ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ចង់​ឃើញ​ស្ថាប័ន​កាក​បាទ​ក្រហម​សកម្ម​ជាង​មុន ក្នុង​ការ​ជួយ​អ្នក​រង​គ្រោះ​ក្នុង​ពេល​រាំង​ខ្ទប់​​ភ្នំពេញ


រូបឯកសារ៖ អ្នកស្រី ប៊ុន រ៉ានី (កណ្ដាល) ប្រធាន​កាកបាទ​ក្រហម​កម្ពុជា និង​ជា​ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជន ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ទិវា​ជំនួយ​ពិភពលោក ក្នុង​ខេត្ត​កណ្ដាល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១។
រូបឯកសារ៖ អ្នកស្រី ប៊ុន រ៉ានី (កណ្ដាល) ប្រធាន​កាកបាទ​ក្រហម​កម្ពុជា និង​ជា​ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជន ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ទិវា​ជំនួយ​ពិភពលោក ក្នុង​ខេត្ត​កណ្ដាល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១។

មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​មនុស្ស​ធម៌​កាក​បាទ​ក្រហម​កម្ពុជា បង្កើន​សកម្មជន​ជួយ​សង្រ្គោះ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ពីការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ពលរដ្ឋ​ដែល​កំពុង​ជាប់​ក្នុង​តំបន់​ក្រហម ដែល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ជំងឺ​កូវីដ​១៩។

អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញរយៈ​ពេល​៣​សប្តាហ៍ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​កង្វះ​អាហារ ដោយ​សារ​ពួកគេ​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចេញ​ទៅ​ក្រៅ​ទិញ​ម្ហូប​អាហារ ហើយ​អ្នក​ខ្លះ​ទៀត​បាន​បាត់​បង់​ការងារ​និង​មិន​អាច​ប្រកប​របរ​លក់​ដូរ ដូច្នេះ​ពួក​គេ​មិន​មាន​ថវិកា ដើម្បី​ទិញ​ម្ហូប​អាហារ​នោះ​ទេ។

លោក យង់​ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ កត់​សម្គាល់​ថា​កាក​បាទ​ក្រហម​ហាក់ដូច​ជា​មិន​សូវ​សកម្ម​ក្នុង​ការ​ចុះ​ជួយ​ពលរដ្ឋ​ក្នុង​ពេល​មាន​វិធាន​ការ​បិទ​ខ្ទប់​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លង​មេរោគ​កូវីដ​១៩​ក្នុង​រាជធានី​និង​ទីតាំង​ផ្សេង​ទៀត។

លោក​បន្ត​ថា​កិច្ច​ការ​ជួយ​សង្គ្រោះ​របស់​កាក​បាទ​ក្រហមក្នុង​ពេល​មាន​វិធានការ​បិទ​ខ្ទប់​នេះ​ ទំនង​ជា​ត្រូវ​បាន​ជំនួស​ដោយ​អាជ្ញាធរ​រដ្ឋ​ផ្សេង​ទៀត។ យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​ស្ថាប័ន​មនុស្ស​ធម៌​ដ៏​ធំ​នេះ​គួរ​មាន​ភាព​សកម្ម​ជាង​មុន​ បើ​មើល​ទៅ​លើ​បទ​ពិសោធន៍​កន្លង​មក​នោះ។ ​

«ដោយ​សារ​កាកបាទ​ក្រហម ធម្មតា​គេ​មាន​ពិសោធន៍​បាទ។ គេ​មាន​ពិសោធន៍​ ហើយ​គេ​ដឹង​ថា តើ​ត្រូវ​ជួយ​បែប​ម៉េច​ដែរ។ អីចឹង​បើសិន​កាកបាទ​ក្រហម​អាច​បំពេញ​ភារកិច្ច​ហ្នឹង​នៅ​ក្នុង​ពេល​ដែលគេ​បិទ​ខ្ទប់​បាន។ អាហ្នឹង​ក៏​ជា​រឹត​តែ​ល្អ​ទៀត​ហើយ​ជួយ​បំពេញ​បន្ថែម​អា​ចន្លោះ​ខ្វះ​ខាត​ ព្រោះ​ដោយ​សារ​កាកបាទ​ក្រហម​ជា​ធម្មតា​គេ​មាន​ជំនាញ​ខាង​ជំនួយ​មនុស្ស​ធម៌»។

