ភ្នំពេញ៖ ប្រធានចលនាយុវជននៃគណបក្សសម រង្ស៊ី និយាយថា យុវជនខ្មែរមានកាតព្វកិច្ចចូលរួមនៅក្នុងសកម្មភាពនយោបាយ ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។ លោក សួង សុភ័ណ្ឌ អាយុ២៥ឆ្នាំ បានថ្លែងបែបនេះនៅក្នុងកម្មវិធីហេឡូ វីអូអេនៅថ្ងៃច័ន្ទ ទី១០ ខែធ្នូនេះ។
«យុវជនមិនអាចងាកចេញពីប្រព័ន្ធនយោបាយបានទេ ព្រោះប្រព័ន្ធនយោបាយគឺជាមាគ៌ាមួយដឹកនាំប្រទេស ដូច្នេះ យុវជនត្រូវតែចូលរួមយ៉ាងសកម្មនៅក្នុងនយោបាយ»។
យុវជនកម្ពុជាជាច្រើន ត្រូវគេមើលឃើញថា មិនសូវយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យនយោបាយទេ។
លោក សួង សុភ័ណ្ឌដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ផងនោះ និយាយថា និន្នាការនេះ ត្រូវតែផ្លាស់ប្តូរ។
«ជាការចាំបាច់ណាស់ដែលយុវជន ត្រូវតែក្លាហាន។ យុវជនត្រូវតែព្យាយាម ប្រឈរមុខ ក្រោកឈរ ដើម្បីប្រទេសជាតិរបស់យើង»។
លោក សួង សុភ័ណ្ឌ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងវាយដំឲ្យរបួស នៅពេលដែលលោកបានចូលរួមជាមួយក្រុមអ្នកភូមិបឹងកក់ ដើម្បីប្រឆាំងនឹងការបណ្តេញពួកគេចេញពីលំនៅដ្ឋានដោយបង្ខំកាលពីឆ្នាំមុន។
នៅចុងខែមុន លោកក៏បានដាក់ពាក្យប្តឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនទៀត ចំពោះការស្លាប់ប្រជាជនចំនួន៣៥៣នាក់ និងរបួសប្រមាណ ៤០០នាក់ ផ្សេងទៀតនៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅលើស្ពានកោះពេជ្រកាលពីឆ្នាំ២០១០។
លោក សួង សុភ័ណ្ឌ៖ «សាររបស់ខ្ញុំគឺខ្ញុំសូមឲ្យមេដឹកនាំគ្រប់ជំនាន់របស់ខ្មែរ មេត្តាមានវប្បធម៌ចេះទទួលខុសត្រូវខ្ពស់»។