ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​ដក​តំណែង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស


លោក សៅ សុខា (រូប​កណ្តាល) ចាប់​ដៃ​ស្វាគមន៍​រដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ ឧត្តមសេនីយ៍ Yuthasak Sasiprapa នៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​ដក​តំណែង​លោក​ សៅ​ សុខា ​ពី​តួនាតី​ជា​មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បន្ទាប់​ពី​លោក​បាន​និយាយ​ជា​សាធារណៈ​ថា​ លោក​បានរៀនអំពី​ អាដុលហ្វ៍ ហ៊ីត្លែរ (Adolf Hitler)។​

លោក​ សៅ​ សុខា ​បញ្ជា​កង​រាជ​អាវុធហត្ថ​ ដែល​មាន​កម្លាំង​១០.០០០​នាក់ បាន​និយាយ​នៅ​ក្នុង​សុន្ទរក​ថា​ ជា​សាធារណៈ​ថ្មីៗ​នេះ​ថា​ លោក​រៀន​សូត្រ​អំពី​ហ៊ីត្លែរ។​ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​កងកម្លាំង​របស់​លោក​នៅ​ក្រោយ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​មួយ​ចំនួន​ ដែល​ភាគ​ច្រើន​ទៅ​លើ​បាតុករ​ និង​ក្រុម​អ្នក​ប្រឆាំង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ ​«ហ៊ីត្លែរ​បន្ទាប់​ពី​អឺរ៉ុប​ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​មួយ​ សហគមន៍​អន្តរជាតិ​ ​នៅ​ពេល​នោះ​មិន​ទាន់​មាន​ការ​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ទេ បាន​ដាក់​កំណត់​ឲ្យមាន​ចំនួន​កង​ទ័ព​សរុប​តែ​១០០.០០០នាក់។ ​ដូច្នេះ​តើ​ហ៊ីត្លែរ​និង​ណាស៊ី​ពេល​នោះ​អាច​ដឹកនាំ​កងទ័ព​ដើម្បី​ធ្វើ​សង្រ្គាម​លោក​លើក​ទី​២​យ៉ាង​ម៉េច?»​

ប្រតិកម្ម​ទៅ​នឹង​សុន្ទរកថា​របស់​លោក​នេះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា​ លោក​គួរ​តែ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ។​

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​លើក​ឡើងនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ ​«ម្ចាស់​ជំនួយ​របស់​ប្រទេស​កម្ពុជា​គួរ​តែ​អំពាវនាវ​ដកតំណែងលោក​នាយ​ឧត្តមសេនីយ៍ ​សៅ​ សុខា​ ពី​តួនាទី​ជា​មេបញ្ជាការ​នៃ​កងរាជ​អាវុធហត្ថ ដែល​ជា​កង​កម្លាំង​សន្តិសុខ​របស់​ជាតិ​ មាន​កម្លាំង​១០.០០០​នាក់​ និង​ជា​សមាជិក​ដ៏​ស្មោះត្រង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច»។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ ​លោក ​សៅ​ សុខា​បាន​បដិសេធ​ថា​ លោក​មិន​បាន​និយាយ​ថា ​លោករៀន​តាម​ហ៊ីត្លែរ​ទេ ដោយ​លោក​បកស្រាយថា​ អ្វី​ដែល​លោក​បាន​រៀនអំពី​ហ៊ីត្លែរ​គឺ​ដើម្បី​បង្រៀន​ដល់​កង​កម្លាំង​របស់​លោក​ឲ្យ​ដឹង «អ្វី​ដែល​អាក្រក់ ​និង​អ្វី​ដែល​ល្អ»។​

ទោះ​បី​ជា​យ៉ាងនេះ​ក៏​ដោយ លោក​ Brad​ Adams​ នាយក​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ ប្រចាំ​អាស៊ី​ បាន​និយាយ​ថា ​លោក​សៅ​ សុខា​គឺ​ជា​ប្រភេទ​នៃ​មេ​បញ្ជាការ​ដែលលោក​នាយករដ្ឋមន្រ្តី ​ហ៊ុន ​សែន​ បាន​ជ្រើស​មក​ធ្វើ​ការ​ដើម្បី​ប្រឆាំង​នឹង​គូ​ប្រជែង​នយោបាយ​របស់​លោក​នាយករដ្ឋមន្រ្តី។​

លោក ​Brad​ Adams​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖​ «ការ​បើក​ប្រទូសរ៉ាយ​របស់​លោក​ឧត្តមសេនីយ៍ សៅ​ សុខា ​ចំពោះ​គណបក្ស​ប្រឆាំង​គឺ​ជា​ការ​រំខាន​មួយ ​ហើយ​អ្វី​ដែល​នាំ​ឲ្យកាន់​តែ​រំខាន​ទៀត​នោះ​គឺ​គាត់​បាន​រៀន​មេរៀន​ពី​អាដុល​ហ៊ីត្លែរ»។​

លោក​ Brad​ Adams​ បាន​មាន​ប្រសាសន៍​ថា៖​ «មនុស្ស​ដូច​លោក​ សៅ ​សុខា​ ដែល​មាន​កំណត់​ត្រា​ដ៏​វែង​នៃ​ការ​រំលោភ​សិទិ្ធ​មនុស្ស​ ដែល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​បាន​ពឹង​ផ្អែក​លើ​ ដើម្បី​រក្សា​នូវ​ការ​គ្រប់គ្រង​បែប​រំលោភ​បំពាន​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៣០​ឆ្នាំ»។​

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ សៅ​ សុខា​ បាន​ថ្លែង​ប្រាប់​ VOA ​ថា ​លោក​នៅ​តែ​ប្រកាន់​ខ្ជាប់​តាម​ការ​បកស្រាយ​របស់​លោក​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ ​នៅ​ពេល​សួរ​ថា ​តើ​លោក​នឹង​លាលែង​ពី​តំណែង​ឬ​ទេ? ​លោក​បាន​និ​យាយ​ថា៖ ​«លោក​ Brads​ Adams​ អាច​និយាយ​អ្វី​ដែល​គាត់​ចង់​និយាយ» ។​

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​យោបល់​របស់​លោក​ សៅ​ សុខា ​ត្រូវ​គេ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​បរិបទ​អំពី​ឥរិយាបទ​របស់​មន្ត្រី​កង​រាជ​អាវុធហត្ថ។​

កង​រាជ​អាវុធហត្ថ​ជា​ក្រុម​មួយ​នៃ​ក្រុម​ដែល​ធ្វើការ​បង្ក្រាប​ដ៏​ឃោរឃៅ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឡើង​ប្រាក់​ខែគោល​ និង​ក្រុម​ប្រឆាំង​នៅ​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤​ ដែល​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រាំ​នាក់​ត្រូវ​បាន​ស្លាប់​បាត់​បង់​ជីវិត។ ​មនុស្ស​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​គេ​វាយ​ដំ​យ៉ាង​ដំណំនោះ​ កំពុង​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព។​

លោក​ អ៊ូ​ វីរៈ​ ជា​ប្រធាន​ និង​ជា​ស្ថាបនិករបស់​វេទិកា​អនាគត​ ថ្លែង​ថា​ លោក​ សៅ​ សុខា​គួរ​តែ​ស្វែង​រក​គំរូល្អ​ប្រសើរ​ជាង​នេះ។​

លោក​អ៊ូ​ វីរៈ​បាន​និយាយ​ថា៖ ​«នៅ​ពេល​ដែល​គាត់​រៀនអំពី​មនុស្សប្រព្រឹត្ត​អំពើ​ឃោរឃៅគាត់​ក៏​ប្រព្រឹត្ដ​អាក្រក់​ និង​ព្រៃ​ដូច​គ្នា​ចំពោះ​ប្រជាជន​កម្ពុជា»។​

លោក ​អំ​ សំអាត​ ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេតនៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​ លីកាដូ​ ​បាន​និយាយ​ថា ​មេ​បញ្ជា​កងកម្លាំងប្រដាប់​អាវុធ​មិន​គួរ​រៀន​សូត្រ​ពី​មនុស្ស​មិន​ល្អ​ដូច​ហ៊ីត្លែរ​ទេ។​

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ ​ លោក​ ហ៊ុន សែន ​បាន​និយាយ​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​លោក​សៅ​ សុខា​ត្រូវ​បាន​គេ​បំផ្លើស។​ លោក​ ហ៊ុន​ សែន ​បាន​ថ្លែង​ប្រាប់​ក្រុម​និស្សិត​នៅ​ខេត្ត​ស្វាយរៀង​ថា ​លោក​ សៅ​ សុខា​ មិន​បាន​ធ្វើ​តាម​គំរូរបស់​ហ៊ីត្លែរ​ទេ។​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ហេតុការណ៍​នេះ​មិន​បាន​បង្ហាញ​ការ​ស្អប់​ខ្ពើម​ទៅ​រក​គណបក្ស​ប្រឆាំង​ទេ។

កាលពី​សប្តាហ៍​មុន ​លោក ​ប៉ា ​សុជាតិវង្ស ​បាន​ថ្លែង​ថា​ ពាក្យ​ដែល​លោក​សៅ​ សុខា​បាន​និយាយ​ត្រូវ​បាន​គេ​បកស្រាយ​ខុស។ ​លោក​បាន​និយាយ​ថា អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ​បាន​រៀន​អំពី​ខ្មែរក្រហម ​«ប៉ុន្តែ​យើង​មិន​ធ្វើ​តាម​ខ្មែរ​ក្រហម»។​

លោក​ក៏​បាន​ប្រាប់​មិន​ឲ្យ​អ្នក​យក​ព័ត៌មានប្រើ​ពាក្យ​«ការ​បង្រ្កាប»​ទេក្នុង​ការ​ពិពណ៌នា​អំពី​សកម្មភាព​របស់​ប៉ូលិស​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​កាល​ពី​ឆ្នាំ​មុន​នោះ។ ​លោក​ថ្លែង​ថា៖ ​«វា​ជា​ពាក្យ​ធ្ងន់»។ ​លោក​បាន​និយាយ​ថា៖ ​«ការ​ធានា​នូវ​សុវត្ថិភាព ​សណ្តាប់​ធ្នាប់​សង្គម»​ជា​ពាក្យ​ត្រឹមត្រូវ។ ​បើ​មិន​ដូច្នេះ​ទេ «តើ​គេ​បង្កើត​ឲ្យមាន​ប៉ូលិស​និង​ប៉ូលិស​យោធា​ធ្វើ​អ្វី?»​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ​កង​រាជ​អាវុធហត្ថក្រោម​ការ​គ្រប់គ្រង​របស់​លោក​ សៅ ​សុខា​ មាន​ការ​រំលោភ​បំពាន​ជា​លក្ខណៈ​ប្រព័ន្ធ។​ ក្រុម​សិទ្ធិ​មនុស្ស​នេះ​អះអាង​ថា​ មិន​មែន​មាន​តែ​ការ​សម្លាប់​កម្មករ​ ដែល​ធ្វើ​ការ​តវ៉ា​នោះ​ទេ ​តែ​ក៏​មាន​ការ​សម្លាប់​សកម្មជន​បរិស្ថាន​លោក ​ឈុត ​វុទ្ធី​ និង​ការ​បាញ់​ប្រហារ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​នៅ​ខេត្ត​ក្រចេះ​ឲ្យស្លាប់​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​ប្រឆាំង​នឹង​អ្នក​តវ៉ា​ដីធ្លី​នៅ​ទី​នោះ។​

លោក​ Brad ​Adams​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍ថា៖​ «កំណត់​ត្រា ​និង​គោលនយោបាយ​លោក​លោក ​សៅ ​សុខា ​បាន​បង្ហាញ​ច្បាស់​ថា ​គាត់​គឺ​ជា​មនុស្ស​ដែល​មិន​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ដឹក​នាំ​កងរាជ​អាវុធ​ហត្ថ​តាម​នយោបាយ​អព្យាក្រឹត្យ​ទេ​ ប៉ុន្តែ​ដឹកនាំ​កង​កម្លាំង​បង្ក្រាប​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោក​បាន​បន្ត​ថា អ្នក​ផ្តល់​ជំនួយ​ចង់​ឃើញ​ការ​ធ្វើ​កំណែ​ទម្រង់​ពិត​ប្រាកដ​របស់​កង​កម្លាំង​សន្តិសុខ​របស់​ប្រទេស​កម្ពុជា​ ដែល​គួរ​តែ​ធ្វើ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​មិន​ប្រកាន់​បក្ខពួក​ ​ដែល​ជា​កត្តា​ចាំបាច់​សម្រាប់​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​និង​កង​រាជអាវុធហត្ថ​ទាំង​អស់៕

XS
SM
MD
LG