អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនជាតិរ៉ូម៉ានីមួយរូបដែលមានគ្រឿងញៀនជាង៥គីឡូក្រាមក្នុងពេលធ្វើដំណើរពីអាកាសយានដ្ឋានខេត្តសៀមរាបទៅកាន់ទីក្រុងហុងកុងកាលពីថ្ងៃពុធ។ នេះបើយោងទៅតាមរបាយការណ៍របស់នគរបាលជាតិ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិដែលចេញផ្សាយកាលពីយប់ថ្ងៃពុធឲ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនជនជាតិរ៉ូមានីឈ្មោះ Olaru Narcis-Manuel និងរឹបអូសគ្រឿងញៀនប្រភេទមេតាហ្វេតាមីន ដែលមានទម្ងន់សរុប៥ពាន់២០ក្រាម លាក់ទុកក្នុងកញ្ចប់ផ្លាស្ទិករាងសំប៉ែតបួនជ្រុងចំនួនបួន ក្នុងកាបូបស្ពាយខ្នង។
របាយការណ៍ដដែលបានសរសេរក្នុងន័យដើមថា៖
«បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួនប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីចាត់ការទៅតាមនីតិវិធី»។
យោងតាមច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនរបស់កម្ពុជាឱ្យដឹងថា ការជួញដូរ រក្សាទុកគ្រឿងញៀនសុទ្ធលើសពី៨០ក្រាមអាចប្រឈមនឹងការទោសជាប់គុកអស់មួយជីវិត។
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា មកដល់ដើមឆ្នាំ២០១៩ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនអ្នកជួញដូរនិងអ្នកប្រើប្រាស់គ្រឿងញៀនចំនួនសរុបជាង១ម៉ឺន៦ពាន់នាក់ និងរឹបអូសគ្រឿងញៀនសរុបបានប្រមាណ៥៣៦គីឡូក្រាម៕