លោក​បន្ថែម​ថា​ភាព​ងាយ​រងគ្រោះ​ដោយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​ ក៏​អាច​ជា​ផ្នែក​មួយ​បន្ថយ​ល្បឿន​នៃ​ការ​សង្គ្រោះ​របស់​កាកបាទ​ក្រហម​ ក៏​ដូច​ជា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដទៃ​ទៀត​ ដែល​ខកខាន​មិន​បាន​ចុះ​ជួយ​ប្រជា​ពលរដ្ឋ​ទាន់​ពេល​ផង​ដែរ។

លោក ​វន់ ពៅ​ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​(ហៅ​កាត់​ថា​IDEA)​បង្ហាញ​ភាព​ងើង​ឆ្ងល់​អំពី​ភាព​យឺត​យ៉ាវ​របស់​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​ដែល​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ម្ហូប​អាហារ​ ក្នុង​ពេល​មាន​វិធាន​ការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជធានី​ និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្តាល។ ​

«កាក​បាទ​ក្រហម​ ជាពិសេស​កាកបាទ​ក្រហម​កម្ពុជា​ឃើញ​មាន​ឧកញ៉ា​ជួយ​លុយ​ច្រើន​ណាស់​ រាប់​លាន​ដុល្លារ​ឯណោះ​ អីចឹង​ប៉ុន្តែ​ដល់​ពេល​យើង​ពលរដ្ឋ​កំពុង​ជួប​បញ្ហា​រឿង​កូវីដ១៩​ ហាក់​ដូច​ជា​អត់​ឃើញ​តួនាទី​កាកបាទ​ក្រហម»។ ​

រូបឯកសារ៖ ប្រជាជន​ស្ដាប់​សុន្ទរកថា​របស់​អាជ្ញាធរ បន្ទាប់​ពី​ពួកគេ​ទទួល​បាន​អំណោយ​ជា​អង្ករ និង​ស្បៀង​អាហារ​មួយ​ចំនួន​ទៀត​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​ក្រហម​ដែល​រង​ការ​បិទ​ខ្ទប់​ដោយសារ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រជាជន​ស្ដាប់​សុន្ទរកថា​របស់​អាជ្ញាធរ បន្ទាប់​ពី​ពួកគេ​ទទួល​បាន​អំណោយ​ជា​អង្ករ និង​ស្បៀង​អាហារ​មួយ​ចំនួន​ទៀត​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​ក្រហម​ដែល​រង​ការ​បិទ​ខ្ទប់​ដោយសារ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

ដូចគ្នា​នឹង​ការ​ចង់​បាន​របស់​លោក យង់ គិមអេង​ ប្រធាន​សមាគម​រូបនេះ​លើក​ឡើង​ថា​កាក​បាទ​ក្រហម​ត្រូវ​សកម្ម​ជាង​មុន​ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ដែល​ប្រឈម​ការ​ខ្វះ​ខាត។

លោក​បន្ថែមថា​ស្ថាប័ន​ជំនួយ​មនុស្ស​ធម៌​ផ្សេង​ទៀត​ដូចជា​អង្គការ​កាក​បាទ​ក្រហម​អន្តរជាតិ​ និង​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​ ក៏​គួរ​មាន​សកម្មភាព​រស់​រវើក​ចុះ​ជួយ​ពលរដ្ឋ​ដែល​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ ទាំង​ថវិកា​ចាយ​វាយ​ផង​ និង​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ផង។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​កាក​បាទ​ក្រហម​កម្ពុជា​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ការ​ចូលរួម​ចំណែក​របស់​សប្បុរស​ជន​មក​ដល់​ស្ថាប័ន​ជួយ​សង្គ្រោះ​ពលរដ្ឋក្រីក្រ​មួយ​នេះ​ បាន​បន្ត​មាន​ជា​ហូរហែ​ ក្នុង​រយៈពេល​៤ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ។ យ៉ាងណាក៏​ដោយ​ ប្រាក់​ជំនួយ​ឧបត្ថម្ភ​មិន​ទាន់​បាន​ច្រើន​ ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ឆ្នាំ​២០១៩​នោះ​ទេ គឺ​នៅ​គ្រា​ដែល​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​ មិន​សូវ​មាន​ល្បឿន​ខ្លាំង​ដូចក្នុង​ពេល​ដើម​ឆ្នាំ​២០២១​នេះ។

អគ្គ​លេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ លោក​ស្រី ពុំ ចន្ទីនី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​កាក​បាទ​ក្រហម​កម្ពុជា​បាន​បន្ត​ទទួល​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ឆ្នាំ​២០២១​នេះ​ ជា​បន្ត​បន្ទាប់​ ហើយ​ថា​ ជំនួយ​ឧបត្ថម្ភ​សម្រាប់​ឆ្នាំ​នេះ​ អាច​ប្រសើរ​ជាង​ឆ្នាំ​២០២០ ដែល​ថវិកា​ទទួល​ពី​សប្បុរស​ជន​បាន​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៩។

«អីចេះ​ ពិបាក​នេះ​ត្រង់​ថា​ បើ​ពី​ឆ្នាំ​ទៅ​ ពី​ឆ្នាំ​ទៅ​ចំណូល​វា​បាន​តែ​ពាក់​កណ្តាល​ ពី​ឆ្នាំ​ទៅ​មួយ។ កាល​យើង​បាន​ធម្មតា​ ធម្មតា។ អីចឹង​ មក​ឆ្នាំ​នេះ​ យើង​ឃើញ​ថា​ដូច​ជា​គ្រាន់​បើជាង​ឆ្នាំ​ទៅ​ ឆ្នាំ​ទៅ​យ៉ាប់​ជាង​ឆ្នាំ​នេះ​ អត់​អី​ទេ រៀង​គ្រាន់​បន្តិច»។

លោកស្រី​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​បន្ថែមដោយ​ថា​ ជាប់​រវល់​ទទួល​ការ​បរិច្ចាគ​ជំនួយ​ពី​សប្បុរជន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

ចំណែក​អគ្គលេខាធិការ​រង​ទី​មួយ​និង​ជា​អ្នកនាំពាក្យ​កាកបាទ​ក្រហម​កម្ពុជា​ លោក​ស្រី​ ម៉ែន នារីសោ​ភ័គ​ បាន​ថ្លែង​ថា​ការ​បរិច្ចាគ​ជំនួយ​សប្បុរស​ធម៌​ជា​ថវិកា​ដល់​កាកបាទ​ក្រហម​មាន​ជា​ធម្មតា​ ដូច​សព្វ​ដង។ លោក​ស្រី​ក៏​សុំ​មិន​អធិប្បាយ​ច្រើន​ដែរ ដោយ​សារ​ថា​លោក​ស្រី​កំពុង​នៅ​មន្ទីរពេទ្យ។

«យើង​ដូច​ជា​មិន​អី​ទេ​ ក្មួយ​ ព្រោះ​កាកបាទ​យើង​ យើង​ហៅ​ថា​ការ​ជឿ​ទុក​ចិត្ត​ពី​សប្បុរស​ជន។ សកម្មភាព​យើង មាន​មក​ជា​បន្តបន្ទាប់​រហូត​ ហើយ​ដល់​ចឹង​ទៅ យើង​អត់​មាន​បញ្ហា​អីទេ​នៅក្នុង​ការ​រក​ថវិកា​ហ្នឹង​ គឺ​យើង​បាន​ដូចនេះ ដូច​ឆ្នាំ​ៗ​រាល់​ដង​ចឹង​ដែរ»។

ក្នុង​ការ​រំឭក​ខួប​លើក​១៥៨​នៃ​ទិវា​ពិភពលោក​កាក​បាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ ២០២១​ ព្រះ​មហា​ក្សត្រ​ និង​ព្រះមហា​ក្សត្រី​ខ្មែរ​ បាន​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​ក៏​មាន​សប្បុរស​ជន​ជា​ឧកញ៉ា អ្នក​ជំនួញ​ធំៗ មន្រ្តី​រដ្ឋាភិបាល​ ក៏ដូច​ជា​វិស័យ​ឯកជន ​ក៏​បាន​រួម​ចំណែក​ទ្រទ្រង់​បេសកកម្ម​មនុស្ស​ធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា។ នេះ​បើ​តាម​លិខិត​របស់​លោកស្រី ប៊ុន រ៉ានី ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា

ក្នុង​លិខិតចុះ​ថ្ងៃ​ទី​៨ ខែ​ឧសភា លោកស្រី ប៊ុន រ៉ានី បញ្ជាក់​ថា​ក្នុង​ឆ្នាំ​២០២០ ​កាក​បាទ​ក្រហម​កម្ពុជា​រក្សា​បាន​ការ​ផ្តល់​ថវិកា​១​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ជួយ​ឧបត្ថម្ភ ដល់មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ​និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក។

ស្ថាប័ន​មនុស្ស​ជាតិ​មួយ​នេះ​ ក៏​បាន​កសាង​លំនៅដ្ឋាន​ ផ្តល់​ជម្រក​ដល់​ក្រុម​គ្រួសារ​ឥត​ទី​ពឹង​ចំនួន​៦៩​ខ្នង​ផ្ទះ​ និង​បាន​ចាប់​ផ្តើម​ឧបត្ថម្ភ​ដល់​ការ​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ តាមរយៈ​សមាគម អតីត​យុទ្ធ​ជន​ ដែល​ក្នុង​ជំហាន​ដំបូង​ គឺ​ថវិកា​ចំនួន​៥០​ម៉ឺន​ដុល្លារ​ សម្រាប់​ផ្ទះ​១៦៦​ខ្នង។

ក្រៅ​ពី​នេះ​កាកបាទ​ក្រហម​កម្ពុជា​ បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​មួយ​ចំនួន​ទៀត​ដូចជា​ជីក​អណ្តូង​ សង់​បង្គន់​អនាម័យ​ដល់​ពលរដ្ឋ​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល និង​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ជាដើម​ទុន​លើក​កម្ពស់​ជីវភាព​អ្នក​ងាយ​រងគ្រោះ​បំផុត​ជាដើម។

លិខិត​ដដែល​បាន​លើកឡើង​ថា​ សម្រាប់​ឆ្នាំ​២០​២១​នេះ​ ក្នុង​បរិការណ៍​នៃ​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ និង​ផលប៉ះពាល់​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ កាកបាទ​ក្រហម​កម្ពុជា​ត្រូវ​រៀប​ចំ​ជា​មុន​នូវ​ជំនួយ​ជា​សម្ភារៈ ស្បៀង​ និង​ថវិកា​ សម្រាប់​និរន្តភាព​ដល់​ក្រុម​អ្នក​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូវីដ​១៩​ អប់រំ កសាង​សមត្ថភាព​ដល់​ក្រុម​ទាំង​នោះ​ ដើម្បី​រៀន​បន្សាំ​ទៅ​នឹង​គ្រប់​ស្ថាន​ភាព​នៃ​គ្រោះ​មហន្តរាយ​ឲ្យ​បាន​ប្រសើរ​ជាង​មុន។​

លោកស្រី​ ប៊ុន រ៉ានី​ ភរិយា​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​បញ្ជាក់ក្នុង​លិខិត​នោះ​ថា​៖ «អាស្រ័យ​ហេតុ​នេះ​ ខ្ញុំ​សូម​អំពាវនាវ​ប្រកប​ដោយ​ក្តី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ក្នុង​គ្រា​ដ៏​លំបាក​ដែល​យើង​ទាំង​អស់​គ្នា​បាន​និង​កំពុង​ប្រឈម​ជាមួយ​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ ពិត​ណាស់​ សម្តេច​ ឯក​ឧត្តម​លោក​ជំទាវ អ្នក​ឧកញ៉ា​ ឧកញ៉ា លោក លោក​ស្រី​ អ្នក​នាង​កញ្ញា​ សប្បុរស​ជន​ មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​រដ្ឋ​និង​វិស័យ​ឯកជននឹង​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដោយ​សទ្ធា​ជ្រះថ្លា​ និង​ក្នុង​ស្មារតី​នៃ​វប្បធម៌​ចែក​រំលែក​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ ដើម្បី​សមាគម​ជាតិ​បន្ត​ផ្តល់​សេវា​កម្ម​មនុស្ស​ធម៌​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​និង​កសាង​ភាព​ធន់​របស់​សង្គម​ជាតិ​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ភាព​ជីវិត​រស់​នៅ​តាម​គន្លង​ថ្មី»៕​

XS
SM
MD
LG