ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ហុងកុង​ទប់ស្កាត់​​បាតុករ​ដែល​ជម្នះ​​​បម្រាម​ដើម្បី​ប្រារព្ធខួប​១​ឆ្នាំ​នៃ​​មហាបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​


ពលរដ្ឋកាន់បដាតវ៉ានៅខាងក្រៅផ្សារទំនើបមួយនៅក្រុងហុងកុង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
ពលរដ្ឋកាន់បដាតវ៉ានៅខាងក្រៅផ្សារទំនើបមួយនៅក្រុងហុងកុង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

កម្លាំង​ប៉ូលិស​នៅ​ក្រុង​ហុងកុងបានវាយ​សម្រុក​ទៅ​រក​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ដែល​បាន​ជម្នះ​នឹង​បម្រាម​ប៉ូលិស​មិន​ឲ្យ​ជួប​ប្រជុំ​គ្នា ដោយ​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ចលនា​មហាបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។

កាល​ពីមួយ​ឆ្នាំ​មុន នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៩ ពលរដ្ឋ​ហុងកុង​ប្រមាណ​មួយ​លាន​នាក់​បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​មួយ​ដើម្បី​ប្រឆាំង​នឹង​សំណើ​ច្បាប់ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ជន​ល្មើស​ពី​ដែនដី​ពាក់កណ្តាល​ស្វយ័តនេះ​ទៅ​ជំនុំជម្រះ​នៅ​ចិន​ដីគោក។ រដ្ឋាភិបាល​ហុងកុង​នៅ​ពេល​នោះជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​នោះ​ ដែល​រឹត​តែ​នាំ​ឲ្យ​មាន​មនុស្ស​ចេញ​មក​តវ៉ា​កាន់​តែ​ខ្លាំង​និង​នាំ​ឲ្យអតីត​ដែនដី​អាណានិគម​អង់គ្លេស​មួយ​នេះ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​បំផុត​របស់​ខ្លួន។

ការ​ប្រមូល​ផ្តុំ​កាល​ពី​យប់ថ្ងៃ​អង្គារ​បាន​ធ្វើ​ឡើង​នៅ​ឧទ្យាន​កណ្តាលសង្កាត់​ពាណិជ្ជកម្ម​របស់​ហុងកុង ដោយ​មាន​បាតុករ​ខ្លះ​កាន់​ផ្លាក​សញ្ញា​និង​ទាមទារ​«ឯករាជ្យភាព​ហុងកុង» និង​«រំដោះ​ហុងកុង»។ កម្លាំង​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​រាប់​សិប​នាក់​បាន​មក​ឆែកឆេរ​បាតុករ ចាប់​ខ្លួន​បាតុករ​មួយ​ចំនួន​និង​បញ្ជា​ឲ្យ​ពួក​គេ​ចាកចេញ​ដោយ​ថា​ការ​ជួបជុំ​នេះ​មិន​មាន​ការ​អនុញ្ញាត។ ​

ដោយ​សារ​រដ្ឋាភិបាល​ចិនគ្រោង​នឹង​អនុវត្តក្នុង​ប៉ន្មាន​ខែ​ខាង​មុខ នូវ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មីមួយ​ដ៏​ចម្រូងចម្រាស់​សម្រាប់​ដែនដី​ហុងកុង បាតុករ​ជា​ច្រើន​ថា​ពួក​គេ​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​របស់​ពួក​គេទេ ប៉ុន្តែ​ថា​ពួក​គេ​នឹង​ធ្វើ​ការ​ប្រុងប្រយ័ត្ន​ជាង​មុន។

ពេល​ត្រូវ​សួរ​ដោយ​អ្នក​កាសែត​អំពី​មហាបាតុកម្ម​មួយ​ឆ្នាំ​មក​នេះ មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam ថ្លែង​ថា ជន​គ្រប់​រូប​ត្រូវ​រៀន​ពី​មេរៀន​ពី​បញ្ហា​ប្រឈម​ទាំង​នេះ ហើយ​រាល់​គ្នា​ត្រូវ​យល់​ថា​ហុងកុង​មិន​អាចទ្រាំទ្រ​នឹង​ភាព​ហ្វឹកហ្វរ​បាន​ទេ ដោយ​អ្នក​ស្រី​ប្រឆាំង​នឹង​ការ​តវ៉ា​ចំពោះ​ច្បាប់​សន្តិសុខ​ថ្មី​នេះ​ខណៈ​ទី​ក្រុង​ហុងកុង​កំពុង​ប្រឈម​នឹង​ឱនភាព​សេដ្ឋកិច្ច​នោះ៕

XS
SM
MD
LG