ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស្លាប់​​ជន​អន្តោប្រវេសន៍​ជំរុញឲ្យ​សហភាព​អឺរ៉ុប​ពិភាក្សា​បន្ថែម​​លើ​ប្រតិបតិ្តការ​ជួយ​សង្រ្គោះ

  • Henry Ridgwell

បុគ្គលិក​មន្ទីរពេទ្យ​សែង​ក្តា​មឈូស​ជាមួយ​នឹង​សាកសព​របស់​ជន​អន្តោប្រវេសន៍​ទៅ​កាន់​ឡាន​ដឹក​សាកសព​នៅ​មន្ទីរពេទ្យ​ Mater Dei ក្នុង​តំបន់ Tal-Qroqq ខាង​ក្រៅ​ក្រុង Valletta កាលពី​ថ្ងៃទី២៣ ខែ​មេសា ឆ្នាំ២០១៥។

ប្រទេស​អ៊ីតាលី​បាន​ស្នើ​ឲ្យ​មានការ​វាយប្រហារ​ដែល​មាន​គោលដៅ​មួយ​ទៅ​លើ​ពួក​អ្នក​រត់ពន្ធ​មនុស្ស​ក្នុង​ប្រទេស​លីប៊ី​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹងការ​ហូរ​ចូលជន​អន្តោប្រវេសន៍​មក​កាន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​របស់់​ខ្លួន។ ក្រុម​អ្នក​ជួយ​សង្រ្គោះ​នៅ​តែ​ស្វែង​រក​អ្នក​ដែល​នៅ​មាន​ជីវិត​ ​និង​សាកសព ​បន្ទាប់​ពី​ការ​ក្រឡាប់​កប៉ាល់​ដែល​ដឹក​ជន​អន្តោប្រវេសន៍​ចំនួន​៩រយ​នាក់ ​កាលពី​ថ្ងៃ​អាទិត្យ។ គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត​មួយនេះដែល​មិន​ធ្លាប់​មាន​នៅក្នុង​កំណត់​ត្រា ​បាន​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​បើក​ការ​ប្រជុំបន្ទាន់​មួយ​នៅ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

កប៉ាល់​សង្រ្គោះ​បាន​ត្រឡប់​ទៅ​ដល់​កំពង់​ផែ​ដែល​ពោរ​ពេញ​ទៅ​ដោយ​នាវា​ដឹក​ទំនិញ​ម្តង​មួយៗ។ នៅ​ឯ​ចំណត​ក្នុង​កំពង់ផែ​នៃ​ក្រុង​វ៉ាឡែត (Valleta) ប្រទេស​ម៉ាល់ត៍ (Malta) មាន​ឡាន​សម្រាប់​ដឹក​សាកសព​តម្រៀប​គ្នា​ជា​ជួរ​រង់ចាំ​ ​និង​ត្រៀម​ខ្លួន​ទទួល​សាកសព​ទាំង​២៤នាក់​ដែល​ស្ថិត​នៅ​លើ​នាវា​នោះ។ ​នេះ​គ្រាន់​តែ​ជាចំនួន​តូច​មួយ​នៃ​មនុស្ស​ទាំង​អស់​ដែលគេ​ប៉ាន់​ស្មាន​ថា​មានចំនួន​៧៥០នាក់​ដែល​បាន​លង់​ទឹក​ស្លាប់​ក្នុង​ប្រទេស​លីប៊ី​កាលពី​ថ្ងៃ​អាទិត្យ។ នៅ​លើ​នាវា​នោះ​ អ្នក​រស់រាន​មាន​ជីវិត​សម្លឹង​មើល​សាកសព​ដែល​ត្រូវ​បាន​គេ​សែង​ចេញ។

នៅ​ខណៈលោក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​សមភាគី​ម៉ាល់ត៍​ក្នុង​ទីក្រុង​រ៉ូម​ (Rome) នាយក​រដ្ឋមន្រ្តី​អ៊ីតាលី​ Matteo Renzi បាន​ប្រៀបធៀប​ការ​រត់​ពន្ធ​ជន​អន្តោប្រវេសន៍​ទៅ​នឹង​ការ​ជួញ​ដូរ​ទាសករ​នៅ​អាហ្រ្វិក​ដែល​កើត​ឡើង​ជា​ប្រវត្តិសាស្រ្ត​ ហើយ​បានស្នើ​ឡើងវិធានការ​មិន​ជាក់លាក់​ដើម្បីប្រឆាំង​នឹងក្រុម​អ្នក​ជួញ​ដូរ​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​លីប៊ី។

លោក​និយាយ​ថា​ លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​សន្តិភាព​តាម​រយៈ​អន្តរាគមន៍​យោធា​ក្នុង​ប្រទេស​លីប៊ី​នៅ​ពេល​នេះ​ មិន​អាច​សម្រេច​បាន​ទេ។ ក៏​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ ពួក​គេ​បាន​ពិភាក្សា​អំពី​អន្តរាគមន៍មួយ​មាន​គោលដៅបំផ្លាញ​សកម្មភាព​ឧក្រិដ្ឋ​ដែលកំពុង​កើត​មាន​ហួស​ពីការ​គ្រងរបស់​ពួក​គេ។

នៅ​ចម្ងាយ​២​រយ​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​កោះ​ Lampedusa​ របស់​ប្រទេស​អ៊ីតាលី ​ការ​រុករក​នៅ​តែ​បន្ត​នៅ​ឡើយ​ ក៏​ប៉ុន្តេ ក្តី​សង្ឃឹម​ថា​ពួក​គេ​អាច​រក​ឃើញ​អ្នក​នៅ​មាន​ជីវិត​បន្ថែម​ទៀត​នោះ​ មាន​កាន់​តែ​តិច​ទៅៗ។ អ្នក​រួច​ជីវិត​ពី​ឧប្បទ្វហេតុ​នោះ​និយាយ​ថា ​មនុស្ស​រាប់​រយ​នាក់​ត្រូវ​ជាប់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​នាវា​នោះ។

នៅ​ក្នុង​ឆ្នាំ​នេះ ​ជន​អន្តោប្រវេសន៍​ច្រើន​ជាង២ម៉ឺន​១ពាន់​នាក់ ​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រនៃ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​រួច​ទៅ​ហើយ។ មនុស្ស​ច្រើន​ជាង​១ពាន់​៦រយ​នាក់​ត្រូវ​គេ​គិត​ថា​បាន​ស្លាប់​បាត់​បង់​ជីវិត។ លោក Andrej Maheric ​បេសកជន​ជាន់​ខ្ពស់​សម្រាប់​ជន​ភៀស​ខ្លួន​របស់​អ.ស.ប​និយាយ​ថា ចំនួន​នេះ​បាន​បង្ហាញ​ថា​ មនុស្ស​នឹង​ប្រថុយ​ជីវិត​របស់​ពួកគេ​ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

សោកនាដកម្ម​ជា​ច្រើន​មិន​មែន​កើត​ឡើង​តែ​ទៅ​លើ​ប្រទេស​អ៊ីតាលី​នោះ​ទេ។ នៅ​ក្នុង​ប្រទេស​ក្រិក​ឯណោះ​វិញ​ មនុស្ស​យ៉ាង​ហោច​ណាស់​៣នាក់​បាន​ស្លាប់​ រួម​មាន​ក្មេង​ម្នាក់​ផងដែរ​ បន្ទាប់​ពី​កប៉ាល់​ដឹក​អ្នក​ចំណាក់​ស្រុក​មួយ​បាន​បុក​ថ្ម​ក្នុង​ឆ្នេរ​សមុទ្រ​ Rhodes។ ក្រុម​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន​បាន​ប្រជ្រៀត​គ្នា​ជួយ​យក​អ្នក​ដំណើរ​ទាំង​នោះ​ទៅ​ទី​មាន​សុវត្ថិភាព។ ក្រុម​អ្នក​ចំណាក​ស្រុក​និយាយ​ថា​ នៅ​ពេល​ទឹក​សមុទ្រ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​រដូវ​ក្តៅ​នេះ​ នឹង​មាន​កប៉ាល់​ជាច្រើន​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់ឆ្ពោះ​ទៅ​កាន់​ទ្វីប​អឺរ៉ុប៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG