ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តារា​ចុងភៅ​ដែល​ឈ្នះ​ពានរង្វាន់​បញ្ជាក់​ថា​ការ​ធ្វើ​ម្ហូប​មិន​អាស្រ័យ​លើ​យេនឌ័រ​ទេ


នេះ​ជា​រូប​របស់​អ្នកស្រី Naomi Pomeroy។
នេះ​ជា​រូប​របស់​អ្នកស្រី Naomi Pomeroy។

អ្នកស្រី Naomi Pomeroy គឺ​ជា​ចុងភៅ​វ័យក្មេង​ដ៏​ជោគជ័យ​ម្នាក់​នៅ​ក្នុង​ក្រុង Portlandរដ្ឋ Oregonសហរដ្ឋអាមេរិក។ ពេល​អ្នកស្រី​ចាប់ផ្តើម​ឈា​នជើង​ចូល​ក្នុង​អាជីវកម្ម​នេះ​ អ្នកស្រី​ដឹង​ថា​វា​គឺ​ជា​ការងារ​មួយ​ដែល​គ្របដណ្តប់​ដោយ​បុរស​តាំង​ពី​ដើម​មក​ ប៉ុន្តែ​រឿង​នេះ​មិន​បាន​បញ្ឈប់​អ្នកស្រី​ទេ។ បច្ចុប្បន្ន​អ្នកស្រី​ជា​ចុងភៅ​អាជីព ​ និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​ឈ្មោះថា Beast ដែល​ឈ្នះ​ពាន​រង្វាន់។ អ្នកស្រី​ក៏ជា​អ្នក​និពន្ធ​សៀវភៅ​ធ្វើម្ហូប​ និង​មាន​កម្មវិធី​ផ្ទាល់ខ្លួន​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ផងដែរ។

ភោជនីយដ្ឋាន​របស់​អ្នកស្រី Naomi Pomeroy ដែល​មាន​ឈ្មោះថា Beast​ បាន​បើក​មប្រើ​ភ្ញៀវ​ជា​អ្នករស់នៅ​ក្នុង​តំបន់​និង​ភ្ញៀវទេចរណ៍​នានា​ក្នុង​ក្រុង Portland រដ្ឋ Oregon​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។ ជីវិត​របស់​អ្នកស្រី Pomeroy បាន​ផ្លាស់ប្តូរ​ទាំងស្រុង​ចាប់​តាំង​ពី​អ្នកស្រី​បើក​ភោជនីយដ្ឋានBeast​ នេះមក។ អ្នកស្រី​បាន​ប្រែ​ក្លាយ​ខ្លួន​ពីអ្នក​ជួយ​ចម្អិន​អាហារ​ធម្មតា​នៅក្នុង​ផ្ទះ​ជាមួយ​ម្តាយ​និង​ជីដូន​របស់​អ្នកស្រី​ រហូត​ដល់​ក្លាយ​ខ្លួន​ជា​ចុងភៅ​អាជីព​ម្នាក់។

អ្នកស្រី Naomi Pomeroy បាន​និយាយ​ថា៖ «ពេល​បើក​ភោជនីដ្ឋាន​នេះ ​ខ្ញុំ​គិតថា​បើក​បាន​ប្រហែល​តែ​ពី​៣ខែ​ទៅ៦ខែ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​រំពឹង​អ្វី​ទាំងអស់​ ខ្ញុំខ្លាច​ ហើយ​ខ្ញុំ​មិន​ដែល​គិតថា​ខ្ញុំ​បាន​ទទួល​ជោគ​ជ័យ​ដូច​នេះ​ទេ។ ខ្ញុំ​មិន​ដែល​ធ្វើ​ជា​ចុងភៅ​ពិតប្រាកដ​ទេ​ពី​មុន​មក។ ខ្ញុំ​ធ្លាប់​បើក​ក្រុមហ៊ុន​បម្រើ​សេវា​ម្ហូប​អាហារ។ ខ្ញុំ​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​មាន​ហាង​ផ្ទាល់​ខ្លួន​ បង្កើត​មុខ​ម្ហូប​ខ្លួន​ឯង​ និង​បង្រៀន​បុគ្គលិក​ដោយ​ខ្លួន​ឯង​បែប​នេះ​ទេ‍»។

ភោជនីយដ្ឋាន​របស់​អ្នកស្រី Pomeroy មិន​ធំ​ទេ ​ហើយ​មាន​ផ្ទះបាយ​បើក​ចំហ​ ដូច្នេះ​ភ្ញៀវ​អាច​មើលឃើញ​ពី​របៀប​ចម្អិត​អាហារ​ដែល​ពួកគេ​បាន​កម្ម៉ង់‍។

មាន​តុ​អាហារ​រួមគ្នា​ធំៗ​ចំនួន​ពីរ​ ដូច្នេះ​ភ្ញៀវ​អាច​អង្គុយ​ញ៉ាំ​ជាមួយ​ភ្ញៀវផ្សេង​ទៀតដែល​មិន​ស្គាល់​គ្នា។ ប៉ុន្តែ​ពួកគេ​មិន​យល់​ថា​វា​ជា​ការរំខាន​គ្នា​ទេ។ អាហារ​ឆ្ងាញ់​ ស្រា​ល្អ​ធ្វើ​ឲ្យ​គេ​មក​ជួបជុំ​គ្នា។

អ្នកស្រី Pomeroy បង្កើត​បញ្ជី​មុខ​ម្ហូប​ថ្មីៗ​រៀងរាល់​ពីរ​សប្តាហ៍​ម្តង​ បន្ទាប់​ពី​ពិភាក្សា​គ្នា​និង​សាក​មុខ​ម្ហូប​ថ្មីៗ​ជាមួយ​ក្រុមការងារ​របស់​អ្នកស្រី។ ភ្ញៀវ​ដែល​ឈរ​រង់ចាំ​បន្ត​គ្នា​យ៉ាង​វែង​និយាយ​ថា​ ម្ហូប​នៅ​ភោជនីយដា្ឋន​របស់​អ្នកស្រី​មាន​រស់ជាតិ​ឆ្ងាញ់។
ពានរង្វាន់​ផ្សេង​ទៀត​ដែល​អ្នកស្រី​ទទួល​បាន​ប្រាប់​ពី​រឿងរ៉ាវ​ដូច​គ្នា។ ក្នុង​ចំណោម​ពាន​រង្វាន់​ទាំងនោះ​ មាន​ដូចជា​ពានរង្វាន់ James Beard Award សម្រាប់​ចុងភៅ​ល្អ​បំផុត។

ប៉ុន្តែ​វា​មិនមាន​តែងតែ​ងាយស្រួល​សម្រាប់​ចុងភៅ​ជា​ស្រ្តី​ទេ។

អ្នកស្រី Naomi Pomeroy បាននិយាយបន្តថា៖

«ខ្ញុំ​ចាំ​បាន​ថា​ នៅ​ពេល​ខ្ញុំ​ចេញ​ពី​យន្តហោះ​ទៅ​ចូលរួម​កម្មវិធី Aspen Food and Wine លើក​ដំបូង​ មាន​មនុស្ស​មួយ​ចំនួន​សួរ​ខ្ញុំ​ថា​ ខ្ញុំ​ជា​ចុងភៅ​មែន? ហើយ​ខ្ញុំ​ឆ្លើយ​ថា​ ខ្ញុំ​ជា​ចុងភៅ​ និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​ឈ្មោះ Beast នៅ​ទីក្រុង Portland។ ហើយ​ពេល​នោះ​ពួកគេ​ហាក់​ដូចជា​ភ្ញាក់ផ្អើល​និង​សួរ​ថា​អ្នកឯង​ជា​ចុងភៅ​ធ្វើ​នំ?‍»

សព្វថ្ងៃ​អ្នកស្រី​ត្រូវ​បាន​គេ​ស្គាល់​យ៉ាងច្បាស់​នៅក្នុង​ឧស្សាហកម្ម​នេះ។ អ្នកស្រី​នៅ​តែ​ធ្វើ​ការមិន​ឈប់ឈរ​នៅក្នុងហាង Beast នេះ ខណៈពេល​ដែល​អ្នកស្រី​កំពុង​សរសេរ​សៀវភៅ​ពី​ការចម្អិនម្ហូប ​ច្នៃភេសជ្ជៈថ្មីៗ ​និង​រៀបចំ​កម្មវិធី​ទូរទស្សន៍​ដោយ​ខ្លួន​ឯង។ ក្រៅ​ពី​ភាពជោគជ័យ​នៅក្នុង​ការធ្វើម្ហូប​របស់​អ្នកស្រី​ហើយ​នោះ​ អ្នកស្រី​បាន​ធ្វើឲ្យ​ភ្ញៀវ​មានអារម្មណ៍​ថា​អ្នកស្រី​យក​ចិត្ត​ទុក​ខ្លាំង​បំផុត​ចំពោះ​ពួកគេ។

អ្នកស្រី Naomi Pomeroy បាន​និយាយ​បន្ថែម​ថា៖ «អ្នក​ពិត​ជា​ភ្ញាក់ផ្អើល​ពេល​ដឹង​ពី​គោលបំណង​ធំ​បំផុត​របស់​ខ្ញុំ​ គឺ​មិនមែន​ជា​អាហារ​នៅ​លើ​ចាន​ ឬ​ក៏​ការ​ធ្វើ​ឲ្យ​អតិថិជន​មក​ហាង​យើង​ម្តង​ទៀត​នោះ​ទេ។ តាម​ពិតគោល​បំណង​សំខាន់​បំផុត​គឺ​តើ​យើង​មាន​ភាពសប្បាយ​រីករាយ​ជាមួយ​គ្នា​ទេ? តើ​យើង​ដឹង​ពី​កសិករ​របស់​យើង​ទេ? តើ​យើង​មាន​អារម្មណ៍​ថា​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ទេ? ទាំងនេះ​គឺ​ជា​អ្វី​ដែល​សំខាន់​ជាង​ភោជនីយដ្ឋាន​ទៅ​ទៀត។ ចំណុច​សំខាន់​ដែល​ខ្ញុំ​ពេញ​ចិត្ត​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​និង​បុគ្គលិក​សប្បាយ​រីករាយ»។

អ្នកស្រី Pomeroy គ្មាន​គម្រោង​ប្តូរ​ចេញ​ពី​ក្រុង Portland ទេ។ វា​គឺ​ជា​ក្រុងកំណើត​របស់​អ្នកស្រី​ ជា​កន្លែង​ដែល​អ្នកស្រី​ជួប​ក្រុមការងារ​ដែល​មាន​ចិត្តគំនិត​ដូច​អ្នកស្រី​ និង​ជា​កន្លែង​ដែល​អ្នកស្រី​ចិញ្ចឹម​បីបាច់​គ្រួសារ​របស់​អ្នកស្រី។ អ្នកស្រី​សង្ឃឹម​ថា​នឹង​បើក​ភោជនីយដា្ឋន​មួយ​កន្លែង​ទៀត​នៅក្នុង​ទីក្រុង​នេះ​ ដូច្នេះ​មនុស្ស​កាន់តែ​ច្រើន​អាច​ទទួល​ទាន​អាហារ​ល្អៗ​ដោយ​ក្តី​រីករាយ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG