​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​​លោក​មុនី​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ​បាន​បន្ត​ខិតខំ​ឲ្យមាន​ការ​ដោះលែង​លោក​រ៉ាត់​ រ័ត្នមុនី​ សកម្ម​ជន​សិទ្ធិ​ពលករ​ និង​ជា​អ្នកបកប្រែ​សម្រួល​ឲ្យ​បណ្តាញ​ព័ត៌មាន​ Russia Today​ ឬ RT ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា។

លោក​រ៉ាត់​ រត្នមុនី​ វ័យ​៤៧ឆ្នាំ​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​ ហៅ​កាត់​ថា​ (CCTUF) ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​កាលពី​សប្តាហ៍​មុន​ ក្រោម​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ តាម​មាត្រា​៤៩៦នៃ​ក្រម​ព្រហ្មទណ្ឌ»។

បទ​ចោទ​ប្រកាន់នេះ​ត្រូវបាន​ធ្វើ​ឡើង​ បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​សកម្មជន​ពលករ​រូបនេះ​មក​ប្រទស​កម្ពុជា​ កាលពី​ដើម​ខែ​ធ្នូ​នេះ​ ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​ខ្មែរ។

លោក​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ទៅ​លោក​ Guy Ryder ​អគ្គនាយក​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​ស្វ៊ីស​ ដើម្បី​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ដោះ​លែង​លោក​រ៉ាត់ រ័ត្នមុនី ដែល​សហជីព​របស់​លោក​ជា​សមាជិក​នៃ​សហភាព​សហជីព​កម្ពុជា។

លិខិត​របស់​លោក​រ៉ុង ឈុន​ បាន​ពណ៌នា​ថា​ ក្នុងការ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​នោះ​ លោក​មុនី​ គ្រាន់​តែ​ជា​បកប្រែ​តែប៉ុណ្ណោះ​ ដើម្បី​ជួយ​ឲ្យ​អ្នក​សារព័ត៌មាន​បរទេស​ផលិត​កុន​ឯកសារ​ស្តីពី​ការ​ជួញដូរ​ផ្លូវភេទ​ ដែល​គេ​ចោទ​ថា​មាន​នៅ​កម្ពុជា​ ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​អះអាង​ថា​ តួ​សម្តែង​ទាំង​នោះ​ត្រូវបាន​គេ​បង់​ប្រាក់​ឲ្យ​សម្តែង​រឿង​នោះ។

លិខិត​របស់​លោករ៉ុង​ ឈុន​ បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​តាម​ន័យដើម​ថា៖

«ហេតុដូច្នេះ​ ខ្ញុំ​សុំ​ឲ្យ​លោក​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ និង​តុលាការ​កម្ពុជា​ឲ្យ​មាន​ការ​ដោះលែង​គាត់​ និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំងនឹង​គាត់»។

លោករ៉ុង ឈុន បានប្រាប់​ VOA ​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អាជ្ញាធរ​គួរ​រក​ដំណោះស្រាយ​ ទៅលើការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ RT​ ដែល​បាន​រក​ឃើញ​នូវ​ការណ៍ពិត​មួយ ដែល​លោក​ជឿថា​ ជារឿយៗ​បាន​កើតមាន​ឡើង​ក្នុង​សង្គម​ខ្មែរ។

«​ជារឿយៗ​ យើង​ឃើញ​មាន​ការ​កើត​ កើតមាន​អ៊ីចឹង​ ទាក់​ទង​ទៅនឹង​បញ្ហា​អស់​ហ្នឹង​ ហើយ​វា​ជា​សមត្ថកិច្ចរបស់​អាជ្ញាធរ​កម្ពុជា​ ដើម្បី​លុប​បំបាត់​រាល់​ហៅថា​ ទម្រង់​នូវ​ការ​ជួញដូរ​ផ្លូវ​ភេទ​ ឬ​មួយ​លក់​កូនចៅ​ សព្វបែបយ៉ាង​ហ្នឹង​ គឺ​ជា​កាតព្វកិច្ច​ ភារកិច្ច​របស់​អាជ្ញាធរ​ ហើយ​បើ​យើង​បាន​ដឹង​ហើយ​ ឮហើយ​ មាន​ឯកសារ​អ៊ីចឹង​ហើយ​ យើង​ធ្វើ​ការ​ស៊ើប​អង្កេត​ យើង​ជៀស​វាង​ គ្រាន់​តែ​គេ​លើក​ឡើង​ការណ៍​ពិត​ ហើយ​ចាប់​គេ​ដាក់​គុក​ អាហ្នឹង​ជា​រឿង​មួយ​មិន​អាច​កែប្រែ​សង្គម​យើង​បាន​ទេ​ ហើយ​មិន​អាចលុបបំបាត់​នូវ​ការ​ជួញដូរ​ភេទ​ ក៏ដូច​ជាការ​លក់​កូន​ចៅ​ហ្នឹង»។

ភាពយន្ត​ឯកសារ​មាន​ចំណង​ថា «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ (My Mother Sold Me)​ របស់​ RT ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភថវិកា​ពី​រដ្ឋាភិបាល​ប្រទេស​រុស្ស៊ី​ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខឹង​សម្បា ហើយ​ចោទ​ថា ភាពយន្ត​ឯកសារ​នោះ​គឺជា​ការ​ប្រឌិត​ឡើង។

មុន​អាជ្ញាធរ​ថៃ​ធ្វើ​ការ​បញ្ជូន​ខ្លួន​លោក​ ​រ៉ាត់ រត្នមុនី ​មក​កម្ពុជា​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human Rights Watch)​ បាន​អំពាវ​នាវ​មិន​ឲ្យ​រដ្ឋាភិបាល​ថៃ​បញ្ជូន​លោក​មក​កម្ពុជា​នោះ​ទេ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ជឿ​ថា មាន​ហេតុផល​ជាច្រើន​ដែល​នឹង​បង្ហាញ​ថា​ លោក រ៉ាត់ រត្នមុនី ​អាច​នឹង​ប្រឈម​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ ការ​ឃុំ​ខ្លួន​មិន​ត្រឹម​ត្រូវ​ និង​ការ​ធ្វើ​បាប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ស៊ឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ​មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ ក្រុម​អ្នក​ច្បាប់​នៃ​សមាគម​លោក​នឹង​ខិត​ខំ​ដាក់​ពាក្យ ដើម្បី​ស្នើ​តុលាការ​អនុញ្ញាត​ឲ្យ​លោក​មុនី​ ​បាន​ស្ថិត​នៅ​ក្រៅឃុំ។

លោក​បាន​បន្ថែម​ថា​ ភាគី​សារព័ត៌មាន​ RT ​របស់​រុស្ស៊ី​ គួរ​តែ​ធ្វើ​លិខិត​ផ្លូវការ​មួយ​បញ្ជាក់​មក​រដ្ឋាភិបាល​កម្ពុជា​ អំពី​តួនាទី​របស់​លោក​មុនី ក្នុងការ​ផលិត​ខ្សែ​ភាពយន្ត​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នោះ​ ​បន្ថែម​លើ​ការ​ចេញផ្សាយ​អត្ថ​បទ​ព័ត៌មាន​មួយ​ការពារ​ការ​ផលិត​ខ្សែភាពយន្ត​របស់​ខ្លួន​នោះ។

«ខាង​ RT ហាក់​ដូច​ជា​ គ្រាន់​តែធ្វើ​ព័ត៌មាន​ មិន​បាន​ធ្វើ​ឯកសារ​ផ្លូវការ​ណាមួយ​មក​រដ្ឋាភិបាល​កម្ពុជា។ ​ដូច្នេះ​ ខាង​ RT នេះ​ គួរតែ​មាន​ស្នើ​កិច្ច​អន្តរាគមន៍​ណាមួយ​ដែរ​ ដើម្បី​បំភ្លឺ​រឿង​ហ្នឹង​ឲ្យ​ច្បាស់​ កុំឲ្យ​អ្នក​ដែល​ជួយ​ជ្រោម​ជ្រែង​ខ្លួន​ធ្វើ​ព័ត៌មាន​ហើយ​រងគ្រោះ​ ដោយសារ​ខ្លួន​ហើយ​ អត់បាន​ធ្វើ​កិច្ចការ​ហ្នឹង​បន្តទៀត​ចឹង​បាទ»។

បើ​តាម​អត្ថបទ​មួយ​របស់​បណ្តាញ​ព័ត៌មាន​ ​RT​ ​ដែល​ផ្សាយ​អំពី​ការ​ចាប់​ខ្លួន​លោក​ ​រ៉ាត់ រត្នមុនី​ ​កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ​ ​បាន​ស្រង់​សម្តី​របស់​លោក​ ​Pavel​ ​Burnatov​ ​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​នោះ​ថា​ ​លោក​ ​Pavel​ ​Burnatov​ ​សង្ស័យ​ថា​ ​ក្មេងស្រី​ក្នុង​ខ្សែ​វីដេអូ​នោះ​ត្រូវ​បា​នប៉ូលិស​បង្ខំ​ឲ្យ​និយាយ​ថា ​នាង​ត្រូវ​បាន​គេ​ផ្តល់​លុយ​ក្នុង​ការ​ផ្តល់​សម្ភាសន៍​ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​ខ្លួន​ម្តាយ​របស់​នាង។

លោក​ ​Pavel​ ​ត្រូវបាន​បណ្តាញ​ព័ត៌មាន​ ​RT​ ​ស្រង់​សម្តី​បន្ថែម​ថា​ ​ក្រុម​ការងារ​ផលិត​ខ្សែ​ភាពយន្ត​នោះ​មិន​បាន​ផ្តល់​ប្រាក់​ណាមួយ​ជា​ថ្នូរ​នឹង​ការ​ឲ្យ​សម្ភាសន៍​ក្មេងស្រី​នោះ​ទេ​ ​និង​ថា​ ​ក្រុម​ការងារ​របស់​លោក​ទទួល​បាន​ការ​អនុញ្ញាត​ ​និង​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ដឹង​ច្បាស់​អំពី​លក្ខណៈ​នៃ​ឯកសារ​នេះ។

លិខិត​របស់​លោក​រ៉ុង ឈុន​ ដែល​ស្នើ​ឲ្យ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​អន្តរាគមន៍​ក្នុង​ករណី​ចាប់​ឃុំ​ខ្លួន​លោករ៉ាត់ រ័ត្នមុនី នោះ​ ក៏បាន​បញ្ជាក់​ឲ្យដឹង​ថា​ ក្រុមគ្រួសារ​លោក​មុនី​ និង​ពលរដ្ឋ​ពី​សហគមន៍​ផ្សេង​ទៀត​ បាន​ធ្វើ​យុទ្ធនាការ​ដាក់​ញត្តិ​នៅ​មុន​ស្ថានទូត​រុស្ស៊ី​ ដើម្បី​សុំឲ្យ​មាន​ការ​ដោះលែង​លោក​មុនី​ តែ​ស្ថានទូត​រុស្ស៊ី​ មិនបាន​ចេញមក​ទទួល​យក​ញត្តិ​នោះ​ឡើយ។

ទោះបីជា​មាន​ការ​ប្រឹងប្រែង​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ដោះ​លែង​លោក​មុនី​ ពី​ភាគី​ណា​ក៏ដោយ​ ក៏​តុលាការ​ក្រុងភ្នំពេញ​មិន​អាច​ធ្វើ​តាម​កិច្ច​អន្តរាគមន៍​នោះដែរ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​លី សុផាណា​ ព្រះ​រាជអាជ្ញារង​ និង​ជា​អ្នកនាំពាក្យសាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​លី សុផាណា​ បាន​បញ្ជាក់​ឲ្យ​ VOA ​ដឹង​ក្នុង​សារ​ឆ្លើយ​ឆ្លង​តាម​ទូរសព្ទ​ចល័ត​ក្នុង​ន័យដើម​ថា៖

«តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ដែលមាន​អំណាច​យុត្តាធិការ​ដោយ​មិន​ចំណុះ​ ភាគី​នៅ​ក្នុង​ការ​សម្រេច​សេចក្តី។ តុលាការ​មិនមែន​កាត់​សេចក្តី​តាម​ការ​សុំ​អន្តរាគមន៍​នោះ​ឡើយ»។

បើ​រក​ឃើញ​ថា​មាន​កំហុស​មែន ​លោក រ៉ាត់​ រត្នមុនី​ អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​បី​ឆ្នាំ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ជិត​១៥០០​ដុល្លារ​អាមេរិក៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG