រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយអ្នកតំណាងរបស់សម្តេចសង្ឃ Dalai Lama មេដឹកនាំសាសនានៃដែនដីទីបេនៅក្នុងទីក្រុងញូដែលី ប្រទេសឥណ្ឌាកាលពីថ្ងៃពុធ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ចំណាត់ការនេះទំនងជាអាចធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Blinken បានជួបក្នុងរយៈពេលខ្លីជាមួយលោក Ngodup Donghchung ដែលជាតំណាងរបស់រដ្ឋបាលកណ្តាលទីបេ(CTA)ដែលក៏ត្រូវបានគេស្គាល់ថាជារដ្ឋាភិបាលនិរទេសទីបេផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ។
កងទ័ពចិនបានរឹបអូសដែនដីទីបេនៅឆ្នាំ១៩៥០ នៅក្នុងអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងបានហៅថាជា «ការរំដោះដោយសន្តិវិធី»។ នៅក្នុងឆ្នាំ១៩៥៩ សម្តេចសង្ឃ Dalai Lama បានរត់គេចខ្លួនទៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីការងើបបះបោរមិនបានសម្រេចជោគជ័យប្រឆាំងនឹងចិន។
រដ្ឋបាលកណ្តាលទីបេ (CTA) និងក្រុមគាំទ្រទីបេ បានទទួលការគាំទ្រពីអន្តរជាតិក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៅពេលដែលមានការរិះគន់យ៉ាងខ្លាំងពីប្រវត្តិសិទ្ធិមនុស្សរបស់ចិន ជាពិសេសពីសហរដ្ឋអាមេរិក។
កាលពីខែវិច្ឆិកា លោក Lobsang Sangay អតីតមេដឹកនាំរដ្ឋាភិបាលនិរទេសទីបេ បានទៅបំពេញទស្សនកិច្ចសេតវិមាន ដែលជាទស្សនកិច្ចលើកដំបូងនៅក្នុងរយៈពេល៦ទសវត្សរ៍កន្លងមកនេះ។
មួយខែក្រោយមក សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់គោលនយោបាយ និងការជួយឧបត្ថម្ភទីបេ ដែលអំពាវនាវឲ្យផ្តល់សិទ្ធិដល់ពលរដ្ឋទីបេដើម្បីជ្រើសរើសអ្នកស្នងតំណែងសម្តេចសង្ឃ Dalai Lama និងបង្កើតស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅរដ្ឋធានី Lhasa នៃដែនដីទីបេ៕