ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​សាទរ​ការ​ទម្លាក់​បទ​ចោទ​លើ​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​កម្មករ


A boy approaches Pope Francis during the weekly general audience at the Vatican.
A boy approaches Pope Francis during the weekly general audience at the Vatican.

តំណាង​គ្រួសារ​នៃ​សព​លោក​ កែម ឡី​ និយាយ​ថា​ ការ​សម្រេច​លើក​លែង​បទ​ចោទ​ប្រកាន់​នេះ​ ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​លោក ​មឿន តុលា​ រីឯ​សកម្មជន​សិទ្ធិ​មនុស្ស​យល់​ថា​ តុលាការ​គួរ​លើកលែង​បទ​ចោទ​លើ​មនុស្ស​ពីរ​នាក់​ទៀត​ ដែល​មិន​បាន​រង​ការ​ប្តឹង​ពី​ក្រុម​គ្រួសារ​នៃ​សព​លោក កែម ឡី​ ក្នុង​ដំណើរ​រឿង​បាត់​បង់​បច្ច័យ​បុណ្យ​សព​លោក​ កែម ឡី ដដែល​នេះ។

ក្រុមមន្ត្រី​សិទ្ធិ​មនុស្ស​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​ទម្លាក់​ចោល​បទ​ចោទ​រំលោភ​សេចក្តី​ទុក​ចិត្ត​លើ​លោក​ ​មឿន តុលា​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់​ ដែល​បាន​ចូលរួម​ធ្វើ​ជា​សមាជិក​មួយ​រូប​នៃ​គណៈ​កម្មការ​រៀបចំ​បុណ្យ​សព​លោក​ កែម ឡី អ្នក​វិភាគ​នយោបាយ​ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាលពី​២​ឆ្នាំ​មុន។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រាប់​ VOA​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​សាទរ​ចំពោះ​ការ​ផ្តល់​យុត្តិធម៌​ពី​ខាង​តុលាការ​ដល់​លោក​ មឿន តុលា​ ហើយ​ថា​ តុលាការ​គួរ​ពិចារណា​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ដែល​តុលាការ​ចោទ​ពីរ​នាក់​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​ដដែល​នេះ។

​លោក​មាន​ប្រសាសន៍​ថា៖

«ក្រុមគ្រួសារ​លោក​បណ្ឌិត​កែម ឡី​ មិន​មាន​អា​ការ​ប្តឹងឬ​ក៏​ចោទ​ប្រកាន់​ណា​មួយ​ ទាក់​ទង​ទៅនឹង​បញ្ហា​ទាំងអស់​នោះ​ទេ។ អីចឹង​ តាម​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​យល់​ថា​ បើសិន​ជា​ តុលាការ​មាន​ការ​លើក​លែង​ ចោទ​ប្រកាន់​លោក​ មឿន​ តុលា​ ហើយ​ វា​គួរ​ណាស់​ លើក​លែង​ទៅ​លើ​ព្រះ​តេជ​គុណ​ប៊ុត ​ប៊ុន​តិញ​ ក៏ដូច​ជា​លោក ​ប៉ា​ ងួនទៀង​ ផង​ដែរ​បាទ»។

លោក​ មឿន តុលា ​វ័យ​៤៣​ ឆ្នាំ​បាន​រង​ការ​ប្តឹងពី​អ្នក​នយោបាយ​មួយ​រូប​ ដែល​បាន​ចោទ​លោក​និង​មនុស្ស​ពីរ​នាក់​ទៀត​ គឺ​ព្រះតេជ​គុណ​ប៊ុត ប៊ុនតិញ ​ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​និង​លោក​ ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM) ថា​ បាន​ធ្វើ​ឲ្យ​បាត់​បច្ច័យ​ប្រមាណ​៣០ម៉ឺន​ដុល្លារ ​ដែល​សប្បុរស​ជន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ប្រទេស​បាន​ផ្តល់​ឲ្យក្នុងពិធី​បុណ្យ​សព​លោក​ កែម ឡី​ ធ្វើ​ឡើង​កាល​ពីឆ្នាំ​២០១៦។

លោក​ មឿន តុលា​ ត្រូវបាន​លើកលែង​ការ​ចោទ​ប្រកាន់​ ដោយ​តុលាការ​បាន​អះអាង​ថា​ លោក​មិន​មាន​វត្តមាន​ក្នុង​ពិធី​បុណ្យ​សព​លោក ​កែម ឡី​ ដែល​បាន​រៀបចំ​នៅ​ខេត្ត​តាកែវ។ ការ​អះអាង​យ៉ាង​ដូច្នេះ បាន​ធ្វើ​ទៅ​តាម​ការ​ផ្តល់​ចម្លើយ​របស់​លោក​ មឿន តុលា និង​លោក​ កែម រិទ្ធិសិត​ ប្អូន​ប្រុស​របស់​លោក កែម ឡី​ដែល​ត្រូវ​បាន​បាញ់​ស្លាប់​កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦។

លោក ​អំ សំអាត​ មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ​ បាន​ថ្លែង​បន្ត​ថា​ មាន​ធាតុផ្សំ​ច្រើន​ដែល​ទំនង​ជា​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក​ មឿន តុលា។​ លោក​ថា​ កម្ពុជា​មានបញ្ហា​ចម្រូងចម្រាស​ច្រើន​សម្រាប់​ការ​នាំចេញ​ទំនិញទៅ​កាន់​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ បើ​ពិនិត្យ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស។

លោក​បន្ថែម​ថា ថ្មីៗ​នេះក្រុម​មន្ត្រី​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប ​ក៏បាន​មក​តាមដាន​មើល​ស្ថានការណ៍​គោរព​សិទ្ធិ​នៅ​កម្ពុជា​ ដើម្បី​ប្រមូល​ភស្តុតាង​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិម​នុស្ស​ ដែល​អនុលោម​តាម​ក្រប​ខណ្ឌ​ «អ្វីៗ​ទាំង​អស់​វៀរលែង​តែ​អាវុធ» ដែល​ជា​គម្រោង​អនុគ្រោះ​ពន្ធ​ដល់​ទំ​និញ​កម្ពុជា។

លោក​ ស៊ឹង សែនករុណា​ មន្ត្រី​នាំ​ពាក្យ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ យល់​ស្រដៀង​គ្នា​នឹង​ការ​ថ្លែង​របស់​លោក អំ សំអាត​ ហើយ​ថា​ តុលាការ​គួរ​ពិចារណា​ផង​ដែរ​ ដល់​ការ​លើក​លែង​ចោទ​ប្រកាន់​លើ​ព្រះតេជគុណ ប៊ុត ប៊ុនតិញ​ និង​លោក​ ប៉ា ងួនទៀង។​ លោក​ថ្លែង​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ។

«ចំណាត់ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ចំពោះ​លោក ​មឿន​ តុលា​ នេះ​ វា​ជា​រឿង​ដែល​មាន​ភាព​វិជ្ជមាន​មួយ​ សម្រាប់​បើក​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​ បាន​ធ្វើ​កិច្ច​ការងារ​របស់​ខ្លួន​ហ្នឹង​ទៅ​តាម​វិជ្ជា​ជីវៈ​ខ្លួន​ជា​បន្ត​ទៅ​ទៀត»។

ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​លោក​ លី សុផាណា​ មន្ត្រី​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ធ្វើ​ឡើង​កាលពី​ថ្ងៃពុធ​ បាន​ឲ្យដឹង​ថា​ តុលាការ​បាន​សម្រេច​បំបែក​សំណុំរឿង​ ដើម្បី​បន្ត​កិច្ច​ស៊ើប​សួរ​ជន​ដែល​រង​ការ​ចោទ​ប្រកាន់​ពីរ​នាក់​ផ្សេង​ទៀត។​ មន្ត្រី​តុលាការ​ក្រុង​រូបនេះ​ លើក​ឡើង​ថា គ្មាន​ឥទ្ធិពល​ណា​មួយ​ មក​បង្ខំ​ឲ្យ​តុលាការ​លើកលែង​បទ​ចោទ​លើ​លោក​ មឿន តុលា​ នោះ​ទេ​ ហើយ​ថា​ ការ​សម្រេច​នោះ​ ជា​សិទ្ធិ​ និង​ឯករាជ្យភាព​របស់​តុលាការ​ទៀត​ផង។

លោក​ ពេជ្រ ស្រស់ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ដែល​ជា​អ្នក​ប្តឹង​លោក មឿន តុលា​ និង​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ មិន​មាន​ការ​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​នោះ​ទេ ព្រោះ​ពាក្យ​បណ្តឹង​របស់​លោក​ធ្វើ​ឡើង​ ដើម្បី​ស្វែង​រក​ការណ៍​ពិត​តាម​ផ្លូវ​ច្បាប់​ ចំពោះ​ការ​បាត់​បង់​បច្ច័យ​បុណ្យ​នេះ​តែ​ប៉ុណ្ណោះ។​ លោក​ថា​ អ្វី​ដែល​លោក​បាន​ធ្វើ​នោះ គឺ​ជា​ការ​បង្ហាញ​សេចក្តី​គោរព​ចំពោះ​សព​លោក ​កែម ឡី​ ​ហើយ​បាន​ច្រាន​ចោល​ការ​រិះគន់​ថា​ ពាក្យ​បណ្តឹង​របស់​លោក​មាន​ភ្ជាប់​ហេតុផល​នយោបាយ។

«ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ​ថា​ រឿងនេះ​ វា​អត់​មាន​ចំណេញ​នយោបាយ​គណបក្ស​យុវជន​កម្ពុជា​ទេ​បាទ។​ អីចឹង​យើង​មិនមែន​លាយ​ឡំ​នឹង​នយោបាយ​ទេ​ ពីព្រោះ​យើង​ខ្ញុំ​ធ្វើហ្នឹង​ ក្នុង​នាម​ខ្ញុំ​គោរព​ស្រឡាញ់​ ​លោក​បណ្ឌិត​ កែម ឡី។ ​បើសិន​ជា​លោក​បណ្ឌិត​ កែម​ ឡី​ មិនមែន​ជាមនុស្ស​ដែល​គួរ​ឲ្យ​គោរព ហើយនិង​យក​គំរូតាម​ ខ្ញុំ​ទៅ​ឈឺ​ក្បាល​ប្រយោជន៍​ស្អីខ្ញុំ​ដែរ​បាទ»។

នៅ​មុន​ពេល​មាន​ការ​លើក​លែង​ចោទ​ប្រកាន់​លើ​លោក មឿន តុលា ​នេះ មាន​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ជាង​៣០ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​លោក មឿន តុលា​ និង​អតីត​គណៈ​កម្មាការ​រៀបចំ​បុណ្យ​សព​លោក​ កែម ឡី ពីរ​រូប​ទៀត​ ដោយ​ក្រុម​អង្គការ​ទាំង​នោះ​លើក​ឡើង​ថា​ ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​បាន​បង្ហាញ​ពី​ការ​គំរាម​កំហែង​ដើម្បី​បំបិទ​សំឡេង​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ចំណែក​ក្រុម​ហ៊ុន​ សមាគម​ឧស្សាហ​កម្ម​កាត់​ដេរ​សំលៀកបំពាក់​ស្បែក​ជើង​ និង​សមាគម​ផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក ​និង​អង់គ្លេស​ព្រម​ទាំង​សហភាព​អឺរ៉ុប​បាន​ទទូច​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ចាត់​វិធានការ​កែ​ទម្រង់​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ពលកម្ម។

លោក ​កែម រិទ្ធិសិត ​ប្អូនប្រុស​លោក​ កែម ឡី​ ​ដែល​ឥឡូវ​ជា​មេបក្ស​នយោបាយ​មួយ​រូប​បាន​ថ្លែង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​បាន​លើកលែង​ចោទប្រកាន់​លើ​លោក ​មឿន តុលា​ នេះ​គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ទៅ​តាម​នីតិ​វិធីច្បាប់​របស់​តុលាការ​ខ្មែរ។​ លោក​ថា​ម្តាយ​លោក​ និង​រូបលោក​ផ្ទាល់​ ​ក៏​បាន​ផ្តល់​ចម្លើយ​ដល់​តុលាការ​ថា ​មិន​មាន​ការ​បាត់​បច្ច័យ​បុណ្យ​ក្នុង​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​ដែល​បង្ក​ឡើង​ដោយ​គណៈ​កម្មាការ​រៀបចំ​បុណ្យ​សព​នោះ​ទេ។

«ខ្ញុំ​បំភ្លឺ​គ្រប់​សព្វ​ហើយ​ថា​ ក្រុម​គ្រួសារ​មិន​បាន​បាត់​លុយ​ទេ​ ដោយសារ​យើង​វា​ មិន​ឃើញ​លុយ​ដែល​ថា​ បាត់​ហ្នឹង​ណ៎ា ចំនួន​ច្រើន​អីចឹង​ វា​អត់​មាន​ទេ​ ហើយ​ទីពីរ​យើង​ក៏​មិន​បាន​ ប្តឹង​ផ្តល់​ដែរ។ ខ្ញុំ​បាន​បំភ្លឺ​ច្រើន​នៅ​តុលាការ​ អីចឹង​ឃើញ​ថា​ តុលាការ​គាត់​មាន​យុត្តិធម៌​ហើយ​បាន​ ច្រាន​ចោល​អីចឹង»។

រឿង​ក្តី​របស់​លោក​ មឿន តុលា​ ក៏​ទទួល​បាន​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ ​ដែល​កាលពី​ខែ​មេសា​ ឆ្នាំ២០១៨ ​បាន​បញ្ជាក់​ពី​ចេតនា​ចង់​បញ្ចប់​រឿង​លោក​មឿន តុលា​ តាម​នីតិ​វិធី​របស់​តុលាការ។​ ក្រសួង​ការ​ងារ​អះអាង​ថា ​ការ​ធ្វើ​ដូច​នេះ​ ​នឹង​ធានា​បាន​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG