ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បរិស្ថាន​រង​ការ​រិះគន់​ចំពោះ​ការលើកលែង​ឲ្យ​គូ​ស្វាមី​ភរិយា​ដែល​បង្កើត​វីដេអូ​​ពី​ការ​ចម្អិន​សត្វព្រៃ


ក្រសួងបរិស្ថាន​នៃប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន​នៃប្រទេសកម្ពុជា។

ក្រសួង​បរិស្ថាន​កម្ពុជា មិន​បាន​ផ្តន្ទាទោស​បុរស​និង​ស្រ្តី​២​នាក់​ដែល​ជា​ប្តី​ប្រពន្ធ ចំពោះ​ការបង្ហោះ​វីដេអូ​បង្ហាញ​ការសម្លាប់​និង​បរិភោគ​សត្វព្រៃ​លើ​បណ្តាញ​សង្គម​ទេ ក្រោយពី​អ្នកទាំង​ពីរ​បាន​សារភាព និង​សុំទោស​រួច​មក។ ក៏​ប៉ុន្តែ អ្នក​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា រិះគន់​ថា​ក្រសួង​ខ្វះ​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់។

ក្រោយ​មាន​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​លើ​ការថត​វីដេអូ​របស់​ស្រ្តីម្នាក់​ស្តីពី​របៀបសម្លាប់​ និងចម្អិន​សត្វ​ព្រៃ​យក​ទៅ​បរិភោគ​ ​ក្រសួង​បរិស្ថាន​បាន​ចាត់វិធានការ​លើស្រ្តី​នោះ​ ដោយ​មាន​ការ​អប់រំ​ ​ចុះ​កិច្ចសន្យា​ ​និង​ពិន័យជា​ប្រាក់។​ ​ក្រុម​អង្គការ​សង្គមស៊ីវិល​ ​និង​ប្រធាន​អង្គការ​ការ​ពារ​ធនធាន​ធម្ម​ជាតិ​មួយ​ ​បាន​រិះគន់​ការ​សម្រេច​នេះ​ ​ថា​ជាការ​បង្ហាញ​ពីអ​សមត្ថភាព​ក្នុង​ការ​អនុ​វត្តច្បាប់​របស់​សមត្ថកិច្ច។​

​អ្នក​ការពារ​ធនធាន​ធម្ម​ជាតិ​នៅ​កម្ពុជា​ បានរិះគន់​ក្រសួង​បរិស្ថាន​ ​ដែល​សម្រេច​ដោះ​លែង​ស្រ្តីថត​វីដេអូ​សម្លាប់​ និង​បរិភោគ​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ត្រឹម​ការ​ធ្វើ​កិច្ចសន្យា ដោយ​មិន​ប្រើ​វិធាន​ការ​ធ្ងន់ធ្ងរ​តាម​ច្បាប់។​

លោក ឆឺយ ឧត្តមរស្មី​ កូន​ប្រុស​លោក​ ឈុត វុទ្ធី ​និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្ម​ជាតិ ប្រាប់​ ​VOA​ ​នាព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការប្រមាញ់ សម្លាប់​ និង​បរិភោគសត្វ​ព្រៃ​ ​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ស្រ្តី​ឈ្មោះ​ ​ចាន់ ប៉ូលីន​ ​នោះ​ ​គឺជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សត្វ​ព្រៃ​នៅ​កម្ពុជា។​ ​លោក​បន្ថែម​ថា​ ​សត្វ​ព្រៃ​មួយ​ចំនួន​ដែល​ស្រ្តី​នោះ​សម្លាប់​ ​និង​បរិភោគ​ ​គឺ​ជា​សត្វ​ព្រៃ​ប្រភេទ​កម្រ​ ​ដែល​លោក​ថា​ ​តាម​ច្បាប់​ស្តីពី​បទ​ល្មើសព្រៃ​ឈើ​ ​ការ​សម្លាប់​ ​ឬ​ ជួញដូរ​សត្វ​កម្រ​ទាំង​នោះ​ ​គឺ​ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ។​

លោក​ ឆឺយ​ ឧត្តមរស្មី បន្ថែម​ថា​ ​ការ​អនុ​វត្តរបស់​មន្រ្តី​ក្រសួង​បរិស្ថាន​ដែល​ត្រឹម​តែ​ឲ្យ​ជន​ល្មើស​ធ្វើ​កិច្ចសន្យា​ ​គឺ​បង្ហាញ​ពីអ​សមត្ថភាព​ក្នុង​ការ​អនុ​វត្តច្បាប់​ ​និង​ថាអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ព្រៃ​នៅ​កម្ពុជា​ ​ជា​បន្ត។​

លោក​បញ្ជាក់​ថា៖​

«ឃើញ​គាត់​កាន់​សត្វ​រនាលខ្យង​ ​ដែល​ជា​សត្វ​គេ​ហៅ​ថាវា​មាន​ប្រភេទ​រនាល​ពណ៌ ប្រភេទ​រនាលខ្យង ម្យ៉ាង​ទៀត​ហៅ​ត្រយ៉ង​ ​ហើយ​ពួក​សត្វ​ទាំង​បីហ្នឹង​ជា​សត្វ​ដែល​គៀក​នឹង​ផុតពូជ​ ​ហើយ​បន្ទាប់មក​ឃើញ​មាន​ខ្លាត្រី​ ​ឃើញ​ត្រកួត​ ​ឃើញ​អី។ អញ្ចឹង​គួរ​តែ​ចាប់​នារី​ហ្នឹង​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់ ព្រោះ​ច្បាប់​មាន​តើ។​ ​ប៉ុន្តែ​ថាមន្រ្តី​ទាំង​អស់​ហ្នឹង​មិន​មែន​គ្រាន់​តែ​ឲ្យ​នារី​ម្នាក់​ហ្នឹង​ធ្វើ​កិច្ចសន្យា​សុំទោស ហើយ​ឈប់​ធ្វើ​អញ្ចឹង​ទៀត​ទេ អញ្ចឹង​ថ្ងៃ​ក្រោយ​អ្នក​ដទៃ​ទៀត​គេ​ធ្វើ​ដែរ ហើយ​គេ​និយាយ​ថា គ្រាន់​តែ​សុំទោស​ទៅ​គឺចប់​ហើយ អត់​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ផង​ហ្នឹង»។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ស្រ្តីម្នាក់​ឈ្មោះ​ ​ចាន់ ប៉ូលីន​ ​និង​ស្វាមី​ ​បាន​ចូល​សារភាព​ទោស​កំហុស​របស់​ខ្លួន​ ​នៅ​ចំពោះ​មុខ​មន្ត្រី​ក្រសួង​បរិស្ថាន ក្រោយ​មាន​ប្រតិកម្ម​ពី​សាធារណៈ​ជន​ពាក់​ព័ន្ធ​នឹង​វីដេអូ​ជាង​៣០​ ​ដែល​ស្រ្តីរូប​នេះ​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​យូធូប​មួយ​ឈ្មោះ​ ​«Natural Life TV»។​ ​ក្នុង​វីដេអូ​មួយ​ចំនួន​ដែល​ស្រ្តី​ឈ្មោះ​ ​ចាន់ ប៉ូលីន​ បាន​បង្ហោះ បាន​បង្ហាញ​ពីការដាក់​អន្ទាក់​ ​ការសម្លាប់​ ​របៀប​ចម្អិន និង​បរិភោគ​សត្វ​ព្រៃ​មួយ​ចំនួន​ ​ដែល​មាន​ដូចជា​ ​ពស់វែក​ ​ខ្លាត្រី​ ​និង​សត្វ​ព្រៃ​ផ្សេងៗ​មួយ​ចំនួន​ទៀត។​

រូបថត ថត​ពី​គេហទំព័រ​យូធូប (YouTube) មួយ​ឈ្មោះ «Natural Life TV» ដែល​បង្ហាញ​ស្រ្តី​ម្នាក់​ឈ្មោះ ចាន់ ប៉ូលីន បង្ហាញ​ពី​ការចម្អិន​សត្វព្រៃ។ (រូបថត៖ ថតពី​គេហទំព័រ​យូធូប (YouTube)
រូបថត ថត​ពី​គេហទំព័រ​យូធូប (YouTube) មួយ​ឈ្មោះ «Natural Life TV» ដែល​បង្ហាញ​ស្រ្តី​ម្នាក់​ឈ្មោះ ចាន់ ប៉ូលីន បង្ហាញ​ពី​ការចម្អិន​សត្វព្រៃ។ (រូបថត៖ ថតពី​គេហទំព័រ​យូធូប (YouTube)

ស្រ្តី​ឈ្មោះ​ ​ចាន់ ប៉ូលីន​ ​និង​ស្វាមី​ ​បាន​និយាយ​ក្នុង​ពេល​ចូល​សារភាព​ ​ដោយ​មានក្រសួង​បរិស្ថាន​បង្ហោះ​ជា​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ថា​ ​នាង​និង​អ្នក​ផ្សេង​ទៀត​ ​បាន​ចាប់​ផ្តើម​ថត​វីដេអូរ​ តាំង​ពីខែ​ ​ធ្នូ​ ​ឆ្នាំ២០១៧​ ​ដែល​បង្ហាញ​ពីការ​យក​សត្វ​ព្រៃ​ធ្វើ​ជា​ម្ហូប​ ​ហើយ​ចាប់​ផ្តើម​បង្ហោះកាល​ពី​ខែ​មេសា។​ ​នាង​បន្ថែម​ថា​ ​នាង​អត់​ស្គាល់​ប្រភេទ​សត្វ​ទាំងនោះ​អស់​ទេ​ ​និង​ថា​ ​នាង​ក៏​មិន​ដឹង​ថា​ការ​សម្លាប់​សត្វព្រៃ​យក​ធ្វើម្ហូប​ ​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ដូច្នេះ​ដែរ។​

លោក​ ​សៅ សុភាព​ ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ដែល​ស្ថិត​ក្នុង​សន្និសីទ​នៃ​ការ​ចូល​សារភាព​កំហុស​របស់​ស្រ្តី​ឈ្មោះ​ ​ចាន់ ប៉ូលីន​ ​ដែរ​នោះ​ ​ប្រាប់​ ​VOA​ ​នាល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ក្រោយ​ការ​សារភាព​កំហុស និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​សម្លាប់​ ​និង​បរិភោគ​សត្វ​ព្រៃ​ថតជា​វីដេអូ ស្រ្តី​ឈ្មោះ​ ​ចាន់ ប៉ូលីន និង​ស្វាមី​ ​ត្រូវ​បាន​ពិន័យ​ជា​អន្តរការណ៍​ ​និង​អប់រំ​ណែនាំ​ ​ទៅ​តាម​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្ម​ជាតិ។​ លោក​បន្ថែម​ថា​ ​សត្វ​ដែល​ស្រ្តី​ឈ្មោះ​ ​ចាន់ ប៉ូលីន​ ​ថត​បង្ហោះ​នោះ​ ​មិន​មែន​ជា​ប្រភេទ​សត្វ​កម្រ​ ​និង​ថា ស្រ្តី​នោះ​បាន​ទិញ​ពីឈ្មូញ​ដើម្បី​សម្តែង​រក​ប្រាក់​តាម​បណ្តាញ​សង្គម​យូធូប​ប៉ុណ្ណោះ។​

លោក​បញ្ជា​ក់ថា៖​

«យើង​អនុម័ត​មាត្រា​៥៩​ ​ដែល​ចែង​ពី​ការផាក​ពិន័យ​អន្តរការណ៍​ ​ហើយ​ធ្វើ​ការ​អប់រំ​ណែនាំ។​ ​ប្រភេទ​សត្វ​ហ្នឹង​ ​គឺ​ប្រភេទ​សត្វ​មិន​ទាន់​ជា​ប្រភេទ​ដែល​កម្រ​ជិត​ផុតពូជទេ ហើយ​បើ​តាម​អ្វី​ដែល​គាត់​រាយការណ៍​មក​ហ្នឹង គាត់​បាន​ឆ្លើយ​សារភាព​មក​ហ្នឹង។ ដូចជា​មាន​ពស់​ ​ពស់​សង់​សឿ​ ​សត្វ​ដូចជា​អែអូត​ ​សត្វ​ស្អី​ទន្សង ស្អីហ្នឹង ខ្ញុំ​មិន​ច្បាស់​ដែរ តែ​ប្រមាណ​ជា​៣-៤ ប្រភេទ​ដែរ»។​

​បើ​តាម​មាត្រា៩៨​ ​ចំណុច​ទី១០​ ​នៃ​ច្បាប់​ស្តីពី​ព្រៃ​ឈើ​ ​ចែង​ថា​ ​ត្រូវ​ផ្តន្ទា​ទោស​ក្រោម​បទ​ល្មើសព្រៃ​ឈើថ្នាក់​ទី២​ ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ ទៅ​៥ឆ្នាំ និង​ត្រូវ​ផ្តន្ទា​ទោសពិន័យជា​ប្រាក់​ពី១០លាន​រៀល​ ​ទៅ​១០០លាន​រៀល​ ​ឬ​ផ្តន្ទា​ទោស​ណាមួយ​នៃ​ទោស​ទាំង​ពីរ​ ​វត្ថុ​តាង​ទាំង​អស់​ត្រូវ​រឹប​អូស​ជា​សម្បត្តិ​រដ្ឋ​ ​ចំពោះ​ជនណា​ដែល​បាន​បរ​បាញ់​ ​សម្លាប់​ ​ធ្វើ​ពាណិជ្ជកម្ម​ ​ឬ​នាំ​ចេញ​សត្វ​ក្នុង​ក្រុម​មាន​ដោយ​កម្រ។​

មាត្រា៩៩ ចំណុច​ទី១៤​ ​ចែងថា ត្រូវ​ផ្តន្ទា​ទោស​ក្រោម​បទ​ល្មើសព្រៃ​ឈើថ្នាក់​ទី៣ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី១ខែ ទៅ​១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល ទៅ​១០លាន​រៀល ចំពោះ​ជនណា​យាយី ធ្វើ​ឲ្យ​របួស ប្រមូល​ពង កូន នៃ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុតពូជ ឬ​ក្រុម​មាន​ដោយ​កម្រ ឬ​បំផ្លាញ​ជម្រក​របស់​វា។

ទោះ​យ៉ាង​ណា ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ ​លោក​ ​សៅ សុភាព​ ​មិន​បាន​បញ្ជា​ក់ពី​ចំនួន​នៃ​ការ​ពិន័យ​អន្តរ​ការណ៍​នោះ​ទេ។​

​លោក​មាន​ប្រសាសន៍​ថា៖​ ​

«ទន្ទឹម​នឹង​ចម្លើយ​របស់​គាត់​ហ្នឹង​គឺ​យើង​បាន​ពិនិត្យ​មើល​ជា​មួយ​គ្នា អ្នក​ជំនាញ​របស់​យើង និង​ជា​មួយ​កងរាជ​អាវុធ​ហត្ថ។ ការពិន័យ​អន្តរការណ៍​ហ្នឹង​ជា​ការ​ពិន័យ​ជា​ប្រាក់។ ដោយ​សារ​ថា​គាត់​បាន​ទទួល​កំហុស​ ​ហើយ​មក​សារភាព​ ​ហើយ​គាត់​ក៏​មិន​ដឹង​អំពី​ការ​ដែល​គាត់​ទិញ​របស់​ដែល​មាន​លក់​ជា​លក្ខណៈ​លួច​លាក់​ហ្នឹង​ ​ហើយ​គាត់​ត្រូវ​មាន​ទោស​ដែរ អញ្ចឹង​ក៏​យើង​ជួយ​សម្រាល​ឲ្យ​គាត់ ប៉ុន្តែ​សំខាន់​ឲ្យ​គាត់​យល់​ពី​កំហុស ហើយ​គាត់​សន្យា គាត់​ប្តេជ្ញា​មិន​ប្រព្រឹត្ត​ត​ទៅ​ទៀត»។

លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លើកឡើងថា ការ​អះអាង​របស់ស្រ្តីដែល​បានថត​វីដេអូ​ពីការ​សម្លាប់ និង​បរិភោគ​សត្វព្រៃ បង្ហោះ​លើបណ្តាញ​សង្គម​នេះ មាន​ភាព​មិន​សម​ហេតុ​ផល និង​ថា ការ​សម្រេច​របស់​អាជ្ញាធរ​ទៅលើ​ស្រ្តីនោះ ធ្វើ​ឡើង​ដោយ​មិន​សមស្របទៅ​តាមច្បាប់​ដែ​ល​បាន​ចែង។ លោក​បន្ថែម​ថា សមត្ថកិច្ច​គួរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​ជាមួយ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​វាយ​ខ្នោះ និង​បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លង​មក។​

លោក សន ជ័យ​ បន្ថែមថា ដើម្បី​ទប់ស្កាត់ ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព លុះត្រា​តែ​រដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ចាត់វិធានការ​លើ​អ្នក​មានអំណាច​នៅ​ពីក្រោយ​សកម្មភាពបទល្មើស​ទាំង​នោះ។​

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​នៅ​តែ​ទទូច​ថា​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​ចាប់​ផ្តើមពី​ក្រុម​ដែល​មាន​ឥទ្ធិពល មាន​អំណាច​ជាមុន ហើយ​នៅ​ពេល​ដែល​ក្រុម​នោះ​ស្ថិតនៅក្រោម​ឥទ្ធិពល ស្ថិត​នៅ​ក្រុម​អំណាច​ច្បាប់ ហើយ​វា​នឹង​ក្លាយ​ជា​គំរូ​មួយ​សម្រាប់​សង្គម។ ​បន្ទាប់មក​ទៀត​ការ​អនុវត្ត​ច្បាប់​បន្ថែមទៀត​ទៅ​លើ​ក្រុម​គោល​ដៅ​ទី២ បាន​ន័យ​ថា​ក្រុម​ប្រជាពលរដ្ឋ​ដែល​នៅតែ​ព្យាយាម​ល្មើស​ច្បាប់​ហ្នឹង ក៏​មិន​ត្រូវ​លើក​លែង​ដែរ។ អញ្ចឹង​ពីរ​ហ្នឹង​យើង​ចង់ឲ្យ​ការ​អនុវត្ត​ច្បាប់​ទៅលើ​ក្រុម​ដែល​មាន​ឥទ្ធិពល​មុន»។

រូបថត​របស់​ស្រ្តី​ឈ្មោះ ចាន់ ប៉ូលីន កាន់​សត្វព្រៃ ដែល​ត្រូវ​បាន​គេ​ចែកចាយ​នៅ​តាម​បណ្តាញ​សង្គមFacebook។ (រូបថត៖ ថតពីបណ្តាញសង្គមFacebook)
រូបថត​របស់​ស្រ្តី​ឈ្មោះ ចាន់ ប៉ូលីន កាន់​សត្វព្រៃ ដែល​ត្រូវ​បាន​គេ​ចែកចាយ​នៅ​តាម​បណ្តាញ​សង្គមFacebook។ (រូបថត៖ ថតពីបណ្តាញសង្គមFacebook)

ថ្មីៗ​នេះ​ ​បន្ទាប់ពី​មាន​ការបង្ហោះ​តាម​បណ្តាញ​សង្គម​ពីការ​ដាក់​លក់​សត្វ​ព្រៃ​ជា​ច្រើន​ករណី​ ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ក្នុង​ស្រុក​បាធាយ​ ​ខេត្ត​កំពង់ចាម​ ​គេ​ឃើញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏​បាន​ចុះ​បង្រ្កាប និង​ឃាត់​ខ្លួន​អ្នក​លក់​ផង​ដែរ។​ ​នៅ​ថ្ងៃ​ដ​ដែលនោះ​ ​សមត្ថកិច្ច​ក៏​បាន​ឆែក​ឆេរ​ផ្ទះ​ល្វែង​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែន​សុខ​ ​ដកហូត​បាន​ស្បែក​ ​ឆ្អឹង​ ​និង​កន្ទុយ​ខ្លា ភ្លុកដំរី និង​សំណល់​សត្វ​ព្រៃ​ជា​ច្រើន​គីឡូ​ក្រាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG